ជាតិ
បោះឆ្នោត
នយោបាយជាតិ
សម្តេច ហ៊ុន សែន ថា អត្រាអ្នកទៅបោះឆ្នោតនៅកម្ពុជា នឹងមិនដូចវេណេស៊ុយអេឡាឡើយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា និងវេណេស៊ុយអេឡាមិនដូចគ្នានោះទេ។ ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងក្រោយពីការបោះឆ្នោតនៅវេណេស៊ុយអេឡា ស្ថិតនៅក្រោមរូបភាពរិះគន់ពីសហគមន៍អន្តរជាតិ ដែលលាយឡំនឹងការព្រមានដាក់ទណ្ឌកម្ម។
លោក នីកូឡាស ម៉ាឌូរ៉ូ អតីតអ្នកបើកឡានក្លាយជាប្រធានាធិបតីវេណេស៊ុយអេឡា នឹងបន្តកាន់តំណែងប្រាំមួយឆ្នាំទៀត ក្រោយពីទទួលសំឡេងឆ្នោត៦៨ភាគរយ ខណៈដែលប្រជាជនប្រទេសនេះ ទៅបោះឆ្នោតមានប្រហែល ៤៦,១ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនមានសិទ្ធបោះឆ្នោតសរុបជាង២០លាននាក់។ ភាគរយនៃប្រជាជនវេណេស៊ុយអេឡាទៅបោះឆ្នោតនេះ វាបង្ហាញឲ្យឃើញថា ប្រជាជនមិនចាប់អារម្មណ៍នឹងការបោះឆ្នោតឡើយ។
ប៉ុន្តែបញ្ហានៅវេណេស៊ុយអេឡានេះ មិនទាន់អាចយកមកប្រៀបធៀបនឹងការបោះឆ្នោតនៅកម្ពុជានោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការបោះឆ្នោតនៅវេណេស៊ុយអេឡា និងការបោះឆ្នោតនៅកម្ពុជាខាងមុខនេះ គឺជារឿងពីរផ្សេងគ្នា។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បកស្រាយថា ការបោះឆ្នោតនៅកម្ពុជា នឹងមានអ្នកចូលរួមបោះឆ្នោតច្រើន បើគិតជាភាគរយនៃចំនួនអ្នកមានសិទ្ធបោះឆ្នោត ដែលផ្ទុយពីវេណេស៊ុយអេឡា។
សូមស្ដាប់សំឡេង៖
ថ្លែងចំពោះមុខកម្មកររោងចក្រ នៅទឹកដីកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ឧសភានេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«អ្នកត្រូវចាំឲ្យច្បាស់ ចាំមើលបើកភ្នែកឲ្យធំៗ រង់ចាំថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ អ្នកចាំមើលទៅ រឿង(បោះឆ្នោត) នៅវេណេស៊ុយអេឡា គឺជារឿងផ្សឹង តែរឿងនៅកម្ពុជា គឺសមាជិកគណបក្សប្រជាជនទាំងអស់ គ្រាន់តែសមាជិកគណបក្សប្រជាជនទៅបោះឆ្នោត វាគ្រប់គ្រាន់និងច្រើនលើសលប់ជាភាគរយទៅហើយ អ្នកត្រូវចាំរឿងនេះឲ្យច្បាស់។ យុទ្ធសាស្ត្របាតដៃស្អាតរបស់អ្នកនឹងមានកំហុស»។
បន្ថែមពីលើនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកមិនគាំទ្រគណបក្សប្រជាជន មិនទៅបោះឆ្នោត ក៏គ្មានរឿងអ្វីប៉ះពាល់ដល់ការបោះឆ្នោតដែរ ពោលគឺមានតែអ្នកគាំទ្រគណបក្សប្រជាជន៥លាននាក់ចូលរួមនោះ វាបង្ហាញភាពស្របច្បាប់ តាមលក្ខណៈបច្ចេកទេសបោះឆ្នោតហើយ។
និយាយដល់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានរិះគន់ទៅលើសកម្មភាពអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលអំពាវនាវឲ្យពលរដ្ឋ កុំទៅបោះឆ្នោតនោះថា ជាការស្រែកនៅក្រៅប្រទេសអត់ប្រយោជន៍ ហើយគ្មានប្រសិទ្ធភាពឡើយ។
តាមរយៈសារនយោបាយពីក្រៅប្រទេស លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគាំទ្រខ្លួន ពហិកាបោះឆ្នោត ក្រោមពាក្យមួយឃ្លាថា «ដេកផ្ទះ ឈ្នះខ្លួនឯង» ដើម្បីចំអកទៅនឹងការបោះឆ្នោត ដែលមានគណបក្សជិត២០ចូលរួម ដោយក្នុងនោះមានតែគណបក្សប្រជាជន មានលទ្ធភាពខ្ពស់ជាងគេ ក្នុងការឈ្នះឆ្នោតដឹកនាំប្រទេស។
