ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋចង់ឃើញរដ្ឋាភិបាលថ្មីប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយប្រសិទ្ធភាព និងតម្លាភាព
10, Sep 2023 , 2:39 pm        
រូបភាព
អង្គភាព​ប្រឆាំងអំពើពុករលួយ។
អង្គភាព​ប្រឆាំងអំពើពុករលួយ។
ភ្នំពេញ៖ រដ្ឋាភិបាលថ្មីនៅអាណត្តិទី៧ នៃរដ្ឋសភា បានចាប់ផ្ដើមចេញដំណើរដឹកនាំប្រទេស ក្រោយស្បថចូលកាន់តំណែង កាលពីថ្ងៃទី២២ សីហា។ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលថ្មីចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ទៅតាមពាក្យសច្ចាប្រណិធានដែលបានធ្វើសំបថនៅព្រះបរមរាជវាំង។


 
រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២២ ខែសីហា បានអញ្ជើញធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។ ពិធីសច្ចាប្រណិធាននេះ ប្រព្រឹត្តនៅប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
 
មុននឹងទទួលទានទឹកពិភទ្ទសច្ចា (ទឹកសបថ) សមាជិករាជរដ្ឋាភិបាលថ្មី ដែលសុទ្ធសឹងតែជាបញ្ញវន្តវ័យក្មេងទាំងនោះ បានសូត្រពាក្យពេចន៍សច្ចាប្រណិធាន តាមសម្តេចព្រះសង្ឃរាជ។ «ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬ សម្រាប់ភាគីរៀងៗខ្លួនឡើយ»។ នេះជាការពាក្យពេចន៍សច្ចាប្រណិធានរបស់រាជរដ្ឋាភិបាលថ្មី។ 

រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២២ ខែសីហា បានអញ្ជើញធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។ រូបភាពពីHMN
 
ក្រៅពីសច្ចាមិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ក៏បានប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងផងដែរ។ រាជរដ្ឋាភិបាលថ្មី សូត្រពាក្យពេចន៍សច្ចាប្រណិធាន បន្តថា៖ «ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប»។
 
តាមរយៈពាក្យសច្ចាប្រណិធានទាំងនេះ ពលរដ្ឋចង់ឃើញថា រដ្ឋាភិបាលថ្មី និងមន្រ្តីពាក់ព័ន្ធ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីប្រឆាំងអំពើពុករលួយ ដូចដែលលើកឡើងក្នុងពាក្យសច្ចាប្រណិធាន។ 
 
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២៩ សីហា ក៏បានចេញលិខិតឆ្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការ អំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ACU បានទុកពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយចូល និងបញ្ចប់តំណែងដល់សមាជិករដ្ឋសភា, សមាជិករដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា និងជំនួយការចាស់-ថ្មី ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា១៨ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
 
ពាក់ព័ន្ធនឹងចំណុចនេះ យុវជន ឈន បញ្ញា បច្ចុប្បន្នជាពលកររស់នៅសាធារណរដ្ឋកូរ៉េ លើកឡើងថា៖ «ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្រ្តីរាជរដ្ឋាភិបាល គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ព្រោះការធ្វើដូច្នេះអាចធ្វើឱ្យខ្ញុំជាប្រជាពលរដ្ឋមានទំនុកចិត្ត និងជឿជាក់ថា មន្ត្រីជាមនុស្សស្អាតស្អំ និងមានតម្លាភាពក្នុងការងារ»។ 

លោក ឈន បញ្ញា ពលករ​នៅសាធារណរដ្ឋ​កូរ៉េ។ រូបភាពពី​ហ្វេសប៊ុក​លោក ឈន បញ្ញា
 
ដ្បិតពលករនៅស្រុកគេ តែយុវជន បញ្ញា តែងចូលរួមបញ្ចេញមតិយោបល់ក្នុងការកែលម្អសង្គម។ បើតាមលោក បញ្ញា អ្វីដែលរូបគេធ្លាប់ដឹងកន្លងមក ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីរដ្ឋាភិបាល គឺធ្វើឡើងដោយសម្ងាត់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ។ «ធ្វើដូច្នេះខ្ញុំនៅតែមិនបានដឹងឮ ទទួលឃើញដដែល ដ្បិតមិនបានបង្ហាញជាសាធារណៈ។ ចំពោះប្រសិទ្ធភាពយ៉ាងណា គឺអាស្រ័យលើឆន្ទៈ និងសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយទាំងស្រុង»។ នេះជាការយល់ឃើញរបស់យុវជនវ័យ ២៧ឆ្នាំ ឈន បញ្ញា។ 
 
