កីឡាជាតិ
ជាតិ
មក​ដល់ភ្នំពេញ ក្រៅពីសរសើរទឹកចិត្តពលរដ្ឋខ្មែរ Dave Leduc ស្រែក​រកតែ ព្រុំ សំណាង
02, Nov 2023 , 10:44 am        
រូបភាព
កំពូលអ្នកប្រដាល់មីយ៉ាន់ម៉ាដើមកំណើតកាណាដា Dave Leduc បានមកដល់កម្ពុជាហើយ កាលពី​យប់ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតជាមួយកំពូលអ្នកប្រដាល់កម្ពុជា ព្រុំ សំណាង។ ចុះពីលើយន្តហោះ នៅអាកាសយានដ្ឋានភ្នំពេញភ្លាម Leduc ស្រែករកព្រុំ សំណាងតែម្តង។ មុនជួបគ្នាលើសង្វៀន Leduc និង ព្រុំ សំណាង នឹងត្រូវចូលជួបសម្តេច ហ៊ុន ម៉ាណែត នៅឯវិមានសន្តិភាព នៅរសៀលថ្ងៃទី២ ខែវិច្ឆកានេះ។


«ឯណា ព្រុំ សំណាង! ព្រុំ សំណាង នៅឯណា»។ នេះជាសម្រែករបស់ Dave Leduc នៅចំពោះមុខអ្នកគាំទ្រគុនខ្មែរ និងអ្នកសារព័ត៌មានជាច្រើន នៅពេលរូបគេដើរចេញពីព្រលានយន្តហោះ នៅម៉ោងប្រមាណជិត១២យប់។ ភ្លាមៗនោះ បើទោះមានការសួរនាំពីអ្នកសារព័ត៌មាន អំពីការមកដល់របស់ខ្លួន ប៉ុន្តែ Leduc ឆ្លើយថារូបគេមិនចង់និយាយអ្វីទេ ដោយចង់ជួបតែ ព្រុំ សំណាង ម្នាក់គត់។
 
ក្រៅពីស្រែករកព្រុំ សំណាង ដែលជាគូប្រជែងលើសង្វៀន Leduc ដែលត្រូវបានគេស្គាល់ថាជាស្តេចប្រដាល់គុន Leth Wei របស់មីយ៉ាន់ម៉ា បានលើកសរសើរពីចរិតល្អរបស់ពលរដ្ឋកម្ពុជា ដែលតែងតែបង្ហាញការគាំទ្រ និងស្វាគមន៍ខ្លួន​ តាមរយៈការខាំមិនរាល់ការបង្ហោះលើបណ្តាញសង្គមកន្លងមក។
 


«ប្រជាជនខ្មែរ មានចរិតល្អ រួសរាយរាក់ទាក់។ អរគុណសម្រាប់ការស្រឡាញ់ អរគុណសម្រាប់ការខាំមិនពាក្យល្អៗ នៅពេលខ្ញុំបង្ហោះនៅលើបណ្តាញសង្គមទាក់ទង់នឹងការប្រកួតប្រដាល់។ កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយនេះជាលើកទី១ដែលខ្ញុំមកកាន់កម្ពុជា»។ នេះជាការរៀបរាប់របស់ Leduc ដែលនៅតែមិនភ្លេចហៅឈ្មោះព្រុំ សំណាង និងសួររកព្រុំ សំណាង ថានៅឯណា។
 
អ្នកប្រដាល់ដើមកំណើតកាណាដា Leduc នឹងត្រូវតទល់នឹងព្រុំ សំណាង នៅសង្វៀនជីបម៉ុង ២៧១ មេហ្គាម៉ល វេលាម៉ោង ៧យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុនជំនួបនេះ Leduc និងព្រុំ សំណាង នឹងត្រូវចូលជួបសម្តេច ហ៊ុន ម៉ាណែត ដើម្បីសម្តែងការគួរសម នៅឯវិមានសន្តិភាព នៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ។
 
ជុំវិញ វត្តមានរបស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទស្សនាផ្ទាល់នៅកន្លែងប្រកួតឬយ៉ាងណានោះ អ្នករៀបចំកម្មវិធីលោក ជួប វត្ថា មិនអាចបញ្ជាក់បានទេ ដោយត្រូវរង់ចាំក្រោយជំនួបការគួរសមនេះសិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com