អន្តរជាតិ
Operation Menu៖ បេសកកម្មទម្លាក់គ្រាប់បែកដោយសម្ងាត់របស់អាម៉េរិកនៅឥណ្ឌូចិន
01, Dec 2023 , 4:10 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិកទី៣៧ Richard Nixon ចង្អុលលើផែនទីប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០។ រូបភាព National Archives
ប្រធានាធិបតីអាម៉េរិកទី៣៧ Richard Nixon ចង្អុលលើផែនទីប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០។ រូបភាព National Archives
‌ក្រោមប្រតិបត្តិការបញ្ជីម្ហូប ឬ Operation Menu គ្រាប់បែកB-52 ជាច្រើនម៉ឺនតោន ត្រូវបានទម្លាក់នៅកម្ពុជា និងឡាវ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ ក្នុងគោលបំណងកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់ស្បៀងរបស់វៀតណាមខាងជើង។ យ៉ាងណាមិញ ប្រតិបត្តិការ ដែលបានសម្លាប់ប្រជាជនស៊ីវិលរាប់ម៉ឺននាក់នេះ ត្រូវបានរក្សាយ៉ាងសម្ងាត់ពីសភា និងសាធារណៈរបស់អាម៉េរិក។


ខណៈសង្រ្គាមវៀតណាមនៅតែបន្ត ប្រធានាធិបតីអាម៉េរិកទី៣៧ Richard Nixon បានអនុម័ត ប្រតិបត្តិការបញ្ជីម្ហូបដែលត្រូវបានចាត់ទុកជាផ្លូវការថា «ប្រតិបត្តិការស្រស់ស្រូបអាហារពេលព្រឹក» នៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់សេតវិមាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៩។ 
 
ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ ប្រតិបត្តិការមួយនេះ ត្រូវបានចាប់ផ្តើមឡើងដោយអាម៉េរិក បានម្លាក់គ្រាប់បែកនៅក្នុងទឹកដីកម្ពុជាក្រោមហេតុផលសង្ស័យមានមូលដ្ឋានកុម្មុយនីស្ត និងជាតំបន់សម្រាប់ផ្គត់ផ្គង់ស្បៀងសម្រាប់កម្លាំងរបស់វៀតណាមខាងជើង។ បេសកកម្មដែលលាក់បាំងពីសភា និងសាធារណៈមតិអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងកាត់ផ្តាច់កម្លាំង និងផ្លូវផ្គត់ផ្គង់ស្បៀងរបស់វៀតណាមខាងជើង ដែលវាយប្រហារលើវៀតណាមខាងត្បូង។ 
 
ប្រតិបត្តិការនេះ មានអាហារពេលព្រឹក, អាហារថ្ងៃត្រង់, អាហារពេលល្ងាច, អាហារសម្រន់, បង្អែម និងអាហារពេលយប់ជ្រៅ ហើយតំណាងឱ្យគោលដៅ និងបេសកកម្មខុសៗគ្នានៅក្នុងកម្ពុជា។ ប្រតិបត្តិការនេះបញ្ចប់ទៅវិញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧០។ ក្នុងរយៈពេលប្រមាណ ១៤ខែ អាម៉េរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជាប្រមាណ១១ម៉ឺនតោនឯណោះ។ បើទោះប្រតិបត្តិការនេះ ត្រូវបានបញ្ចប់ ប៉ុន្តែការទម្លាក់គ្រាប់បែករបស់អាម៉េរិក មកលើកម្ពុជា នៅតែបន្តដដែល។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Washington Post នៅចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣ លោក Henry Kissinger ដែលទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក និងជារដ្ឋមន្រ្តីការបរទេសក្រោមរដ្ឋបាលរបស់លោក Nixon ជាអ្នកបញ្ជាការទម្លាក់គ្រាប់បែកដោយសម្ងាត់នៅកម្ពុជានេះ។ 
 
អ្នកប្រវត្តិសាស្រ្តនៅសកលវិទ្យាល័យ Yale លោក Ben Kiernan បានប៉ាន់ប្រមាណថា អាម៉េរិកបានទម្លាក់គ្រាប់បែកប្រមាណកន្លះលានតោននៅកម្ពុជា និងបានសម្លាប់ប្រជាជនស៊ីវិលជាច្រើនម៉ឺននាក់។ ហេតុនេះហើយ ក្រោយពីឯកសារសម្ងាត់ពាក់ព័ន្ធនឹងសង្រ្គាមនៅកម្ពុជាត្រូវបានបញ្ចេញ លោក Kissinger ត្រូវបានមនុស្សមួយចំនួនហៅថា​ «ឧក្រិដ្ឋជនសង្រ្គាម»៕ 

Tag:
 (អាម៉េរិក
  ឡាវ
  កម្ពុជា
  វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com