ដើម្បីបង្ហាញប្រសិទ្ធភាព និងតម្លាភាព លោក ឈន បញ្ញា ចង់ឃើញមន្រ្តីរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដែលមានភាគីច្រើនចូលរួម ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ, អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាដើម។ យុវជន បញ្ញា បន្តថា ការធ្វើដូចនេះ អាចប្រាកដថាមានតម្លាភាព និងគ្រប់ជ្រុងជ្រោយ មិនមែនគប់គិតដោយយល់ថាជាមន្ត្រីដូចគ្នា។
 
ទោះពលរដ្ឋចង់ឃើញការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីរាជការនេះក្តី តែវាក៏ត្រូវគិតគូរដល់សុវត្ថិភាពរបស់មន្ត្រីទាំងនោះដែរ។ លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅតែរក្សាជំហរបែបនេះ៖«ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មិនអាចបង្ហាញជាសាធារណៈនោះទេ»។ 

រាជរដ្ឋាភិបាលថ្មី ធ្វើធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។ រូបភាពពីHMN  

លោក សយ ច័ន្ទវិចិត្ត បានសង្កត់ធ្ងន់ថា ការអនុវត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺផ្អែកលើច្បាប់ ដែលចែងពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវធ្វើដោយសម្ងាត់។ 
 
អ្នកនាំពាក្យរូបនេះ បន្តថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាកិច្ចការដែលពិភពលោកទាំងមូលធ្វើ ដោយគ្រាន់តែរបៀបធ្វើផ្សេងៗពីគ្នាប៉ុណ្ណោះ។ បុគ្គលដែលមានភារកិច្ច ត្រូវរាយការណ៍នៅក្នុងសំណុំឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ អំពីទ្រព្យសម្បត្តិទាំងឡាយណាដែលមាន។
 
តើការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរយៈស្រោមសំបុត្រ ហើយមិនប្រកាសជាសាធារណៈនេះ អាចទប់ស្កាត់អំពើពុករលួយបានទេ? ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថ្មីៗ ជុំវិញករណីនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងតាមច្បាប់ដូចមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយដែរថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺអនុវត្តទៅតាមគោលការណ៍គតិយុត្ត ដែលមានជាធរមាន។ 
 
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះ បន្តថា៖«ដូច្នេះការប្រកាសនេះ គឺធ្វើឡើងដោយសម្ងាត់ ដាក់ក្នុងស្រោមសំបុត្រដោយមិនមានការផ្សាយ ឬប្រកាសឱ្យសាធារណជនបានដឹង អំពីមន្រ្តីទាំងនោះទេ។ ការធ្វើនេះ បើមើលទៅលើគោលការណ៍គតិយុត្តដែលយើងមាន គឺមិនខុសទេ ធ្វើទៅតាមច្បាប់មានជាធរមាន»។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ រូបភាពដោយ ប៉ូ សាគុន
 
តែយ៉ាងណាលោក ប៉ិច ពិសី ក៏ចង់ឃើញមានការប្រកាសទ្រព្យសម្បត្តិ ជាសាធារណៈដែរ។ «ពីព្រោះបើសិនជាការប្រកាសហើយ បិទជិត ដោយសាធារណជន ឬប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតមិនបានដឹងទេ ពលរដ្ឋមិនអាចទាមទារនូវគណនេយ្យភាព មិនអាចកសាងទំនុកចិត្ត រវាងគាត់ និងមន្រ្តីទាំងនោះទេ»។ នេះជាការបញ្ជាក់របស់លោក ប៉ិច ពិសី ដោយបន្ថែមថា ការអនុវត្តជាសាកល និងជាគោល ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិក្ដី គេតែងលើកទឹកចិត្តឱ្យប្រទេសនីមួយៗ អនុវត្តការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ បើមិនបានទាំងអស់ ក៏សម្រាប់មន្រ្តីសំខាន់ៗដែលកាន់កាប់កិច្ចការសំខាន់ៗរបស់ជាតិផងដែរ។
 
