ជាតិ
ទឹកស្ទឹងព្រែកត្នោត ជន់ចូលផ្ទះពលរដ្ឋជាង៣០គ្រួសារ នៅសង្កាត់ស្ពានថ្ម
18, Oct 2023 , 4:40 pm        
រូបភាព
 រូបភាព៖ រដ្ឋបាលសង្កាត់ស្ពានថ្ម
រូបភាព៖ រដ្ឋបាលសង្កាត់ស្ពានថ្ម
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត ចាប់ផ្ដើមជន់ចូលផ្ទះពលរដ្ឋមួយចំនួនហើយ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីអាជ្ញាធរបើកទ្វាទឹកនៃទំនប់ធំៗមួយចំនួនដូចជា ទំនប់តាសាល ទំនប់រលាំងជ្រៃ និងទំនប់៧មករា។



លោក ឈឹម រ៉ា នាយប៉ុស្ត៍នគរបាលសង្កាត់ស្ពានថ្ម បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ទឹកស្ទឹងព្រែកត្នោត​ បានជន់ចូលផ្ទះពលរដ្ឋប្រមាណ៣៣គ្រួសារ នៅភូមិចំនួន៤ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជំនន់ទឹកភ្លៀងនេះ បានហូរចូលផ្ទះពលរដ្ឋតាំងពីម៉ោង ១២ថ្ងៃត្រង់ ក្នុងនោះ ផ្ទះដែលរងគ្រោះភាគច្រើនរស់នៅតាមបណ្ដោយសណ្ដរស្ទឹងព្រែកត្នោត។
 
មកទល់ពេលនេះ ទឹកនៅតែបន្តកើនឡើង​សន្សឹមៗ ខណៈពលរដ្ឋកំពុងព្រួយបារម្ភពីសុវត្ថិភាព និងទ្រព្យសម្បិត្តិ របស់ពួកគេ។ ចំពោះមុខ អាជ្ញាធរមូលដ្ឋាន បានត្រៀមខ្លួនរួចរាល់ ក្នុងជម្លៀសពលរដ្ឋ សត្វពាហនៈ និងទ្រព្យសម្បត្តិមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកហក់ឡើងខ្លាំង។ 
 
លោក ឈឹម រ៉ា ប្រាប់ដូច្នេះថា៖«ឥឡូវនេះ ទឹកគ្រាន់តែចូលដល់ក្នុងផ្ទះ ឬក្រោមផ្ទះប៉ុណ្ណោះ។ ប៉ុន្តែ ពួកយើងបានត្រៀមហើយៗជាមួយ ចៅសង្កាត់ ប្រជាការពារភូមិ និងកម្លាំងប៉ូលីស ដើម្បីជួយសង្រ្គោះពលរដ្ឋ នៅពេលណាទឹកឡើងខ្លាំង»។ 
 
នាយប៉ុស្ដ៍នគរបាលដដែល វាយតម្លៃថា ប្រសិនបើភ្លៀងពីផ្នែកខាងលើ នៃភូមិសាស្រ្តខេត្តកំពង់ស្ពឺ នៅ​តែបន្តធ្លាក់ នឹងធ្វើឱ្យផ្ទះពលរដ្ឋកាន់តែច្រើនលិចលង់។ ជាមួយគ្នានេះ លោក បានអំពាវនាវពលរដ្ឋរស់នៅជាប់ដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ និងសត្វពាហនៈ ទ្រព្យសម្បត្តិ៕
 

Tag:
 ស្ទឹងព្រែកត្នោត
  ជំនន់ទឹកភ្លៀង
  សង្កាត់ស្ពានថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com