ជាតិ
នយោបាយជាតិ
លោកសម រង្ស៊ី៖ រដ្ឋាភិបាលត្រូវចរចាជាមួយ EU ទើបរួចពីទណ្ឌកម្ម មិនមែនរករឿងអ្នកប្រឆាំងទេ លោក សម រង្ស៊ី ស្ថិតក្នុងសភាសហភាពអឺរ៉ុបនាពេលកន្លងមក
× លោក សម រង្ស៊ី បានឆ្លើយតបវិញ ក្រោយសម្តេច ហ៊ុន សែន ព្រមានកម្ទេចក្រុមអ្នកប្រឆាំងនៅកម្ពុជា ប្រសិនបើសហភាពអឺរ៉ុប (EU ) ដាក់ទណ្ឌកម្មឬដកប្រពន្ធអនុគ្រោះពន្ធ EBA។ លោក សម រង្ស៊ី ប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជាថា «ខឹងគោ កុំវ៉ៃរទេះ»។
លោក សម រង្ស៊ី ប្រកាសទទួលខុសត្រូវទាំងស្រុងថា មានតែលោកម្នាក់គត់ ដែលសកម្មជាងគេ ក្នុងការជំរុញឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោក មិនចង់ឲ្យរដ្ឋាភិបាលឬអាជ្ញាធរ រករឿងអ្នកផ្សេង ដែលជាអតីតមន្ត្រីគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាឡើយ។
បន្ទាប់មក លោក ក៏លើកទឹកចិត្តបន្ថែមឲ្យរដ្ឋាភិបាលកម្ពុជា ចរចាជាមួយសហភាពអឺរ៉ុប ដើម្បីចៀសផុតពីទណ្ឌកម្ម។ លោក បានសរសេរសរលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖«បើចង់បញ្ចៀសទណ្ឌកម្មទាំងនោះ លោក ហ៊ុន សែន គ្រាន់តែបញ្ឈប់នយោបាយគាបសង្កត់....ហើយចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញនៅកម្ពុជាទៅ វាបានទៅហើយ»។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ឆ្លងកាត់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានសម្តែងការមិនសប្បាយចិត្តនឹងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលអំពាវនាវឲ្យសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ ចេញពីកម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានចាត់វិធានការកាន់តែខ្លាំង លើក្រុមអ្នកប្រឆាំងក្នុងស្រុក បើសហភាពអឺរ៉ុបពិតជាដកប្រព័ន្ធអនុគ្រោះពន្ធមែន។ ប្រមុខរដ្ឋាភិបាល ប្រកាសយ៉ាងដូច្នេះថា៖«ការដាក់ទណ្ឌកម្មចំពោះកម្ពុជា មានតម្លៃស្មើនឹងសម្លាប់គណបក្សឆាំង»។
យ៉ាងណាក៏ដោយ ប្រធានគណបក្សកាន់អំណាច ពុំចង់ឲ្យស្ថានភាពបែបនេះ កើតឡើងនោះទេ។ មេដឹកនាំកម្ពុជា បានផ្ញើសារទៅសហភាពអឺរ៉ុបថា គួរតែនិយាយគ្នា បើចង់កែប្រែស្ថានភាព។ មេដឹកនាំរូបនេះ សង្កត់ធ្ងន់ថា៖«បើចង់ឲ្យពួកប្រឆាំងងាប់ អាហ្នឹងកាត់ [ការអនុគ្រោះពន្ធទៅ]។ បើចង់ឲ្យពួកប្រឆាំងរស់ កុំធ្វើ....តែមកជជែកគ្នា ពិភាក្សាគ្នា កែលម្អសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ្យនិងអធិបតេយ្យ»។
សូមបញ្ជាក់ថា បច្ចុប្បន្ន សហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។ នីតិវិធីនេះ ត្រូវប្រើពេល១២ខែ ហើយក្រោយមកទើបសហភាពអឺរ៉ុប សម្រេចជាផ្លូវការថា ដកឬមិនដក។ មកដល់ពេល ដំណើរការនីតិវិធីនេះ មានរយៈពេលជិត៦ខែហើយ៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
EU
EBA
© រក្សាសិទ្ធិដោយ thmeythmey.com