ផ្ទុយពីទស្សនៈខាងលើនេះ លោក សយ ច័ន្ទវិចិត្ត នៅតែយល់ឃើញថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយសម្ងាត់នាពេលបច្ចុប្បន្ននេះ មានតម្លាភាព និងប្រសិទ្ធភាព។ «សម្រាប់ខ្ញុំក្នុងនាមជាមន្រ្តីនៃអង្គភាពមួយរូប។ ខ្ញុំអាចនិយាយបានថា របៀបរបបនៃការធ្វើរបស់យើង គឺទទួលខុសត្រូវខ្ពស់ណាស់។ ខ្ញុំយល់ឃើញថាប្រព្រឹត្តទៅដោយតម្លាភាព គឺការងារបស់យើងច្បាស់លាស់»។ នេះជាការអះអាងរបស់លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ មកកាន់សារព័ត៌មានថ្មីៗ។
 
បើតាមលោក សយ ច័ន្ទវិចិត្ត ក្នុងករណីមានការស៊ើបអង្កេតណាមួយពាក់ព័ន្ធនឹងបុគ្គលណាម្នាក់នោះ ដូច្នេះឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ នឹងក្លាយជាឯកសារមួយជួយដល់ការស៊ើបអង្កេត ដោយមានការផ្ទៀងផ្ទាត់ និងសិក្សាពីកំណើនទ្រព្យសម្បត្តិជាដើម។ 

របាយការណ៍​ពិន្ទុដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២២
 
បើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខែសីហា ឆ្នាំ២០២៣នេះ មានមន្រ្តីចំនួន ៣៦១នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្រ្តីទើបទទួលបានការតែងតាំងថ្មីចំនួន ២៣៤នាក់ និងមន្រ្តី ១២៧នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។ 
 
កាលពីឆ្នាំ២០២២កន្លងទៅ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានធ្វើសន្ទស្សន៍នៃអំពើពុករលួយឆ្នាំ២០២២ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥០ ក្នុងចំណោមប្រទេស១៨០ទៀតលើពិភពលោក។ ចំណាត់ថ្នាក់នេះ គឺមានការថយចុះ បើធៀបនឹងឆ្នាំ២០២១ ដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧។ បើគិតជាពិន្ទុវិញ កម្ពុជាកើនតែមួយពិន្ទុប៉ុណ្ណោះ ពោលគឺ២៤ពិន្ទុ។ 
 
របាយការណ៍ដដែល បង្ហាញទៀតថា ក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសពុករលួយជាងគេ បន្ទាប់ពីមីយ៉ាន់ម៉ា ខណៈប្រទេសព្រុយណេ ពុំមានការវាយតម្លៃឡើយ ព្រោះគ្មានឯកសារព័ត៌មានគ្រប់គ្រាន់។ ចំណែក ប្រទេសដែលជាប់ចំណាត់ថ្នាក់ល្អជាងគេ ដាណឺម៉ាក ដែលមានពិន្ទុ៩០។
 
តម្លាភាព និងប្រសិទ្ធភាពក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាគ្រឹះចម្បងលុបបំបាត់អំពើពុករលួយ
 
ដើម្បីទប់ស្កាត់អំពើពុករលួយ, ការលាងលុយកខ្វក់, ការគេចពន្ធ ទើបប្រទេសនានា បង្កើតប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុលរៀងៗខ្លួន។ របបប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅកម្ពុជា តែងធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង នៅខែមករាដើមឆ្នាំ។

របាយការណ៍​ពិន្ទុដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២២
 
របបប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាបែបបទ និងនីតិវិធីនៃការរាយការណ៍ពីទ្រព្យសម្បត្តិ និង បំណុលរបស់មន្រ្តី ឬបុគ្គលសាធារណៈ ដែលមានកាតព្វកិច្ចតាមមុខតំណែង ឬបង្គាប់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ របបប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាការរាយការណ៍ពីទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ក្នុងទម្រង់ជាលាយល័ក្ខណ៍អក្សរ ឬទម្រង់អេឡិចត្រូនិកផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយ។
 
