ជាតិ
​​​ន​យោ​បាយ​ជាតិ​
រុស្ស៊ី សន្យា​ផ្ដល់ជំនួយ​សម្រាប់​ការបោះឆ្នោត ខណៈ​NGO ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​សិន​
13, Nov 2017 , 9:39 pm        
រូបភាព
ជំនួប​ពិភាក្សារវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម៉ាក់ម៉េដេវ
ជំនួប​ពិភាក្សារវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម៉ាក់ម៉េដេវ
​ភ្នំពេញ​៖ រដ្ឋាភិបាល​រុស្ស៊ី សន្យា​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។ នាយករដ្ឋមន្ត្រី​រុស្ស៊ី បាន​សន្យា​ផ្ដល់ជំនួយ​នេះ ក្នុងជំនួប​ទ្វេរ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១២ វិច្ចិកា​។​



​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌី​មេ​ទ្រី ម៉ាក់​ម៉េ​ដេ​វ បាន​និយាយប្រាប់​សម្ដេច ហ៊ុន សែន ថា រុស្សី​នឹង​ផ្តល់ជំនួយ​សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ និង​ត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​មក​ត្រួតពិនិត្យ​ដំណើរការ​បោះឆ្នោត​នេះ​ផងដែរ​។ ការសន្យា​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី បន្ទាប់ពី​ឃើញ​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា​ដែល​បន្ត​ស្ថេរភាព​នយោបាយ ដោយ​មិនអាច​ឲ្យ​មានបរ​ទេសណា​ចូល​ជ្រៀតជ្រែក​បានឡើយ​។ នេះ​បើតាម​ការ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា ស្វាគមន៍​ចំពោះ​ជំនួយ​របស់​រុស្ស៊ី ដែល​គ្រោង​ជួយ​ដល់​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា​នេះ​។ លោក ហង្ស ពុទ្ធា ចាត់ទុក​ជំនួយ​បន្ថែម​ពី​បរទេស​នេះ នឹង​ជួយ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ​បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ជា​ស្ថាប័ន​មួយ​ដែល​ទទួល​ការសហការ​ពី​គ្រប់ភាគី​ទាំងអស់ ឲ្យ​តែ​ការផ្ដល់​ជំនួយ​នោះ​មាន​គោល​បំណងល្អ និង​មាន​ឆន្ទៈ​តាមច្បាប់​បោះឆ្នោត​នៅ​កម្ពុជា​។ ហើយ​ការ​ផ្ដល់ជំនួយ​ពី​រុស្ស៊ី​នេះ​វា​ក៏​ជា​រឿង​ល្អ​មួយ ដែល​អាចជួយ​ដល់​ដំណើការ​បោះឆ្នោត​ឲ្យ​កាន់តែ​ប្រសើរឡើង ព្រោះ​យើង​ក៏​ត្រូវការ​បទពិសោធន៍ តាមរយៈ​ការសហការ​ពី​ប្រទេស​ទាំងនោះ ដើម្បី​ឲ្យ​ដំណើការ​បោះឆ្នោត​ប្រព្រឹត្តទៅ​បានល្អ​»​។​

​បើតាម​លោក ហង្ស ពុទ្ធា អ្វីដែល​គ​.​ជ​.​ប ត្រូវការ​ជំនួយ​ពី​រុស្ស៊ី សម្រាប់​ដំណើការ​បោះឆ្នោត​នេះ គឺជា​កញ្ចប់​ថវិកា​ក្នុង​ខ្ទង់ចំណាយ​ណាមួយ ដើម្បី​យកមកប្រើ​ប្រាស់​ក្នុង​ការទិញ​សម្ភារៈ ប្រតិបត្តិ​ការអប់រំ ឬ​ផ្សព្វផ្សាយ​នានា​ជាដើម​។

​ទាក់ទង​នឹង​ជំនួយ​ពី​រុស្ស៊ី ដែល​គ្រោង​ផ្ដល់ជូន​រដ្ឋាភិបាល​កម្ពុ​ជា​នេះ ត្រូវបាន​នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច ដែល​ធ្វើ​កិច្ចការងារ​លើ​ដំណើការ​បោះឆ្នោត​ចាត់ទុកជា​រឿង​ល្អ សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ ប៉ុន្តែ​អ្វីដែល​លោក សំ គ​ន្ធា​មី ផ្ដល់យោបល់​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​រក​ដំណោះស្រាយ​នយោបាយ​ណាមួយ​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​ឲ្យ​គណបក្ស​ដទៃទៀត មាន​សិទ្ធ​ធ្វើ​នយោបាយ​ស្មើគ្នា ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ម្ចាស់ជំនួយ​ផងដែរ​។

«​រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​រក្សា​ស្ថេរភាព​នយោបាយ​ឲ្យ​បាន​ស្ងប់ស្ងាត់ សម្រាប់​ផ្ដល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ ឲ្យ​ពួកគេ​ចូលរួម​ការបោះឆ្នោត​កុំ​ឲ្យ​មានការ​ភ័យខ្លាច​។ ហើយ​ត្រូវ​ផ្ដល់​ឲ្យ​ឱកាស​ឲ្យ​អ្នកនយោបាយ មាន​សកម្មភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​ស្មើគ្នា​មុន​ការបោះឆ្នោត​។ ហើយ​នៅពេល​បោះឆ្នោត ត្រូវមាន​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​ជាដើម ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​»​។​នេះ​បើតាម​នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​រូបនេះ ។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ស្របពេល​រដ្ឋាភិបាល​រុស្ស៊ី សន្យា​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ក៏មាន​ការព្រមាន​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​អាម​រិ​ក​ផងដែរ​។ សមាជិក​ព្រឹទ្ធសភា​លោក ថេត គ្រូ​ស ព្រមាន​ថា បើ​មិន​ដោះលែង​ប្រធាន​គណបក្សប្រឆាំង​ឯកឧត្តម កឹម សុខា និង​មិន​ទម្លាក់​បណ្ដឹង​រំលាយ​គណបក្សប្រឆាំង​ទេ នោះ​អាមេរិក និង​សម្ព័ន្ធមិត្ត​ខ្លួន មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ​។​
អត្ថបទទាក់ទង

​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ខ្វល់​ពី​បរទេស ដែល​មិន​ចង់​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា ដោយសារតែ​បញ្ហា​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ សម្ដេច ហ៊ុន សែន ធ្លាប់បាន​និយាយថា បរទេស​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​មិន​សំខាន់​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។

​រដ្ឋាភិបាល បានកំណត់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ​២០១៨ ។ រីឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨​។​

​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​៥៣​លាន​ដុល្លារ ។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​បន្ថែម​ដូច្នេះ​៖«​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការបោះឆ្នោត​ហើយ ប៉ុន្តែ​បើ​មាន​បរទេស​ផ្ដល់ជំនួយ​មក ក៏​វា​ល្អ​ដែរ​ព្រោះ​អាច​កាត់បន្ថយ​ខ្ទង់ចំណាយ​របស់​រដ្ឋាភិបាល​ខ្លះ​ដែរ ។ តែបើ​អត់​ជំនួយ​ក៏​ដំណើរការ​បោះឆ្នោត​អាច​ប្រព្រឹត្តទៅ​បានដែរ​»៕


Tag:
 ហ៊ុន សែន​
  រុស្ស៊ី
  បោះឆ្នោត​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com