ជាតិ
ទឹកទន្លេមេគង្គនៅស្ទឹងត្រែង មិនទាន់រង​ប៉ះពាល់ពីអាស៊ីតស៊ុលផួរិចឡើយ តែកម្ពុជាបន្តតាមដាន
10, Apr 2024 , 4:58 pm        
រូបភាព
មន្រ្តីកម្ពុជា ចុះត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ។ រូបភាពក្រសួងធនធានទឹក និងឧតុនិយម
មន្រ្តីកម្ពុជា ចុះត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ។ រូបភាពក្រសួងធនធានទឹក និងឧតុនិយម
គុណភាពទឹកទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង ដែលមានព្រំដែនជាប់ជាមួយឡាវ មិនទាន់រងផលប៉ះពាល់ពីអាស៊ីតស៊ុលផួរិច​ ដែលលេចធ្លាយក្រោយគ្រោះថ្នាក់ចរាចរណ៍នៅហ្លួងព្រះបាង ប្រទេសឡាវនៅឡើយ។ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១០ ខែមេសានេះ ជាមួយការអះអាងថា ​នឹងបន្តតាមដានពីវត្តមានសារធាតុគីមីមួយនេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់លើមនុស្ស និងបរិស្ថាន។

 
គណៈកម្មការទន្លេមេគង្គ (MRC) នៅថ្ងៃទី៨ ខែមេសា បានបំភ្លឺ ទឹកទន្លេមេគង្គមិនរងផលប៉ះពាល់ដោយសារអាស៊ីតស៊ុលផួរិចឡើយ ក្រោយមានវិធានការដាក់របាំងទប់ស្កាត់ និងបន្សាបសារធាតុគីមី នៅក្នុងទន្លេNam Khan។ 
 
ទោះមានសេចក្តីប្រកាសព័ត៌មានពីគណៈកម្មការទន្លេមេគង្គក្តី ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១០ ខែមេសា បានជូនដំណឹងបន្ថែមថា គុណភាពទឹកទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រមាណ ៩៣៥គីឡូម៉ែត្រ ពីចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេ Nam Khan មិនទាន់រងផលប៉ះពាល់ដោយសារធាតុគីមីខាងលើឡើយ។
 
«ជាលទ្ធផល គុណភាពទឹកទន្លេមេគង្គកម្ពុជា ក្នុងខេត្តស្ទឹងត្រែង មិនទាន់រងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយអាស៊ីតស៊ុលផួរិចនៅទន្លេNam Khan ឡើយ»។ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីជូនដំណឹងបន្ថែម។ ក្រសួងធនធានទឹក កំពុងតាមដានវត្តមានសារធាតុគីមីខាងលើ ហើយនឹងជូនដំណឹងបន្ថែម ក្នុងករណីចាំបាច់។ 

ការជូនដំណឹងបន្ថែមនេះ ធ្វើឡើងក្រោយក្រុមការងារបច្ចេកទេសនាយកដ្ឋានជនសាស្រ្ត និងការងារទន្លេរបស់ក្រសួងធនធានទឹក បានសហការជាមួយមន្រ្តីបច្ចេកទេសខេត្តស្ទឹងត្រែង ចុះទៅពិនិត្យគុណភាពទឹកទន្លេនៅខាងលើក្រុងស្ទឹងត្រែង និងក្បែរព្រំដែនឡាវ។
 
កន្លងមក គណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នអន្តររដ្ឋាភិបាលធ្វើការលើទន្លេមេគង្គ បានបកស្រាយថា បរិមាណ ៥០ភាគរយប៉ុណ្ណោះនៃអាស៊ីតក្នុងឡាន បានលេចធ្លាយមុននឹងធ្លាក់ទៅក្នុងទន្លេ Nam Khan ដែលមានចម្ងាយ៣០០ម៉ែត្រពីកន្លែងកើតហេតុ។ ចំណុចប្រសព្វរវាងទន្លេ Nam Khan និងទន្លេមេគង្គ មានចម្ងាយ ៦គីឡូម៉ែត្រពីកន្លែងកើតហេតុផងដែរ៕

Tag:
 ទន្លេមេគង្គ
  កម្ពុជា
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com