ការប្រកាសនេះ ជាស្ពានដើម្បីវាស់ស្ទង់កំណើន និងការថយចុះទ្រព្យសម្បត្តិ និងបំណុលរបស់មន្រ្តី នៅពេលដែលប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកក្រោយ។ បើតាមមាត្រា៣៦ នៃច្បាប់ប្រឆាំងអំពើពុករលួយ ការមានទ្រព្យសម្បត្តិដោយខុសច្បាប់ ដែលមិនអាចផ្តល់ការពន្យល់សមហេតុផលនូវការកើនឡើងនៃទ្រព្យសម្បត្តិ និងមានការពាក់ព័ន្ធនឹងបទល្មើសពុករលួយណាមួយ ម្ចាស់ទ្រព្យសម្បតិ្តនឹងត្រូវទទួលទោស។
 
តែយ៉ាងណាអ្នកដែលមានសិទ្ធបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្រ្តីបាន មានតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា មានមហាជនខ្លះចង់ដឹងពីទ្រព្យសម្បត្តិមន្រ្តីរាជការ ដែលជាប់ភារកិច្ចប្រកាសទ្រព្យសម្បត្តិ ព្រោះមន្រ្តីខ្លះ មានទ្រព្យសម្បត្តិហូរហៀរ និងដីធ្លីច្រើន។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សន ជ័យ មានប្រសាសន៍ថា បើមើលលើការអនុវត្តកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថាធ្វើតាមច្បាប់។ បច្ចុប្បន្ននេះ ការប្រកាសទ្រព្យសម្បត្តិ គឺដាក់ក្នុងស្រោមសំបុត្រ ផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បើតាមលោក សន ជ័យ  បើចង់ឱ្យមានការកែលម្អ ឬក៏បង្កើនការទទួលបានព័ត៌មាននៃការប្រកាសទ្រព្យសម្បត្តិ ទាល់តែនាំគ្នាតស៊ូមតិ។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា។ រូបភាពពី​ហ្វេសប៊ុក​លោក សន ជ័យ
 
ក្នុងនាមជាមន្រ្តីសង្គមស៊ីវិល លោក សន ជ័យ យល់ថា៖ «ខ្ញុំគិតថា បើសិនច្បាប់ប្រឆាំងអំពើពុករលួយ ជារនាំងធំដុំ នៅក្នុងរឿងប្រកាសទ្រព្យសម្បត្តិ ក៏ដូចជារឿងពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសចំណុចដែលចែងថា អ្នកស៊ីអ្នកសូក មានទោសដូចគ្នា។ ខ្ញុំគិតចំណុចនេះ សុទ្ធជាចំណុចដែលត្រូវពិនិត្យមើល និងសិក្សាឡើងវិញ។ គួរតែមានការពិគ្រោះយោបល់ សិក្សាស្រាវជ្រាវ ស្ទង់មតិ តើពលរដ្ឋយល់ដូចម្ដេចចំពោះការអនុវត្តច្បាប់នេះ?»។
 
ដោយឡែក កញ្ញា ហ៊ន ថូវ៉ាន និស្សិតបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយវិញ ក៏ចាប់អារម្មណ៍លើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់រដ្ឋាភិបាលថ្មីផងដែរ។ យុវតីវ័យ ២២ឆ្នាំរូបនេះ យល់ថា ជារឿងល្អ ដែលមន្រ្តីរដ្ឋាភិបាល ត្រូវការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ប៉ុន្តែ ថូវ៉ាន ក៏មិនសូវទុកចិត្តលើការប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយសម្ងាត់នេះ ថា តើមានប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើពុករលួយកម្រិតណា?

កញ្ញា ហ៊ន ថូវ៉ាន និស្សិតបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ រូបភាពពីហ្វេសប៊ុកកញ្ញា ហ៊ន​ ថូវ៉ាន
 
«ប្រសិទ្ធភាព និងតម្លាភាព។ ចំណុចនេះ សំខាន់ណាស់ ព្រោះការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ គឺធ្វើសម្រាប់មន្រ្តីរដ្ឋាភិបាលពីរដ្ឋលេខាធិការ ទៅដល់នាយករដ្ឋមន្រ្តី សូម្បីអតីតនាយករដ្ឋមន្រ្តី ក៏មានភារកិច្ចប្រកាស។ ទាក់ទងនឹងប្រសិទ្ធភាព យើងមានតែច្បាប់ទេ ប៉ុន្តែប្រសិទ្ធភាពអនុវត្តនៅមានតិចតួច។ គួរតែចូលរួមបង្កើនប្រសិទ្ធភាព ចំពោះភាពមិនប្រក្រតីណាមួយ»។ នេះជាការលើកឡើងរបស់យុវតី ហ៊ន ថូវ៉ាន។ 
 
