ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាង ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
27, Oct 2023 , 7:59 am        
រូបភាព
គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” នៅថ្ងៃទី២៧ តុលានេះ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំនេះ។​



ក្រសួងយុត្តិធម៌ ជាអ្នកទទួលបន្ទុករៀបចំព្រះរាជក្រឹត្យ ស្តីពីការបង្កើត “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”នេះ។ កន្លងមកលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថា សេចក្តីព្រាងច្បាប់នេះ ជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹងបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ គឺដើម្បីឆ្លើយតបទៅនឹងការងារអាទិភាពទី១ ក្នុងចំណោមការងារអាទិភាពទាំង ៣ នៃការកែទម្រង់វិស័យយុត្តិធម៌ នៅក្នុងវិធានការគន្លឹះជាអាទិភាពទាំង ៥ ដែលបានដាក់ចេញដោយ ប្រមុខរដ្ឋាភិបាល នាអាណត្តិទី៧នេះ។
 
ក្រៅពីសេចក្តីព្រាងច្បាប់នេះ រដ្ឋមន្រ្តីយុត្តិធម៌ ក៏បានបង្ហើបពីការដាក់ចេញយុទ្ធនាការសំខាន់ៗចំនួន ៣ ដែលក្រសួងកំពុងរៀបចំ រួមមានយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ។
 
លោក កើត រិទ្ធ ជឿជាក់ថា យុទ្ធនាការទាំង៣នេះ នឹងឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលប្រគល់ភារកិច្ចឱ្យក្រសួងពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីរូបនេះ បានណែនាំឱ្យប្រធាន ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីទាំងអស់ ត្រៀមលក្ខណៈផ្នែកបច្ចេកទេស ផ្នែករដ្ឋបាល និងធនធានមនុស្ស ដើម្បីចូលរួមឱ្យបានសកម្ម និងសហការឱ្យបានពេញលេញ ក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលក្រសួងយុត្តិធម៌ នឹងដាក់ចេញនាពេលខាងមុខ ។

ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា៕
 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com