ជាតិ
ផ្លូវការ៖ សម្ដេច ហ៊ុន សែន ជាប្រធាន, លោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានព្រឹទ្ធសភា
03, Apr 2024 , 11:26 am        
រូបភាព
ភ្នំពេញ៖ ព្រឹទ្ធសភា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ លោក សុខ ឥសាន ដែលមានវ័យចំណាស់ជាងគេ ធ្វើជាប្រធានសភាជាន់ខ្ពស់បណ្ដោះអាសន្ន ដឹកនាំសម័យប្រជុំដំបូងនេះ។ សម្រាប់សម័យប្រជុំដំបូង ក៏មានរបៀបវារៈបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា នីតិកាលទី៥ ។

 
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងវ័យ៧២ឆ្នាំ ត្រូវបានអង្គបោះឆ្នោតព្រឹទ្ធសភា គាំទ្រឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ជំនួសសម្ដេច សាយ ឈុំ ដែលត្រូវបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី ។ សម្ដេច សាយ ឈុំ កាន់តំណែងជាប្រធានព្រឹទ្ធសភា តាំងពីឆ្នាំ២០១៥មក ក្រោយពេលសម្ដេច ជា ស៊ីម ទទួលមរណភាព។
 
សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភានេះ សម្ដេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ពីអង្គបោះឆ្នោត ចំនួន៦២សំឡេង។ ចំពោះការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា មិនមែនបោះឆ្នោតជាកញ្ចប់ឡើយ ពោលគឺបែងចែកជា៣ដំណាក់កាល គឺបោះឆ្នោតជ្រើសប្រធាន, អនុប្រធានទី១ និងអនុប្រធានទី២។ 
 
ដោយឡែកលោក ប្រាក់ សុខុន អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ដែលបានដាក់លិខិតលាលែងពីតួនាទី ទៅកាន់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា កាលពីថ្ងៃទី២ មេសា ២០២៤នេះ ត្រូវបានអង្គបោះឆ្នោតព្រឹទ្ធសភា ផ្ដល់សេចក្តីទុកចិត្ត ប្រគល់តំណែងជាអនុប្រធានទី១ ជំនួសលោក ស៊ីម កា ដែលកាន់តំណែងនេះ ចាប់តាំងពីឆ្នាំ២០១៨មក ក្រោយពេលលោក នៃ ប៉េណា ទទួលមរភាព។ បច្ចុប្បន្នលោក ស៊ឹម កា ត្រូវបំពេញភារកិច្ចជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។  
 
លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ ក៏ទទួលបានការគាំទ្រ ១០០ភាគរយ ពីអង្គបោះឆ្នោតព្រឹទ្ធសភា ទាំង៦២កូរ៉ុម។
 
ចំណែកលោក អ៊ុច បូររិទ្ធ ដែលត្រូវបានព្រះមហាក្សត្រ ទើបបញ្ចប់តំណែងពីទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃទី២ មេសា ដើម្បីផ្ដល់ឱកាសទទួលបានមុខតំណែងថ្មីនោះ ត្រូវបានអង្គបោះឆ្នោតព្រឹទ្ធសភាទាំង៦២កូរ៉ុម គាំទ្រជាឯកច្ឆ័ន្ទ ជាអនុប្រធានទី២ ជំនួសលោក ទេព ងន ដែលកាន់មុខតំណែងនេះ តាំងពីឆ្នាំ២០០៦ នៃនីតិកាលទី២មក។ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៤ ត្រូវបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។
 
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង រួម​មាន​ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
 
តាមរយៈលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ,ភូមិភាគទី៤ និងភូមិភាគទី៦)។
 
សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាមានចំនួនស្មើ​នឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា។ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះ​មហា​​ក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន។ 
 
ចំពោះសមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងពីព្រះមហាក្សត្រ រួមមាន សម្តេចរាជបុត្រីព្រះអនុជ នរោ​ត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ដោយឡែកសមាជិកព្រឹទ្ធសភាពីររូប ជ្រើសតាំងដោយ​រដ្ឋសភា រួមមាន លោក សុខ ឥសាន និងលោក ហេង ហាលីម។
 
ក្រោយទទួលបានការផ្ដល់សេចក្តីទុកចិត្តហើយ សមាជិកព្រឹទ្ធសភាទាំងអស់ នឹងត្រូវស្បថចូលកាន់តំណែង នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងព្រះបរមរាជវាំង៕

Tag:
 ហ៊ុន សែន
  នយោបាយ
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com