អន្តរជាតិ
MRC៖ គុណភាពទឹកទន្លេមេគង្គមិនប៉ះពាល់ទេ ក្រោយអាស៊ីតធ្លាក់ចូលទន្លេ Nam Khan
08, Apr 2024 , 4:18 pm        
រូបភាព
ក្រុមអ្នកជំនាញត្រួតពិនិត្យគុណភាពទឹកនៅទន្លេ Nam Khan។ រូបភាព MRC_Chandaly Mao
ក្រុមអ្នកជំនាញត្រួតពិនិត្យគុណភាពទឹកនៅទន្លេ Nam Khan។ រូបភាព MRC_Chandaly Mao
គណៈកម្មការទន្លេមេគង្គ (MRC) នៅថ្ងៃទី៨ ខែមេសា បានបញ្ជាក់ថា តាមការចុះត្រួតពិនិត្យជាក់ស្តែង គុណភាពទឹកទន្លេមេគង្គ មិនរងផលប៉ះពាល់ឡើយ ក្រោយអាស៊ីតធ្លាក់ចូលទន្លេ Nam Khan ដែលជាដៃមួយរបស់ទន្លេវែងជាងគេនៅអាគ្នេយ៍។



នៅថ្ងៃទី៣​ ខែមេសា រថយន្តដឹកអាស៊ីតស៊ុលផួរិច​ (sulphuric acid) ច្រើនជាង៣០តោន មានគ្រោះថ្នាក់ចរាចរណ៍ ហើយក្រឡាប់ ដែលធ្វើឱ្យសារធាតុគីមីធ្លាក់ចូលក្នុងទន្លេNam Khan នៅក្រុងហ្លួងព្រះបាង។ អាជ្ញាធរឡាវ បានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះទន្លេនេះហូរចូលទន្លេមេគង្គ។
 
គណៈកម្មការទន្លេមេគង្គ (MRC) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលធ្វើការលើទន្លេមេគង្គ បញ្ជាក់ថា បរិមាណ ៥០ភាគរយប៉ុណ្ណោះនៃអាស៊ីតក្នុងឡាន បានលេចធ្លាយមុននឹងធ្លាក់ទៅក្នុងទន្លេ Nam Khan ដែលមានចម្ងាយ៣០០ម៉ែត្រពីកន្លែងកើតហេតុ។ ចំណុចប្រសព្វរវាងទន្លេ Nam Khan និងទន្លេមេគង្គ មានចម្ងាយ ៦គីឡូម៉ែត្រពីកន្លែងកើតហេតុផងដែរ។ 
 
ចម្ងាយចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេ Nam Khan មកស្ថានីយ៍ស្ទឹងត្រែងរបស់កម្ពុជាមានចម្ងាយចំនួន ៩៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់វារីអគ្គិសនីXayaburi និងស្ថានីយ៍Chiang Khan របស់ថៃ។
 
ទន្ទឹមនេះ គណៈកម្មការទន្លេមេគង្គ លើកឡើងថា គុណភាពទឹកទន្លេមេគង្គ និងទន្លេ Nam Khan មិនរងផលប៉ះពាល់ឡើយក្រោយការវាយតម្លៃនៅទីតាំង។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ MRC អាជ្ញាធរឡាវ បានបង្កើតរបាំងរារាំងសារធាតុគីមីបង្កគ្រោះថ្នាក់នោះមិនឱ្យធ្លាក់ចូលទន្លេមេគង្គ និងដាក់ចេញវិធានការបន្សាបសារធាតុអាស៊ីតនៅក្នុងទឹក ដែលអាច​ទប់ស្កាត់ផលប៉ះពាល់បានដោយប្រសិទ្ធភាព រួមទាំងធានាលើការការពារបរិស្ថានផង។
 
«គុណភាពទឹកក្នុងទន្លេ Nam Khan និងទន្លេមេគង្គ នៅតែមិនរងផលប៉ះពាល់នោះទេ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលផ្តល់ដោយមន្រ្តីទំនាក់ទំនងផ្នែកសារព័ត៌មាន Chandaly Mao ដល់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែមេសា។ ប៉ុន្តែ វាមានផលប៉ះពាល់បឋមនៅកន្លែងកើតហេតុ ដូចជាការកាត់បន្ថយកម្រិតអុកស៊ីហ្សែន ​និងការកើនឡើងនៃសារធាតុស៊ុលផាតនៅក្នុងទឹក។
 
នៅថ្ងៃទី៧ ខែមេសា លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ  មន្រ្តីគណៈកម្មាធិការមេគង្គឡាវ នាយកដ្ឋានធនធានទឹក និងអ្នកជំនាញផ្សេងទៀត ក៏បានចុះទៅត្រួតពិនិត្យ និងប្រមូលទឹកយកទៅវិភាគពីផលប៉ះពាល់ដែរ។ 
 
ដើម្បីធានាលើការការពារប្រជាជន និងបរិស្ថាននៅតាមដងទន្លេ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ រួមជាមួយមន្រ្តីពាក់ព័ន្ធនឹងបន្តត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹកនៅថ្ងៃបន្តបន្ទាប់ទៀត៕

Tag:
 ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com