ជាតិ
សមាជិកព្រឹទ្ធសភា ១០០ភាគរយ បានបោះឆ្នោតគាំទ្រសម្ដេច ហ៊ុន សែន ជាប្រធាន
03, Apr 2024 , 10:47 am        
រូបភាព
ភ្នំពេញ៖​ ព្រឹទ្ធសភា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ សម័យប្រជុំដំបូងនេះ ក៏មានរបៀបវារៈបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា នីតិកាលទី៥ ។ លោក សុខ ឥសាន ដែលមានវ័យចំណាស់ជាងគេ ធ្វើជាប្រធានព្រឹទ្ធសភាបណ្ដោះអាសន្ន ដឹកនាំសម័យប្រជុំដំបូងនេះ។



ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងវ័យ៧២ឆ្នាំ ត្រូវអង្គបោះឆ្នោតព្រឹទ្ធសភា គាំទ្រឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ជំនួសសម្ដេច សាយ ឈុំ ដែលត្រូវបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី ។ សម្ដេច សាយ ឈុំ កាន់តំណែងជាប្រធានព្រឹទ្ធសភា តាំងពីឆ្នាំ២០១៥មក ក្រោយពេលសម្ដេច ជា ស៊ីម ទទួលមរណភាព។
 
សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ សម្ដេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ពីអង្គបោះឆ្នោត ចំនួន៦២សំឡេង។ ចំពោះការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា មិនមែនបោះឆ្នោតជាកញ្ចប់ឡើយ ពោលគឺបែងចែកជា៣ដំណាក់កាល គឺបោះឆ្នោតជ្រើសប្រធាន, អនុប្រធានទី១ និងអនុប្រធានទី២។ 
 
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
 
តាមរយៈលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ,នៅភូមិភាគទី៤ និងនៅភូមិភាគទី៦)។

អត្ថបទទាក់ទង

 
សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភា មានចំនួនស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា។ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងពីព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមរយៈមតិភាគច្រើន។ 
 
ចំពោះសមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងដោយព្រះមហាក្សត្រ រួមមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ដោយឡែកសមាជិកព្រឹទ្ធសភាពីររូប ជ្រើសតាំងដោយរដ្ឋសភា រួមមាន លោក សុខ ឥសាន និងលោក ហេង ហាលីម។
 
ក្រោយទទួលបានការផ្ដល់សេចក្តីទុកចិត្តហើយ សមាជិកព្រឹទ្ធសភាទាំងអស់ នឹងត្រូវស្បថចូលកាន់តំណែងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងព្រះបរមរាជវាំង៕

Tag:
 ហ៊ុន សែន
  នយោបាយ
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com