ជាតិ
សម្ដីដ៏មានតម្លៃរបស់សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា នឹងសាបព្រោះរហូតលើប្រព័ន្ធផ្សព្វផ្សាយ
21, Apr 2024 , 9:00 pm        
រូបភាព
លោកបណ្ឌិត កុល ផេង ស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤។ រូបថត៖ PUC
លោកបណ្ឌិត កុល ផេង ស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤។ រូបថត៖ PUC
មរណភាពរបស់លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត បាន​ធ្វើ​ឱ្យ​មាន​ការ​​ស្ដាយស្រណោះពី​សំណាក់ប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេស។ រាប់ពីនាយករដ្ឋមន្រ្តី មន្រ្តី បណ្ឌិត ព្រះសង្ឃ និស្សិត ​សាធារណជន និង​អ្នកនយោបាយ សុទ្ធតែបង្ហាញអារម្មណ៍សោកស្ដាយ និងដឹងគុណសម្រាប់សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។

 


សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា មានប្រជាប្រិយភាពខ្លាំងក្នុងនាមជា បណ្ឌិតរបស់ខ្មែរមួយរូប តែងតែផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន។ លោកបណ្ឌិត ផ្ដល់បទសម្ភាសន៍ទាំងដោយផ្ទាល់ផង និងទាំងប្រយោលផង។ លោកផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ និងតាមបណ្តាញទំនាក់ទំនងសង្គមជាដើម។ រាល់កិច្ចសម្ភាសទាក់ទងនឹង វប្បធម៌ ប្រវត្តិសាស្រ្ត និងរឿងរ៉ាវចម្រូងចម្រាស់ទាក់ទងសីលធម៌សង្គម លោកសាស្រ្តាចារ្យ តែងតែឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន។ 
 
 

សម្ដី​របស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា តែងតែទទួលបានការទស្សនាច្រើន ពីប្រជាជនខ្មែរ។ មិនតែប៉ុណ្ណោះ សារព័ត៌មានផ្សេងៗ តែងតែដកស្រង់សម្ដីសំខាន់ៗរបស់លោកសាស្រ្តាចារ្យរូបនេះ  យកធ្វើជារូបថតសម្រាប់ផ្សព្វផ្សាយ។ ប្រជាជនខ្មែរ តែងតែចងចាំជានិច្ចនូវគំនិតដ៏មានតម្លៃរបស់លោកបណ្ឌិត។ 
 
សារព័ត៌មានឌីជីថលថ្មីៗ ក៏បានសម្ភាសលោកសាស្ត្រាចារ្យច្រើនដងផងដែរ។​ ជាពិសេសកិច្ចសម្ភាសតាមទូរសព្ទ និងជួបសម្ភាសផ្ទាល់។ សាស្រ្តាចារ្យប្រវត្តិសាស្រ្ត​ និងវប្បធម៌រូបនេះ មមាញឹកនឹងការបង្រៀនច្រើនយ៉ាងណា ក៏តែងតែផ្ដល់តម្លៃលើសារព័ត៌មានជានិច្ច។ 
 
 

ក្រោយលោកសាស្រ្តាចារ្យទទួលមរណភាព ប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា បានផ្សាយបទសម្ភាស និងសម្ដីរបស់លោកឡើងវិញយ៉ាងច្រើន។ ជាពិសេស អ្នកសារព័ត៌មាននានា ដែលបានសម្ភាសលោក បានបង្ហាញអារម្មណ៍សោកសង្រេងខ្លាំង និងស្រណោះលោកបណ្ឌិត។ 
 
 

ទោះបីជាអ្នកសារព័ត៌មាន ដែលមិនបានសម្ភាសលោកសាស្រ្តាចារ្យ ក៏ពួកគាត់ បានបង្ហាញអារម្មណ៍ស្រណោះខ្លាំង និងផ្ដល់គុណតម្លៃចំពោះលោកបណ្ឌិត សំបូរ មាណ្ណារ៉ា។ អ្នកសារព័ត៌មានក្នុងប្រទេស និងក្រៅប្រទេស ដែលជាជនជាតិខ្មែរ យល់ថា លោកសាស្រ្តាចារ្យ ពិតជាបណ្ឌិតខ្មែរមួយរូប ដែលមានសេចក្ដីក្លាហាន បញ្ចេញយោបល់លើប្រព័ន្ធផ្សព្វផ្សាយ។ 
 
បណ្ឌិតក្នុងបេះដូងប្រជាជនខ្មែរគ្រប់លំដាប់ថ្នាក់

សម្ដេច ហ៊ុន សែន  ប្រធាន​ព្រឹទ្ធសភាព បាន​បង្ហាញ​សេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងមរណភាពរបស់សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។ សម្ដេច ហ៊ុន សែន ចាត់ទុកមរណភាពរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ 
 
«មរណភាពរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។» សម្ដេច ហ៊ុន សែន បង្ហាញអារម្មណ៍ចំពោះលោកបណ្ឌិតដូច្នេះ។ 
 
ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ដែល​មាន​ឈ្មោះ​ដ៏​ល្បីល្បាញខាង​អប់រំផ្លូវចិត្ត ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ​បាន​ចូលរួម​រំលែកទុក្ខ និងសូម​ឱ្យ​លោក​​ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព។ ព្រះអង្គមានសង្ឃដីកាដូច្នេះ៖ «យើងបានបាត់បង់បង់ធនធានមនុស្សដ៏ល្អកម្ររកបានលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកប្រវត្តិសាស្ត្រ អ្នកដាស់តឿនយុវជនឱ្យមានស្មារតីស្រលាញ់ជាតិ។»
 
លោក រៀម ចំរើន អ្នកសារព័ត៌មាន និងជាអតីតសិស្សរបស់លោកសាស្រ្តាចារ្យ រៀបរាប់លើបណ្ដាញសង្គមដូច្នេះ៖ «ជាតិនេះ មានសំណាងណាស់ដែលបានជាសិស្សរបស់បណ្ឌិតមួយរូប។ យើងបានរៀនចង់ដឹងពីប្រវត្តិសាស្រ្តដោយសារគ្រូ។ លោកគ្រូបង្រៀនដោយប្រើក្តៅ។ ព្រោះក្តៅ ទើបពួកយើងប្រឹង។»
 
មន្រ្តីរាជការ សាស្រ្តាចារ្យ អតីតសិស្សនិស្សិត និងសាធារណៈជនជាច្រើន បានចូលរួមពិធីបុណ្យសពរបស់លោកសាស្រ្តាចារ្យ។ ជាមួយគ្នានេះ សារធារណៈជនទូទៅច្រើនរាប់មិនអស់ បានបង្ហាញអារម្មណ៍សោកស្ដាយស្រណោះលោកសាស្រ្តាចារ្យលើបណ្ដាញសង្គម។ 
 
ប្រសាសន៍របស់បញ្ញវន្តខ្មែររូបនេះ នឹងបន្តដាស់តឿនស្មារតី និងផ្ដល់ជាពុទ្ធិដល់ប្រជាជនខ្មែររហូតលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា៕ 
 

Tag:
 (សំបូរ មាណ្ណារ៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com