ជាតិ
លោកស្រី រ៉ូណា ស្មីត ស្នើឲ្យរដ្ឋាភិបាល មានការស៊ើបអង្កេតឯករាជ្យលើករណីផ្ទុះអាវុធនៅខេត្តក្រចេះ
× ភ្នំពេញ៖ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្នើឲ្យរដ្ឋាភិបាល បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ លើករណីផ្ទុះអាវុធ ក្នុងហេតុការណ៍ជម្លោះដីធ្លី នៅខេត្តក្រចេះ កាលពីថ្ងៃទី៨ មីនាកន្លងមក។ ជុំវិញករណីផ្ទុះអាវុធនេះ ក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីជំនាញចុះទៅស្រាវជ្រាវបន្ថែមហើយ កាលពីពេលថ្មីនេះ។
លោកស្រី រ៉ូណា ស្មីត ដែលទទួលបានព័ត៌មានពីករណីផ្ទុះអាវុធនៅខេត្តក្រចេះនេះ ហាក់មានការព្រួយបារម្ភពីការរំលោភបំពានសិទ្ធិបញ្ចេញមតិ និងសិទ្ធិមនុស្សនៅកម្ពុជា។ ស្ថិតនៅក្នុងស្ថានភាព ដែលមានការផ្សព្វផ្សាយព័ត៌មានមិនច្បាស់ការ ជុំវិញហេតុការណ៍ផ្ទុះអាវុធនេះ លោកស្រី រ៉ូណា ស្មីត ស្នើឲ្យរដ្ឋាភិបាល រៀបចំគណៈកម្មការឯករាជ្យមួយ ដោយមានភាគីពាក់ព័ន្ធពីគ្រប់ស្ថាប័នចូលរួមស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់ផ្នែកជំនឿចិត្ត និងជាប្រយោជន៍ដល់រដ្ឋាភិបាលកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល១០ថ្ងៃ បានសរសេរដូច្នេះថា៖«ខណៈដែលខ្ញុំមានធូរស្រាលចិត្តដែលហាក់មិនមានការរកឃើញណាមួយអំពីករណីស្លាប់នោះ ខ្ញុំសោកស្ដាយដែលអ្នកអង្កេតការណ៍មកការិយាល័យ OHCHR និងអង្គការសង្គមស៊ីវិល ត្រូវបានហាមឃាត់ចូលទៅកាន់តំបន់នោះ…។ ដើម្បីជាប្រយោជន៍នៃការលើកកម្ពស់ជំនឿចិត្ត និងតម្លាភាព ខ្ញុំជឿជាក់ថា ការអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ឯករាជ្យចូលកាន់តំបន់នោះ ជាការសំខាន់ណាស់។ ខ្ញុំអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ»។
ក្នុងដំណើរទស្សនកិច្ចកន្លងមក លោកស្រី រ៉ូណា ស្មីត ក៏បានលើកករណីខាងលើនេះ ទៅសួរនាំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង ក្នុងជំនួបពិភាក្សាគ្នា ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ ក្នុងជំនួបពិភាក្សាគ្នានេះ សម្ដេច ស ខេង បានប្រាប់លោកស្រី រ៉ូណា ស្មីត ទៀតថា សម្តេច បានចាត់ក្រុមការងារ ដែលរួមមាន ខាងនគរបាល និងខាងអធិការកិច្ច ឲ្យចុះទៅស្រាវជ្រាវបន្ថែមលើករណីនេះ។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ជុំវិញការចុះស្រាវជ្រាវក្នុងករណីផ្ទុះអាវុធនេះនៅឡើយទេ។
មកដល់ពេលនេះ ព័ត៌មានលម្អិតជុំវិញករណីផ្ទុះអាវុធ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកតវ៉ាក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា មិនទាន់មានការអះអាងច្បាស់លាស់លើតួលេខអ្នកស្លាប់ និងរបួសឡើយ បន្ទាប់ពីមានការចេញមុខបដិសេធយ៉ាងចម្រូងសម្រាស ពីសំណាក់អាជ្ញាធរ ទៅលើប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការស្លាប់ពលរដ្ឋ៦នាក់ និងរបួស៤០នាក់ ។ តួលេខអាជ្ញាធរខេត្តបង្ហាញថា គ្មានទេករណីស្លាប់ មានតែរបួស៩នាក់ ក្នុងនោះ៧នាក់ជាសមត្ថកិច្ច និង២នាក់ទៀត ជាប្រជាពលរដ្ឋ។
តែយ៉ាងណាលោក សឺន សែនករុណា អ្នកនាំពាក្យអង្គការអាដហុក ដែលបានចុះទៅទីតាំងកើតហេតុផ្ទាល់ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានថា ស្ថានភាពពលរដ្ឋរបួសដែលលោកបានឃើញផ្ទាល់ភ្នែក មានចំនួន៥នាក់ ហើយកំពុងសម្រាកព្យាបាល។ ចំណែកតួលេខអ្នកស្លាប់វិញនោះ លោក ករុណា មិនទាន់ស្រាវជ្រាវឃើញនោះទេ ដោយសារពិបាកក្នុងការប្រមូលព័ត៌មាន និងមានការរារាំងច្រើនពីសំណាក់សមត្ថកិច្ច។
សូមស្ដាប់សំឡេងលោក សឺន សែនករុណា៖
សម្រាប់លោក សឺន សែនករុណា អ្នកនាំពាក្យអង្គការអាដហុក ករណីផ្ទុះអាវុធក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ សមត្ថកិច្ចមិនគួរប្រើប្រាស់កាំភ្លើងគ្រាប់ពិត បាញ់គំរាមប្រជាពលរដ្ឋឡើយ (អាចប្រើឡានទឹក, ខែលឬគ្រាប់កាំភ្លើងមិនពិត) ព្រោះវានាំឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ និងជារូបភាពបង្កហិង្សាធ្ងន់ធ្ងរក្នុងសកម្មភាពតវ៉ាក្នុងសង្គមកម្ពុជា។
សូមស្ដាប់សំឡេងលោក សឺន សែនករុណា៖
Tag:
រ៉ូណា ស្មីត
ស ខេង
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com