បើតាមនិស្សិតសារព័ត៌មានរូបនេះ ការប្រកាសនេះ ជាចំណែកមួយចូលរួមកាត់បន្ថយអំពើពុករលួយ តាមរយៈការកេងប្រវ័ញ្ចផ្សេងៗ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាប្រភពដ៏ចម្បងក្នុងការផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិដែលមន្រ្តីរាជការមាន ឬជំនួញរបស់មន្រ្តីរាជការ។ កញ្ញា ថូវ៉ាន បន្ថែមដូច្នេះ៖«ចំពោះការប្រកាសទ្រព្យសម្បត្តិ តាមស្រោមសំបុត្រ ឬប្រកាសហើយមិនបើកការស៊ើបអង្កេត និងមិនបង្ហាញទៅសាធារណជន។ វាដូចតែដូច។ វាគ្រាន់តែជាការអនុវត្តនីតិវិធី ប៉ុន្តែមិនបានចាត់វិធានការណ៍អ្វី»។
 
ជុំវិញការយល់ឃើញថា ការប្រកាសតាមរយៈស្រោមសំបុត្រ និងមិនបង្ហាញជាសាធារណៈ មិនអាចឆ្លុះ បញ្ចាំងពីការប្រឆាំងអំពើពុករលួយបាននេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បកស្រាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំក៏បានពិនិត្យទៅលើប្រទេសមួយចំនួនតូចដែលបានធ្វើការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ។ ដើម្បីស្វែងយល់ ក៏ប៉ុន្តែក៏មិនទាន់ឃើញមានអ្វីលើសអំពីយន្តការប្រកាសទ្រព្យសម្បត្តិដូចសព្វថ្ងៃរបស់កម្ពុជាយើងនោះផងទេ។ ប្រការនេះមិនមែនមានន័យថាយើងរឹងស្នូក មិនធ្វើការកែទម្រង់អំពីការប្រកាសទ្រព្យសម្បត្តិនៅពេលអនាគតនោះទេ។ ប៉ុន្តែពេលវេលាជាអ្នកកំណត់»។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ។ រូបភាពពីACU
 
សម្រាប់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ឃើញថា កម្ពុជាក៏អាចប្រកាសជាសាធារណៈ ប្រសិនបើកែច្បាប់ ក្នុងករណីពលរដ្ឋចង់ឱ្យមានការកែសម្រួលទៅលើការប្រកាសទ្រព្យសម្បត្តិ ។ បើតាមលោក ប៉ិច ពិសី ជាជំហានដំបូង ត្រូវធ្វើវិសោធនកម្មច្បាប់ទៅលើគោលប្រកាសទ្រព្យសម្បត្តិជាមុនសិន។ លោក បន្តថា ៖ «បច្ចុប្បន្ននេះ អង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតាមច្បាប់ ទោះបីចង់ឱ្យមានការប្រកាសជាសាធារណៈក្ដី ក៏ធ្វើមិនកើតដែរ។ ប្រសិនបើរដ្ឋាភិបាលចង់ គឺត្រូវកែច្បាប់សិន បន្ទាប់មកអនុវត្តការប្រកាស»។
 
ទោះការប្រកាសទ្រព្យសម្បត្តិ និងបំណុល មិនបង្ហាញជាសាធារណៈក្តី ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើពុករលួយកន្លងមក។ នេះបើតាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបន្ថែមថា៖ «កន្លងមកទោះបីជាការប្រកាសទ្រព្យសម្បត្តិនេះ ត្រូវបិទជិតក្នុងស្រោមសំបុត្រមិនអាចមានអ្នកណាបើកហែកមើលបាន មានន័យថាជាការប្រកាសទ្រព្យសម្បត្តិមិនមែនជាសាធារណៈ។ យើងក៏ទទួលបាននូវប្រសិទ្ធភាពជាច្រើន អំពីការប្រកាសទ្រព្យសម្បត្តិបិទជិតនេះផងដែរ»។ 
 
