ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច៖ ការយកពន្ធលើអង្ករ ដោយអឺរ៉ុប មិនដល់ថ្នាក់សម្លាប់កសិករខ្មែរទេ
× លោក ច័ន្ទ សុផល អ្នកជំនាញនិងជាអ្នកវិភាគសេដ្ឋកិច្ចម្នាក់ ដូចជាមិនយល់ស្របនឹងក្រសួងពាណិជ្ជកម្ម ដែលប្រើពាក្យថា ការសម្រចយកពន្ធលើអង្ករកម្ពុជា ដោយសហភាពអឺរ៉ុប គឺជាការធ្វើឃាតលើកសិករក្រីក្រ។ សម្រាប់លោក រឿងនេះ ដូចជាមិនគួរឲ្យព្រួយបារម្ភដល់ថ្នាក់នេះពេកទេ។
តាមរយៈគណនីហ្វេសប៊ុក លោក ច័ន្ទ សុផល បានបញ្ចេញទស្សនៈយ៉ាងដូច្នេះថា៖«ខ្ញុំយល់ឃើញថា ដូចជាមិនធ្ងន់ធ្ងរពេកទេ។ អឺរ៉ុប មិនអាចសម្លាប់កសិករខ្មែរតាមរបៀបនេះទេ។ បើគេឆ្ងាញ់នឹងអង្ករខ្មែរ គេក៏ទំនងជានៅតែទិញដដែល ទោះបីជាថ្លៃជាងមុនបន្តិចក៏ដោយ។ ប៉ុន្មានខែទៀតនឹងដឹងច្រើនហើយ»។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ ផ្តល់គំនិតថា កម្ពុជា អាចដោះស្រាយបាន ប្រសិនបើរដ្ឋាភិបាល ជួយបន្ថែមដល់វិស័យស្រូវអង្ករ ដូចជា ជួយបន្ថយថ្លៃអគ្គិសនីដល់រោងម៉ាស៊ីនស្រូវ បន្ថយថ្លៃកំពង់ផែ ហើយកសាងផ្លូវឲ្យរឹងមាំនៅតាមជនបទ និងមិនយកពន្ធកាត់ទុកប្រចាំខែ។ លោក ឲ្យយោបល់មួយទៀតថា ការកាត់បន្ថយថ្លៃដើម ក៏ជំរុញឲ្យអង្ករកម្ពុជា កាន់តែអាចប្រជែងយកឈ្នះគេ នៅលើទីផ្សារផ្សេងៗផងដែរ ក្រៅពីអឺរ៉ុប។ លោក បន្ថែមថា កសិករ អាចលក់ស្រូវអ៊ីអ៊ែរ ឲ្យវៀតណាមដូចសព្វដង ឬអាចត្រូវបានជួយឲ្យផលិតស្រូវក្រអូបវិញ។
ចំណែក អ្នកជំនាញសេដ្ឋកិច្ចម្នាក់ទៀត គឺលោក ង៉ែត ជូ ក៏បានបញ្ចេញយោបល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែរ ជាពិសេសផ្តោតលើចម្ងល់ថា ការយកពន្ធលើអង្ករនេះ គឺប្រជាពលរដ្ឋខ្មែរ ជាអ្នកខាត ឬក៏ប្រជាពលរដ្ឋខាងសហភាពអឺរ៉ុប ជាអ្នកខាត។ លោក ចោទជាសំណួរថា «តើកម្ពុជា ពិតជាអាចលក់អង្ករ ដោយដំឡើងតម្លៃ២០០ដុល្លារបន្ថែម ក្នុង១តោន? ឬក៏ កម្ពុជា ត្រូវទទួលខាតបង់ ដោយទម្លាក់តម្លៃ២០០ដុល្លារ ក្នុង១តោន?»
បន្ទាប់មក លោក ក៏បកស្រាយយ៉ាងដូច្នេះថា៖«បើទោះជាប្រជាជនអឺរ៉ុប ជាអ្នកចេញបន្ថែម២០០ដុល្លារក្នុង១តោន ក៏ហាក់ដូចជាមិនធ្ងន់ធ្ងរដែរ ព្រោះគេជាអ្នកមាន។ គេមានចំណូលប្រចាំឆ្នាំជាមធ្យម៣៣៧០០ដុល្លារ ដែល២០០ដុល្លារ ស្មើត្រឹមតែប្រហែល០,៦ភាគរយនៃចំណូលប៉ុណ្ណោះ។ ប៉ុន្តែបើកម្ពុជាជាអ្នករ៉ាប់រងពន្ធ២០០ដុល្លារ នោះស្មើនឹង១៤,៥%នៃចំណូលជាមធ្យមរបស់ពលរដ្ឋកម្ពុជា។ ចំណូលជាមធ្យមរបស់ពលរដ្ឋកម្ពុជានៅឆ្នាំ២០១៧ គឺប្រហែល១៣៨០ដុល្លារ។ យ៉ាងណា រដ្ឋាភិបាលអាចនឹងមានយន្តការបន្តជ្រោមជ្រែងវិស័យនេះ»។
សហភាពអឺរ៉ុប បានសម្រេចឲ្យកម្ពុជា បង់ពន្ធប្រមាណ២០០ដុល្លារ ក្នុង១តោន សម្រាប់ការនាំអង្ករទៅកាន់ទីផ្សារអឺរ៉ុប។ ការបង់ពន្ធ គឺអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ទៅ។
ក្រោយសហភាពអឺរ៉ុបសម្រេចបែបនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ចេញសេចក្តីថ្លែងការណ៍ ដើម្បីឆ្លើយតប។ ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការយកពន្ធលើអង្ករពីសំណាក់សហភាពអឺរ៉ុប ថាប្រៀបដូចជាអាវុធសម្លាប់ប្រជាកសិករក្រីក្រកម្ពុជា។ ក្រសួងនេះ អំពាវនាវឲ្យសហភាពអឺរ៉ុប ពិនិត្យឡើងវិញចំពោះការសម្រេចនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com