ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានមូលនិធិ Nippon ប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា កម្ពុជា គឺជាគំរូល្អមួយសម្រាប់ប្រទេសដទៃទៀត
11, Oct 2023 , 4:27 pm        
រូបភាព
លោក យូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិនីប៉ុន (The Nippon Foundation) ជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាវិមានសន្តិភាព  នៅថ្ងៃទី១១ តុលា ២០២៣។
លោក យូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិនីប៉ុន (The Nippon Foundation) ជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាវិមានសន្តិភាព នៅថ្ងៃទី១១ តុលា ២០២៣។
លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation បានថ្លែងចំពោះមុខសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា កម្ពុជា គឺជាគំរូល្អមួយ សម្រាប់ប្រទេសដទៃទៀត នៅលើសកលលោក។ ភាគីទាំងពីរជួបពិភាក្សាគ្នា នាវិមានសន្តិភាព នៅថ្ងៃទី១១ តុលានេះ។

 
ប្រធានមូលនិធិ Nippon រូបនេះ បានកោតសរសើរកម្ពុជា ដែលបានប្រែក្លាយខ្លួន ពីប្រទេសរងគ្រោះខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាម មកជាប្រទេសកំពុងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈសំណេរលើហ្វេសប៊ុកសម្ដេច ហ៊ុន ម៉ាណែត បានស្រង់សម្តីលោក យ៉ូហេ សាសាកាវ៉ា យ៉ាងដូច្នេះថា ៖ «កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ» ។
 
ចាប់ពីឆ្នាំ១៩៩២ មូលនិធិ The Nippon Foundation បានផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា នៅក្នុងវិស័យអប់រំ និងសុខាភិបាល ។ ក្នុងនោះប្រជាជនកម្ពុជាជាច្រើន បានទទួលអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបានអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគេមានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពប្រក្រតីឡើងវិញ ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា រដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា ។
 
ក្នុងជំនួបដោយឡែកជាមួយសម្ដេច ហ៊ុន សែន វិញ លោក យូហេ សាសាកាវ៉ា បានលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ា មកជជែកពិភាក្សាគ្នា។ លោក យូហេ សាសាកាវ៉ា និងសម្ដេច ក៏បានឯកភាពបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែរ។ ប្រធាន Nippon Foundation រូបនេះ នៅតែចាត់ទុកសម្តេច ហ៊ុន សែន ជាតួអង្គសំខាន់ក្នុងការជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ឱ្យមានភាពល្អប្រសើរឡើងវិញ តាមរយៈបទពិសោធន៍នៃការដឹកនាំកម្ពុជាកន្លងមក។
 

Tag:
 នយោបាយ
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com