ជាយន្តការបន្ទាប់ លោក ឱម យ៉ិនទៀង បានបន្តថា តាមសំណូមពរស៊ើបអង្កេត ACU នឹងបើកមើលនូវឯកសារប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលទាំងនោះ។ មិនតែប៉ុណ្ណោះ ACU នឹងអាចឱ្យភរិយា ឬស្វាមី ឬកូនរបស់អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យនោះ ប្រកាសទ្រព្យសម្បត្តិជាបន្តបន្ទាប់ទៀតដែរ ។
 
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចជាតម្រុយ ក្នុងការស្រាវជ្រាវរកសកម្មភាពពុករលួយ ឬអំពើខុសច្បាប់ផ្សេងៗទៀត។ លើសពីនេះ ជាភស្តុតាងការពារការស្អាតស្អំរបស់ជនត្រូវគេចោទ ប្រសិនបើមានភស្តុតាងបង្ហាញពីប្រភពធនធានរបស់ខ្លួនច្បាស់លាស់។ 
 
ម៉្យាងវិញទៀត ក៏អាចធ្វើឱ្យមនុស្សខ្លាច នឹងប្រព្រឹត្តអំពើពុករលួយ ដែលនាំឱ្យមានការថយចុះនូវអំពើពុករលួយ និងជាឧបករណ៍ទប់ស្កាត់អំពើពុករលួយ ដ៏មានប្រសិទ្ធិភាព ប្រសិនបើដំណើរការដោយប្រសិទ្ធិភាព។ នេះបើតាមឯកសារស្ដីពីរបបប្រកាសទ្រព្យ-បំណុលរបស់លោក សុក សំអឿន មេធាវីប្រចាំអង្គការតម្លាភាព។ 

រាជរដ្ឋាភិបាលថ្មី ធ្វើធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។ រូបភាពពីHMN
 
ប្រទេសខ្លះតម្រូវឱ្យមន្រ្តីសាធារណៈទាំងអស់ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ មិនថាមានតួនាទី ឬឋានៈអ្វីឡើយ ប៉ុន្តែកម្ពុជាមិនដូចគ្នានោះទេ។ តាមមាត្រា១៧ នៃច្បាប់ប្រឆាំងអំពើពុករលួយ អ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល, មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង, សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
 
ក្រៅពីនេះ ក៏មានមន្រ្តីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ, មន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាសហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ, ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា និងថ្នាក់ដឹកនាំនៃសង្គមស៊ីវិលជាដើម។ 
 
ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រដ្ឋាភិបាលថ្មី នីតិកាលទី៧ ក៏បានបង្ហាញពីភាពស្អាតស្អំផងដែរ។ រដ្ឋាភិបាល ដាក់ចេញការលើកកម្ពស់ និងពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការលើកកម្ពស់ និងការពង្រឹង ភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព។
អត្ថបទទាក់ទង
 
 សូមបញ្ជាក់ថា អំពើពុករលួយ ជាបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ចដ៏ចាក់ស្រេះ ដែលប៉ះពាល់គ្រប់ប្រទេស និងគ្រប់វិស័យទាំងអស់នៃជីវិតសាធារណៈ។ អំពើពុករលួយត្រូវបានឱ្យនិយមន័យថា ជាការប្រើប្រាស់ដោយមិនត្រឹមត្រូវ នូវអំណាចដែលផ្ដល់ឱ្យ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ អំពើពុករលួយ ពន្យឺតការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យខូចស្ថាប័នប្រជាធិបតេយ្យ គំរាមកំហែង ដល់ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងជាមូលហេតុចម្បងនាំឱ្យមានភាពក្រីក្រ។ នេះបើតាមខ្លឹមសារក្នុងសៀវភៅសារៈសំខាន់នៃច្បាប់ការពារសាក្សី និងអ្នករាយការណ៍ របស់អង្គការតម្លាភាពកម្ពុជា៕
 

Tag:
 ពលរដ្ឋ
  ប្រកាសទ្រព្យសម្បត្តិ និងបំណុល
  អំពើពុករលួយ
  រដ្ឋាភិបាលថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com