ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ កម្ពុជា អាច​នឹង​ដកខ្លួនពីស្ថាប័ន​អន្តរជាតិ​ណាមួយ បើបំពាន​ធ្ងន់ធ្ងរ​លើ​​កម្ពុជា​
27, Oct 2018 , 12:06 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
ដោយ: ថ្មីៗ
​មួយរយៈ​នេះ មានការ​លើកឡើង​យ៉ាង​ផុសផុល​ពី​ភាព​រកាំរ​កូ​សរ​វាង​កម្ពុជា ជាមួយ​សហគមន៍​អន្តរជាតិ​មួយចំនួន ជាពិសេស​សហភាព​អឺរ៉ុប និង​ស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយ​ទៀត គឺ​សហភាព​អន្តរ​សភា (IPU) ដែលមាន​ស្ថាប័ន​ផ្នែក​នីតិបញ្ញត្តិ (​រដ្ឋសភា និង​ព្រឹទ្ធសភា​)  ពី​បណ្តា​ប្រទេស​ជិត​២០០ ជា​សមាជិក​។

 
​រឿង​សហភាព​អឺរ៉ុប ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ចេញពី​កម្ពុជា ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួចហើយ ដើម្បី​ឆ្លើយតប​។ ឥឡូវ ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល បានចេញ​សេចក្តីបំភ្លឺ​មួយ​ផ្សេងទៀត ដើម្បី​ពន្យល់​សាធារណជន​ខ្លះ ដែល​កំពុង​បញ្ចេញមតិ​អំពី​ប្រតិកម្ម​របស់​សហភាព​អន្តរ​សភា មកលើ​កម្ពុជា​។
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​មូលហេតុ​ថា ការចេញ​សេចក្តីបំភ្លឺ​នេះ គឺ​ដោយសារ​តែមាន​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន ភាន់ច្រឡំ​ចំពោះ​ករណី​សហភាព​អន្តរ​សភា​។ ក្នុង​សេចក្តីបំភ្លឺ​របស់ខ្លួន ដែល​ចេញ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ អ្នកនាំពាក្យ បានលើកឡើង​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ពន្យល់ថា ប្រជាធិបតេយ្យ គឺជា​កិច្ចធានា​នូវ​សិ​ទិ្ធ​អំណាច​និង​សេរីភាព​របស់​មហាជន ដែល​មិន​ស្ថិតនៅក្រោម​បង្គាប់​ឬ​បញ្ជា​ពី​ជន​ណា ក្រុម​ណា ឬអង្គភាព​ណា​នោះទេ  មិន​ថា​នៅក្នុង​ឬ​នៅក្រៅ​ប្រទេស​។ 
 
​អ្នកនាំពាក្យ បញ្ជាក់ថា ប្រជាធិបតេយ្យ ត្រូវតែ​ក្តាប់​ឲ្យ​ជាប់​ជាដាច់ខាត​នូវ​សន្តិភាព ឯករាជ្យ និង អធិបតេយ្យ​។ និយាយ​ដល់​ចំណុច​នេះ អ្នកនាំពាក្យ ក៏​ព្រមាន​ថា កម្ពុជា អាច​នឹង​ដកខ្លួន​ចេញពី​ស្ថាប័ន​អន្តរជាតិ​ណាមួយ ដែល​បំពាន​លើ​អធិបតេយ្យ​កម្ពុជា​។ 
 
​អ្នកនាំពាក្យ សង្កត់​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា រក្សា​សិទ្ធិ​ពេញលេញ​និង​គ្រប់ពេលវេលា ក្នុង​ការដក​បេក្ខភាព​របស់ខ្លួន ចេញពី​អង្គការ​អន្តរជាតិ​ណាមួយ បើ​មានការ​ឈ្លានពាន ឬ​ការ​ជ្រៀត​ជ្រែ​ក​ធ្ងន់ធ្ងរ មកលើ​ដែន​អធិបតេយ្យ​និង​ផលប្រយោជន៍​កម្ពុជា​» ។​
 
​ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៨​នេះ សហភាព​អន្តរ​សភា បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ប្រតិភូ​សភា​កម្ពុជា ដែល​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោកស្រី ឃួន សុ​ដា​រី​។ 
 
​ក្នុង​កិច្ចប្រជុំ​លើក​នេះ សហភាព​អន្តរ​សភា ចេញ​របាយការណ៍​មួយ ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។ ក្នុង​របាយការណ៍​នោះ មាន​សរសេរ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សហភាព​អន្តរ​សភា យកទៅ​វាយតម្លៃ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា គ្មាន​ភាពត្រឹមត្រូវ ។ 
 
​ក្រោយមក​ គណៈប្រតិភូ​សភា​កម្ពុជា ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ឆ្លើយតប​នឹង​ការលើកឡើង​របស់​សភា​ព​អន្តរ​ជាស​ភា​។ គណៈប្រតិភូ​សភា​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖«​គណៈកម្មការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា ពុំបាន​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​សោះឡើយ​។ ផ្ទុយទៅវិញ ដោយ​ផ្អែកលើ​ប្រភពព័ត៌មាន​ដែលមាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង គណៈកម្មការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា កំពុង​លាប​ពណ៌​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត​....»៕ 

Tag:
 ផៃ ស៊ី​ផាន​
  IPU
© រក្សាសិទ្ធិដោយ thmeythmey.com