ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែម រិ​ទ្ធិ​សិត​៖ អ្នក​សច្ចំ​ទាយ​ថា គណបក្ស​ខ្ញុំ​នឹង​ទទួលបាន​៥​អាសនៈ​
19, Apr 2018 , 8:19 pm        
រូបភាព
លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី kem_rithisit
លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី kem_rithisit
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​តែមួយ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខាងមុខនេះ​។ គណបក្ស​ខ្មែរ​តែមួយ​នេះ ដឹកនាំ​ដោយ​លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​លោក កែម ឡី​។​



​បើទោះជា​គណបក្ស​ដទៃ ហាក់​រារែក​ក្នុងការ​ប្រកួតប្រជែង​បោះឆ្នោត ដោយសារ​បញ្ហានយោបាយ​ក្តី ក៏​គណបក្ស​ខ្មែរ​តែមួយ នៅតែ​ចូលរួម​ប្រកួត​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ ដែល​បាន​បន្ថែមថា គណបក្ស​លោក​កំពុងដំណើរការ​រៀបចំ​បេក្ខភាព​បក្ស​នៅតាម​មណ្ឌល​នីមួយៗ ដើម្បី​ប្រជែង​យក​កៅអី​រដ្ឋសភា​ហើយ​។​

​បើតាម​លោក កែម រិ​ទ្ធិ​សិត គណបក្ស​លោក​នឹងដាក់​បេក្ខភាព​ប្រកួតប្រជែង​នៅតាម​ខេត្ត​ចំនួន​១៧ រួមមាន​ខេត្តតាកែវ កណ្ដាល កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​កំពត​ជាដើម​។ ចំណែក​ខេត្ត​ចំនួន​៨​ទៀត ក្នុងនោះ​មាន​ខេត្ត​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ ក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី ព្រះវិហារ កែប និង​កោះកុង គណបក្ស​លោក​មិន​ដាក់​បេក្ខភាព​ប្រកួតប្រជែង​ទេ​។​

​សម្រាប់​ការចូលរួម​ប្រកួត​សំឡេងឆ្នោត​នេះ លោក រិ​ទ្ធិ​សិត មាន​ក្តី​រំពឹង​លើ​កិត្តិនាម​របស់​បងប្រុស​ខ្លួន គឺ​លោក កែម ឡី ដែល​ត្រូវបានគេទទួលស្គាល់​ថា ទស្សនបណ្ឌិត​លោក តែងតែ​ផ្ដល់​ដំណោះស្រាយ​សង្គម និង​បញ្ហា​ជាតិ កាលពី​គាត់​នៅមាន​ជីវិត​។ បើ​និយាយ​ពី​អ​បិ​យ​ជំនឿ​វិញ​លោក រិ​ទ្ធិ​សិត បាន​បញ្ជាក់ថា គណបក្ស​លោក​នឹង​អាច​ទទួលបាន​៥​កៅអី សម្រាប់​ការបោះឆ្នោត​ខាងមុខ ដោយយោង​ទៅតាម​ការទស្សទាយ​របស់​អ្នក​សច្ចំ​ម្នាក់ នៅ​ខេត្តបន្ទាយមានជ័យ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្អូន​លោក​កែម​ឡី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​ជំនឿ​លើ​បារមី​របស់លោក​បណ្ឌិត កែម ឡី ដែល​លោក​តែងតែ​ជួយ​ដោះស្រាយ​បញ្ហា​សង្គម និង​បញ្ហា​ជាតិ​។ ហើយ​បើ​ក្នុង​ផ្លូវ​ក្នុង​(​អ​បិ​យ​ជំនឿ​)​វិញ គណបក្ស​ខ្ញុំ​នឹង​អាច​បាន​៥​អាសនៈ ព្រោះ​មាន​អ្នក​សច្ចំ​នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​អ្នកបួស​រៀន បាន​ទាយ​ឲ្យ​គណបក្ស​ខ្ញុំ​។ ហើយ​និយាយ​ផ្លូវ​ក្រៅ​(​សកម្មភាព​អនុវត្ត​)​វិញ គឺ​ខ្ញុំ​សង្ឃឹមលើ​ធនធាន បានន័យថា បើ​មាន​ធនធាន លុយកាក់​ច្រើន យើង​អាចមាន​លទ្ធភាព​ខ្ពស់ ក្នុងការ​ពង្រឹង​បក្ស​យើង សម្រាប់​ការបោះឆ្នោត​…​។ ដូច្នេះ​ខ្ញុំ​ជឿ​ទាំង​ផ្លូវ​ក្នុង និង​ផ្លូវ​ក្រៅ ប៉ុន្តែ​បើ​លទ្ធផល​យ៉ាងណា​ក៏​យើង​ទទួលយក​ដែរ មិនចាំបាច់​ទាល់តែ​បាន​៥​កៅអី ឬ​៣​កៅអី​ឡើយ​»​។​

អត្ថបទទាក់ទង


​គណបក្ស​ខ្មែរ​តែមួយ ត្រូវបាន​ក្រសួងមហាផ្ទៃ ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៧ មេសា​កន្លងមក បន្ទាប់ពី​គណបក្ស​នេះ បាន​ប្ដូរ​ឈ្មោះ​ពី​គណបក្ស កែម ឡី ស្របតាម​លក្ខន្តិក​រប​ស់​ក្រសួងមហាផ្ទៃ​។ កន្លងមក​លោក កែម រិ​ទ្ធិ​សិត បាន​និយាយថា ការបង្កើត​គណបក្ស​ថ្មី​ឡើង​នេះ គឺមាន​គោលបំណង​យក​ទស្សនទាន​ល្អៗ របស់លោក​បណ្ឌិត កែម ឡី ទៅ​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ចាប់ផ្ដើម​ដំណើរ​ការទទួល​ពាក្យ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ មេសា​ខាងមុខនេះ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​៕


Tag:
 កែម ឡី​
  កែម រិ​ទ្ធិ​សិត​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com