ជាតិ
វីដេអូ
នាឡិកាជាប់​ក្នុងទូឈើ ផលិតអំឡុងឆ្នាំ​១៩៥០​
29, Dec 2023 , 9:10 am        
រូបភាព
សៀមរាប៖ ក្នុងចំណោមនាឡិកាបុរាណជាច្រើនគ្រឿងដែលដាក់តាំងនៅសារមន្ទីរ​ វិមាន​​សុខា នៅ​ក្រុង​សៀមរាប មាននាឡិកាជាប់ក្នុងទូមួយគ្រឿង ម៉ាក EMPEROR ដែលផលិតក្នុងទស្សវត្សរ៍ ១៩៥០ នៅ​ប្រទេស​ស្វីស។ តាម​ទីផ្សារ នាឡិកាបុរាណ​ប្រភេទ​នេះ បើ​ស្អាត​ដូចដើម មាន​តម្លៃ​​​ជាង ២​៦៥០អឺរ៉ូ។ លោក លី ប៉េងហេង ​ដែលជាស្ថាបនិកសារមន្ទីរវិមានសុខា ​ជាប្រចាំតែងតែដំឡើង​ស៊ីឡាំងធ្ងន់​ដែល​ធ្វើ​ឱ្យ​នាឡិកានេះ​ដើរ ព្រោះ​វា​ប្រើ​កម្លាំង​ទម្ងន់ មិន​ប្រើ​អគ្គិសនី​ទេ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖

 
សម្រាប់ស៊ីឡាំងទាំង៣ គាត់​ប្រើ​ម៉ានីវែលមួយ បង្វិល​រហូតដល់​ស៊ីឡាំង​ឡើង​លើ​ទាំងអស់ហើយ។ នាឡិកាកញ្ចាស់​នេះ វាធ្វើអំពីលោហធាតុពណ៌ប្រាក់ និង​ពណ៌​មាស រលោងនិង​គ្រើម ដែល​​បង្ហាញរង្វាស់​ម៉ោង និង​នាទី ហើយ​ក៏​មាន​រង្វង់​មួយទៀតសម្រាប់​វិនាទី។ នៅផ្នែកខាងលើ ក៏​បង្ហាញ​ថ្ងៃដែរ  ប៉ុន្តែពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៩​ប៉ុណ្ណោះ ដែល​ល្មមសម្រាប់តែខែកុម្ភៈ។ នាឡិកា​ក្នុង​ទូនេះ ​មានកម្ពស់ជាងពីរម៉ែត្រ​ បណ្ដោយជិតកន្លះម៉ែត្រ និងទទឺងប្រហែល៣០​សង់ទីម៉ែត្រ។ អ្វីដែល​គួរ​ចាប់​អារម្មណ៍ គឺវា​បន្លឺ​សូរសំឡេង​ពីរោះ រៀង​រាល់១៥នាទី! មាន​មេឡូឌី​មួយ​ សម្រាប់​១៥នាទី និង៤៥នាទី។ មានមេឡូឌីមួយ សម្រាប់៣០នាទី។ ហើយ​ក៏មាន​វាយ​កណ្ដឹង​តាម​ចំនួន​ម៉ោង ពីម៉ោង១ ទៅ​ម៉ោង១២ដែរ។ នាឡិកាអឺរ៉ុប​នេះ ​មាន​ឧបករណ៍​ភ្លេង​ខាងក្នុង។ គឺជាកណ្ដឹង​ទំហំ​ផ្សេងៗ គ្រប់​ណូត។
 


ម៉ាក EMPEROR ត្រូវបាន​បង្កើតឡើង​ ដោយ​ក្រុមហ៊ុន BRANDT Louis & frère S.A.។ លោក BRANDT Louis បានចាប់ផ្ដើម​ផលិត​នាឡិកា​ឆ្នាំ១៨៤៨ នៅ​ទីក្រុង Bienne ប្រទេស​ស្វីស។

ស្វីស គឺជា​ប្រទេសដែល​ប៉ិនប្រសប់ និងល្បីល្បាញលើការផលិត​នាឡិកា​ ហើយកាលពី​បុរាណ គេ​ប្រើ​នាឡិកា​​ដែល​បង្ហាញ​ម៉ោងតាម​ចលនាព្រះអាទិត្យ។ ចាប់​ពី​សតវត្សរ៍ទី១៤ ជនជាតិ​អឺរ៉ុប ផ្ដើម​ធ្វើ​នាឡិកា​ធំៗ ដែល​ដើរ​តាមប្រព័ន្ធមេកានិក មុនគេបង្អស់។ វាមិន​ច្បាស់​ថា​ ចាប់ផ្ដើម​មុន​នៅ​ប្រទេសបារាំង នៅប្រទេសអាល្លឺម៉ង់ ឬនៅ​ប្រទេស​ស្វីស ក៏ប៉ុន្តែ​ប្រាកដថា ត្រូវបាន​ចាប់ផ្ដើម​នៅ​តំបន់ភ្នំ​នោះ ដែល​ស្ថិត​នៅ​ជិត​ព្រមដែន​៣ប្រទេស​នោះ​ជាប់គ្នា។ រហូតដល់សម័យ​ឥឡូវនេះ​ក៏តំបន់​នោះ ​មាន​ក្រុមហ៊ុន​ផលិត​នាឡិកាគ្រប់មុខជាច្រើនណាស់ ជាពិ​សេសនាឡិកា​គុណភាព​ខ្ពស់។ តាំងពី​នោះ​មក ស្វីស​មាន​ឯកទេស​ខាង​ឧស្សាហកម្ម​មេកានិកលម្អិត។
 

សារមន្ទីរ​ វិមាន​សុខា មានតាំង​វត្ថុ​បុរាណ​ជា​ច្រើនប្រភេទ ពិសេសយានជំនិះ​បុរាណ ឧបករណ៍សោតទស្សបុរាណ នាឡិកា​បុរាណ ​​និងវត្ថុបុរាណផ្សេងៗទៀត​។ ទីតាំងនេះ បើក​រៀងរាល់​ថ្ងៃ ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ វាស្ថិតនៅផ្លូវ​លេខ២២ ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សំបុត្រចូល​មានតម្លៃ​ ៥០០០រៀល សម្រាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ និង២០ ០០០រៀល សម្រាប់​ពលរដ្ឋ​បរទេស​ម្នាក់។ សូម​បញ្ជាក់​ថា ក្នុង​សារមន្ទីរ ក៏មាន​ហាងកាហ្វេ​តុបតែងជាមួយវត្ថុបុរាណ​ច្រើន​ដែរ៕
 

អត្ថបទទាក់ទង
:  
 

Tag:
 នាឡិកា
© រក្សាសិទ្ធិដោយ thmeythmey.com