កម្ពុជាធ្លាប់ឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥អាណត្តិហើយ គិតចាប់ពីឆ្នាំ១៩៩៣មក។ សម្រាប់ការបោះឆ្នោតក្នុងអាណត្តិនីមួយៗគេសង្កេតថា ចំនួនភាគរយនៃអ្នកទៅបោះឆ្នោត មានការធ្លាក់ចុះជាលំដាប់មកដល់ឆ្នាំ២០១៣កន្លងមក។ ដោយគិតត្រឹមឆ្នាំ១៩៩៨មក គេឃើញមានអ្នកទៅបោះឆ្នោត៩៣,៧៤ភាគរយ ក្នុងចំណោម អ្នកមានឈ្មោះបោះឆ្នោត៥,៣៩៥,៥៩៥នាក់។ ឆ្នាំ២០០៣ មានអ្នកបោះឆ្នោត៨៣,២២ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ៦,៣៤១,៨៣៤នាក់ ។ ឆ្នាំ២០០៨ មានអ្នកបោះឆ្នោត៧៥,២១ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ៨,១២៥,៥២៩នាក់ និងតួលេខអ្នកបោះឆ្នោតនៅឆ្នាំ២០១៣ មានចំនួន៦៩,៧១ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ៩,៨៧៥,៤៥៣នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ដោយឡែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់វិញ ដោយគិតត្រឹមតែឆ្នាំ២០១៧កន្លងមកនេះ ត្រូវបានគេឃើញថា មានចំនួនពលរដ្ឋទៅបោះឆ្នោត៩០,៣៧ភាគរយ ក្នុងចំណោមពលរដ្ឋចុះឈ្មោះ៧,៨៥៦,០៣៣នាក់។ តួលេខអ្នកបោះឆ្នោតច្រើននេះ ដោយសារមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ។ ទាំងតួលេខអ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ (៥៥អាសនៈ) និងតួលេខជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ (កៅអីមេឃុំ-សង្កាត់ជិត៥០០កៅអី) ត្រូវបានគ.ជ.ប បង្ហាញថា អតីតគណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រខ្លួនក្នុងដៃ ជាង៣លាននាក់ ដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាបាន។
សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ ត្រូវបានគេសន្និដ្ឋានថា អាចនឹងមានរូបភាពអាក្រក់ជាងការបោះឆ្នោតអាណត្តិមុនៗ ដោយសារតែគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ហើយអាចរងសម្ពាធពីបរទេស ដែលមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅវេណេស៊ុយអេឡា មានអ្នកទៅបោះឆ្នោតមានប្រហែល ៤៦,១ភាគរយប៉ុណ្ណោះដែលវាបង្ហាញឲ្យឃើញថា ប្រជាជនមិនចាប់អារម្មណ៍នឹងការបោះឆ្នោតឡើយ។ ក្រៅពីភាគរយអ្នកទៅបោះឆ្នោតមានកម្រិតទាបហួសស្មាន ការបោះឆ្នោតនេះទៀតសោតសម្បូរដោយបញ្ហាមិនប្រក្រតី និងការទិញសន្លឹកឆ្នោតដែលរៀបចំដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ផង។ ម្យ៉ាងការបោះឆ្នោតនេះរៀបចំដោយមានការពហិកាពីសំណាក់ក្រុមប្រឆាំងផងដែរ។ ហេតុផលនេះហើយ ទើបសហគមន៍អន្តរជាតិបានចាត់ទុកការបោះឆ្នោតវេណេស៊ុយអេឡាជារឿងមិនស្របច្បាប់ឡើយ។ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតវេណេស៊ុយអេឡាជាដាច់ខាត ហើយវានឹងមានការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរបបដឹកនាំក្រុងការ៉ាកាសផងដែរ៕
Tag:
ហ៊ុន សែន
បោះឆ្នោត
នីកូឡាស ម៉ាឌូរ៉ូ
វេណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com