ជាតិ
កូនស្រី​លោក កឹម សុខា ទៅ​ជួប​ក្រុម​ជំនាញ UN ដើម្បី​តាមដាន​សំណុំរឿង​ឪពុក​
31, Jan 2018 , 11:12 am        
រូបភាព
(ពីឆ្វេងទៅស្តាំ)  កញ្ញា សម្មាធីតា និង កញ្ញា មនោវិទ្យា កូនស្រីទាំងពីររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
(ពីឆ្វេងទៅស្តាំ) កញ្ញា សម្មាធីតា និង កញ្ញា មនោវិទ្យា កូនស្រីទាំងពីររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមការងារ ទទួលបន្ទុក​ករណី​ឃុំខ្លួន​ដោយ​បំពាន (The Working Group on Arbitrary Detention) ដែលជា​អង្គភាព​មួយ​របស់​អង្គការសហប្រជាជាតិ បានចាប់ផ្តើម​យក​ករណី​ឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សិក្សា និង​រក​ដំណោះស្រាយ​។ កូនស្រី​ទាំងពីរ​របស់លោក កឹម សុខា បាន​ទៅ​ជួប​ក្រុមការងារ​ជំនាញ​នៃ​អង្គការសហប្រជាជាតិ​មួយ​នេះ ដើម្បី​ពិភាក្សា និង​តាមដាន​ការរក​ដំណោះស្រាយ​ចំពោះ​ការឃុំ​លោក កឹម សុខា​។



​តាមរយៈ​ការផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា នៅ​ថ្ងៃទី​៣0 ខែមករា ឆ្នាំ​២0១៨ កញ្ញា កឹម សម្មា​ធីតា កូនស្រី​ពៅ​របស់លោក​កឹម សុខា កញ្ញា បាន​និយាយ​មុននឹង​ចូលជួប​ក្រុមការងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស យ៉ាង​ដូច្នេះ​ថា​៖«​បើ​មាន​ព័ត៌មាន​អ្វី​ថ្មី​បន្ថែម នាង​ខ្ញុំ​នឹង ផ្តល់ជូន​ដល់​បងប្អូន​។ យើង សង្ឃឹមថា ក្នុងពេល​ឆាប់ៗ​នេះ យើង​នឹង អាច​រកបាន​ដំណោះស្រាយ​មួយ​ជូន​លោក កឹម សុខា​»​។

​ក្រុម​មេធាវី​អន្តរជាតិ​មួយក្រុម បាន​យក​សំណុំរឿង​របស់លោក កឹម សុខា ដែល​ជាប់ពន្ធនាគារ​ជិត​ប្រាំ​ខែ​មកហើយ​នោះ ទៅ​ដា​ក់នៅ ក្រុមការងារ ទទួលបន្ទុក​ករណី​ឃុំខ្លួន​ដោយ​បំពាន របស់​អង្គការសហប្រជាជាតិ​។ កញ្ញា កឹម មនោ​វិទ្យា មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​ច្បង​របស់លោក កឹម សុខា អះអាងថា ក្រុម​មេធាវី​អន្តរជាតិ ដែល​ក្រុមគ្រួសារ​របស់​នាង​បាន​ពឹងពាក់ បាន​យក​បណ្តឹង​ ទៅ​ដាក់ជូន​ក្រុមការងារ​នេះ កាល​អំឡុង​ខែធ្នូ ឆ្នាំ​២0១៧​។ 

​មកដល់ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​ជួប​លោក កឹម សុខា ដោយផ្ទាល់​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ចំនួន​បី​លើក​រួចមកហើយ ដើម្បី​សាកសួរ​ពីបទ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​អាច​ចាត់ទុកថា​ជា​អំពើ​ក្បត់ជាតិ​។

​បើតាម មេធាវី​របស់លោក កឹម សុខា ដែល​ធ្លាប់​ប្រាប់​កន្លងមក លោក កឹម សុខា បាន​សារភាពថា លោក ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​បរទេស​មែន ប៉ុន្តែ​ទំនាក់​ទំ​នង​ទាំងនោះ គឺ​ស្ថិតក្នុង​ក្របខណ្ឌ​ការងារ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មិនមែន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច ចុះទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧ ហើយក៏​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ភ្លាមៗ​៕
អត្ថបទទាក់ទង




Tag:
 កឹម សុខា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com