ជាតិ
បាក់ឌុប
បរាជ័យគ្មានអ្វីគួរឱ្យខ្លាច! វ័យ​៥៧ឆ្នាំ អ្នក​គ្រូ ហែម ស៊ីណាត ប្រឡងបាក់ឌុបម្តងទៀត
02, Nov 2023 , 3:34 pm        
រូបភាព
បេក្ខជន ហែម ស៊ីណាត ចួលរួមប្រឡងបាក់ឌុប កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២។  រូបភាព៖  Moeys
បេក្ខជន ហែម ស៊ីណាត ចួលរួមប្រឡងបាក់ឌុប កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២។ រូបភាព៖ Moeys
ភ្នំពេញ៖ អ្នកគ្រូ ហែម ស៊ីណាត គឺជាបេក្ខជនប្រឡងបាក់ឌុប ដែលមានវ័យចំណាស់ចាស់ជាងគេ។ ស្រ្តីវ័យ៥៧ឆ្នាំរូបនេះ ធ្លាប់បានប្រឡងបាក់ឌុបម្តងហើយ ប៉ុន្តែមិនជោគជ័យនោះឡើយ កាលពីឆ្នាំ២០២២។ តែយ៉ាងណាអ្នកគ្រូបំពេញវិជ្ជារូបនេះ មិនបោះបង់ក្តីស្រមៃខ្លួន ដែលចង់បានសញ្ញាបត្រទុតិយភូមិនេះឡើយ។

 
បរាជ័យគ្មានអ្វីគួរឱ្យខ្លាច តែអ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ! អ្នកគ្រូ ហែម ស៊ីណាត ដែលស្ថិតនៅក្នុងចំណោមបេក្ខជនជាង១៣ម៉ឺននាក់ទៀត នឹងត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ នៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣។ គ្រូបង្រៀននៅសាលាបឋមសិក្សាថ្មរមៀលរូបនេះ មិនបោះបង់ក្តីស្រមៃខ្លួនឡើយ បើទោះជាបរាជ័យម្ដងហើយ កាលពីឆ្នាំមុន។
 
ជាអ្នកឆ្លងកាត់ការរស់នៅក្រោមសម័យសង្គ្រាមជាច្រើនទសវត្សរ៍នោះ អ្នកស្រី ហែម ស៊ីណាត មិនបានបញ្ចប់ការសិក្សាឡើយ។ ដូច្នេះដើម្បីបំពេញក្តីបំណងខ្លួន ស្ត្រីមេម៉ាយរូបនេះ ក៏សម្រេចដាក់ពាក្យប្រឡងបាក់ឌុបជាថ្មី បើទោះជាខ្លួន មានវ័យចំណាស់ក៏ដោយ។ ទង្វើរបស់ស្ត្រីវ័យ៥៧ឆ្នាំរូបនេះ ក៏ជាគំរូមួយ សម្រាប់យុវជនជំនាន់ក្រោយ ឱ្យស្រលាញ់ការសិក្សាផងដែរ។
 
«ខ្ញុំមិនទាន់បានសញ្ញាបត្រ ទាល់តែខ្ញុំបានសញ្ញាបត្រ បានខ្ញុំឈប់។ ម្យ៉ាងទៀតខ្ញុំចង់លើកតម្កើងនូវតម្លៃវប្បធម៌ ក៏ដូចជាចង់ឱ្យប្អូនៗ​ កុំបោះបង់ការសិក្សា។ ស្តាយការសិក្សា ព្រោះវាមានតម្លៃណាស់។ យើងមិនមែនសិក្សាតែមួយថ្ងៃទេ គឺត្រូវសិក្សាពេញមួយជីវិត។»។ នេះជាការលើកឡើងរបស់អ្នកគ្រូ ហែម ស៊ីណាត ​ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ 
 
អ្នកគ្រូ ហែម ស៊ីណាត ដែលមកពីសាលាអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ នឹងត្រូវប្រឡងនៅមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ លើជំនាញថ្នាក់វិទ្យាសាស្រ្តសង្គម។ ដោយសារតែមានការលើកទឹកចិត្តពីកូនៗ និងមនុស្សនៅជុំវិញខ្លួន ក៏ជាកម្លាំងចិត្ត និងកម្លាំងស្មារតីបន្ថែម ដល់អ្នកស្រី សម្រេចចិត្តប្រឡងជាថ្មីនេះ។
 


សម្រាប់ការប្រឡងលើកទី២នេះ អ្នកស្រី ស៊ីណាត ដែលមានកូនប្រុសស្រី៤នាក់ និងចៅ៦នាក់រូបនេះ មានក្តីសង្ឃឹ​មត្រឹម ៥០ភាគរយប៉ុណ្ណោះ ។ ស្រ្តីមេម៉ាយ ដែលមានស្រុកកំណើតនៅខេត្តកំពតរូបនេះ ក៏បារម្ភខ្លាចភ្លេចមេរៀន និងចម្លើយ អំឡុងពេលប្រឡងដែរ។ 
 
អ្នកស្រី ស៊ីណាត បានបំប៉នការសិក្សា មិនថាថ្ងៃសៅរ៍ ឬអាទិត្យទេ ដោយអ្នកស្រី បន្តរៀននៅក្នុងថ្នាក់ផង និងតាមមេរៀន ដែលក្រសួងអប់រំបានចងក្រង តាមរយៈបច្ចេកវិទ្យាស្មាតហ្វូន សម្រាប់ផ្ដល់ភាពងាយស្រួលដល់ការសិក្សាជាដើម។  
 
«បើសិនឆ្នាំនេះមិនទទួលបានលទ្ធផលល្អ ក៏ខ្ញុំនៅតែបន្តការសិក្សា (ត្រៀមប្រឡង)ទៀត។ »។ នេះជាការលើកឡើងរបស់អ្នកស្រី ហែម ស៊ីណាត ជាគ្រូជាប់កិច្ចសន្យា តាំងពីឆ្នាំ២០១៨មក នៃសាលាបឋមសិក្សាថ្មរមៀល ភូមិថ្មរមៀល ឃុំភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
 
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជូនពរឱ្យអ្នកស្រី ហែម ស៊ីណាត ឱ្យទទួលបានជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំថ្មីនេះ។

អត្ថបទទាក់ទង

 
សូមជម្រាបដែលថា បេក្ខជន ១៣៧ ៤១២ នាក់ ក្នុងនោះបេក្ខនារី ៧៣ ២៧៨នាក់ នឹងចូលរួមប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦-៧ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។​ចំណោមបេក្ខជនទាំងអស់ មានបេក្ខជនមានពិការភាព ចំនួន ១៨នាក់ ក្នុងនោះនារី ៦នាក់៕

Tag:
 ThmeyThmey
  អ្នកស្រី ហែម ស៊ីណាត
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com