កីឡាជាតិ
ជាតិ
ចេ​សា សង្ឃឹមថា​កម្ពុជា​ពង្រឹង​កីឡា​ជឺ​ជិត​ស៊ូ​សម្រាប់​ឱកាស​ទៅ​ប្រជែង​មេដាយ​នៅ​អូឡាំពិក​២០២០
27, Aug 2018 , 11:19 pm        
រូបភាព
​ខាន់ ចេ​សា (Khan Jessa) ជា​កីឡាការិនី​ខ្មែរ​-​អាមេរិក​ទី​១ ដែល​បានឈ្នះ​មេដាយមាស​ពី​កីឡា Jiu-Jitsu ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​ជូន​កម្ពុជា​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games 2018 នៅ​ឥណ្ឌូណេស៊ី​។ នាង​ជឿជាក់ថា​កីឡា​នេះ​នឹង​កាន់តែ​រីកចម្រើន​ក្នុងប្រទេស​កម្ពុជា ហើយ​អាចឈាន​ជើង​ទៅ​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​បន្តទៀត​។


 
​ជ័យលាភី​មេដាយមាស​សម្រាប់​កម្ពុជា​របស់​យុវនារី​ដែល​កើត​ក្នុង​រដ្ឋ​តិច​សាស ហើយ​ទៅ​រស់នៅក្នុង​រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​ជា​យុទ្ធនាការ​ប្រកួតប្រជែង​តំណាង​ឲ្យ​ប្រទេស​កំណើត​របស់​ឪពុក​នាង​ជា​លើកដំបូង​។​
 
​ខាន់ ចេ​សា បាន​រៀបរាប់​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ថ្ងៃទី​២៦ ខែសីហា​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AP ថា​៖«​ខ្ញុំ​បានឈ្នះ​មេដាយមាស​ច្រើនណាស់​ពីមុនមក ប៉ុន្តែ​លើក​នេះ​ពិតជា​ពិសេស​»​។​


 
​កីឡាការិនី វ័យ​១៦​ឆ្នាំ​រូបនេះ​បន្ថែមទៀតថា នាង​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​មួយ​សប្តាហ៍​មុន​ពិធី​បើកផ្លូវ​ការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ី​ក្នុង​ក្រុង​ហ្សា​ការ​តា ដើម្បី​ចូលរួម​ហ្វឹកហាត់​ត្រៀម​ប្រជែង​តំណាង​ឲ្យ​ប្រទេស​នេះ​ដោយ​ជ្រើស​រើសយក​ប្រភេទ​កីឡា jiu-jitsu​។​
 
«​វា​ពិត​មានន័យ​ណាស់ ព្រោះនេះ​ជា​លើកទីមួយ​ដែល​ពួកគេ​មាន​ប្រភេទ​កីឡា jiu-jitsu ដូច្នេះ​ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​អាច​ឈ្នះ​វា​សម្រាប់​ប្រទេស​កម្ពុជា និង​ជា​អ្នកបង្កើត​ប្រវត្តិសាស្ត្រ​»​។ Khan Jessa និយាយ​ដូច្នេះ​។​
 
​ចេ​សា ដែលមាន​ឪពុក​ជា​ជនជាតិខ្មែរ ម្តាយ​ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​មិនចេះ​និយាយ​ភាសា​ខ្មែរ​សោះ​ហើយ​ស្គាល់​តែ​ពាក្យ​«​ម្ហូប​»​មួយ​មុខ​ប៉ុណ្ណោះ​នោះ បានស្នើ​ក្នុងនាម​ជ័យលាភី​មេដាយមាស​ឲ្យ​កម្ពុជា​ជួយ​លើក​កំពស់​វិស័យ​កីឡា jiu-jitsu ឲ្យ​កាន់តែ​រីកចម្រើន ហើយ​នាង​ជឿជាក់ថា​កីឡា​នេះ​នឹង​អាចឈាន​ជើង​ទៅ​ប្រជែង​ក្នុង​កីឡា​អូឡាំពិក​នា​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០​។​
 
​នាង​សង្ឃឹមថា កីឡា​នេះ​នឹង​បន្ត​រីកចម្រើន ហើយ​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​ស្គា​ល់ពី​វា​កាន់តែច្បាស់​ចាប់ពីពេលនេះ​តទៅ​។​
 
​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​ជា ១៥​លាន​នាក់​បានឈ្នះ​មេដាយមាស​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​៦០​ឆ្នាំ​ពី​កីឡា Asian Games នេះ​កាលពី ៤​ឆ្នាំមុន​នៅ​ទីក្រុង Incheon កូរ៉េខាងត្បូង​ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី​។ 
 
​សម្រាប់​នៅ​ឥណ្ឌូណេស៊ី​លើក​ទី​១៨​នេះ កម្ពុជា​រកបាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​២ និង​សំរឹទ្ធ​១​។ ក្រៅពី​កីឡាការិនី ខាន់ ចេ​សា កីឡាករ​ម៉ូតូ​ទឹក (JetSki) សាលី អ៊ូ​មើ​ត បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Ski Modified និង​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា Runabout 1100 Stock ជូន​កម្ពុជា​ផងដែរ​៕

Tag:
 Asian Games
  ខាន់ ចេ​សា​
  Jiu-Jitsu
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com