កីឡាជាតិ
ជាតិ
ព្រុំ សំណាង តបទៅ Dave Leduc ធ្វើឱ្យបានដូចមាត់ ប្រយ័ត្នត្រូវ ២-៣ស្មង រត់ពេញសង្វៀន
02, Nov 2023 , 12:30 pm        
រូបភាព
សង្គ្រាមពាក្យសម្ដីរវាង ព្រុំ សំណាង និង Dave Leduc ទាញយកចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ដែលរង់ចាំទស្សនា ការប្រកួតអន្ដរជាតិមួយនេះ នាថ្ងៃទី៥ ខែវិច្ឆិកា សង្វៀនជីបម៉ុង ២៧១។ កីឡាករប្រដាល់គុនខ្មែរ ព្រុំ សំណាង ផ្តាំទៅ Dave Leduc ធ្វើឲ្យបានដូចមាត់ ពេលនៅលើសង្វៀន កុំបានតែថាជឿជាក់ និងស្រែករកឈ្មោះ ព្រុំ សំណាង នៅចំពោះមុខអ្នកគាំទ្រ។ ម្ចាស់មេដាយមាសគុនខ្មែរស៊ីហ្គេម ឆ្លើយតបដូច្នេះ បន្ទាប់ឃើញវីឌីអូ ចែកចាញជាច្រើន ដែល Dave Leduc ស្រែករកឈ្មោះ ខ្លួន នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។



Dave Leduc អ្នកប្រដាល់មីយ៉ាន់ម៉ា ដែលត្រូវបានគេឲ្យឈ្មោះថាស្ដេចប្រដាល់មីយ៉ាន់ម៉ា បានមកដល់ទឹកដីកម្ពុជា នាយប់ថ្ងៃទី១ ខែវិច្ឆិកា។ គ្រាន់តែមកដល់ភ្លាម អ្នកប្រដាល់រូបនេះ ​បានស្រែកហៅឈ្មោះ គូប្រកួតរបស់ខ្លួន កីឡាករ ព្រុំសំណាង។ មុនការប្រកួតនេះ កីឡាករទាំងពីរ តែងតែបោះពាក្យសម្ដី ឌឺដងគ្នាទៅវិញទៅមក។ Dave Leduc ក៏ធ្លាប់បោះពាក្យសម្ដីថា នឹងផ្ទួល ព្រុំ សំណាង ត្រឹមតែ២ នាទីប៉ុណ្ណោះ។ 
 
ក្នុងពេលមកដល់កម្ពុជា កីឡាករភូមាដដែលនេះ បាននិយាយថា៖«ខ្ញុំ ចង់ជួប ព្រុំ សំណាង។ តើ ព្រុំ សំណាង នៅទីណា? ខ្ញុំជឿជាក់ លើការប្រកួតនៅកម្ពុជា។ តើព្រុំ សំណាង នៅទីណា។»។ 
ការបោះពាក្យសម្ដីឌឺដងនេះ ទំនងជាយុទ្ធសាស្ដ្រផ្នែកផ្លូវចិត្ត ដែលធ្វើឲ្យដៃគូមានការភ័យខ្លាច ឬមានសម្ពាធមុនពេលការប្រកួត កាន់តែកៀកថ្ងៃ។
 
ដោយឡែក កីឡាករ ព្រុំ សំណាង បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា រូបលោក បានហ្វឹកហាត់ និងត្រៀមលក្ខណៈរួចជាស្រេច ចំពោះការប្រកួតនេះ។ កីឡាករកម្ពុជារូបនេះ បន្ថែមថា ការបោះពាក្យសម្ដីរបស់ Dave Leduc មិនបានធ្វើឲ្យរូបលោក ភ័យព្រួយ និងញញើតឡើយ។ ម្ចាស់មេដាយមាសគុនខ្មែរ កីឡាស៊ីហ្គេមលើកទី៣២ ក៏សង្ឃឹមថា អ្វីដែល Dave Leduc បានឌឺដង សូមធ្វើឲ្យបាននៅលើសង្វៀន។
 
«ខ្ញុំ សង្ឃឹមថា គាត់ខ្លាំង ដូចគាត់និយាយនៅលើសង្វៀន។ ប្រយ័ត្ន ត្រូវតែ២-៣ ស្មង រត់ពេញសង្វៀន។ ខ្ញុំ ពោពេញទៅដោយជំនឿចិត្ត សម្រាប់ជំនួបទល់ Dave Leduc។»។ ព្រុំ សំណាង បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាករព្រំ សំណាង ត្រូវប្រកួតជាមួយ Dave Leduc នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧ យប់ នៅជីបម៉ង ២៧១៕
 

Tag:
 ព្រុំ សំណាង
  Dave Leduc
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com