ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​សម្តេច ហ៊ុន សែន បើកភ្លើង​ខៀវ​ឲ្យ​ចូល​ខ្មែរ​វិញ លោក លឺ ឡាយស្រេង ថាលែងហ៊ាន​​និយាយ​ជ្រុលជ្រួស​ហើយ
02, Apr 2019 , 6:29 am        
រូបភាព
លោក លឺ ឡាយស្រេង អរគុណសម្តេច ហ៊ុន សែន ដែលបើកផ្លូវឲ្យខ្លួនចូលស្រុកវិញ
លោក លឺ ឡាយស្រេង អរគុណសម្តេច ហ៊ុន សែន ដែលបើកផ្លូវឲ្យខ្លួនចូលស្រុកវិញ
ដោយ: ថ្មីៗ
​លោក លឺ ឡាយស្រេង អាយុ​៨១​ឆ្នាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បង្ហោះ​ឃ្លី​ប​វីដេអូ អរគុណ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បើកផ្លូវ​ឲ្យ​ខ្លួន​វិល​ទៅកាន់​កម្ពុជា​វិញ បន្ទាប់ពី​និរទេស​ខ្លួន​ទៅ​បរទេស​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ ដោយសារតែ​បាន​ប្រើពាក្យ​សំដី​មិន​សមរម្យ​សំដៅទៅ​ព្រះមហាក្សត្រ​ក្នុងការ​សន្ទនា​មួយ​តាម​ទូរ​សព្ទ កាលពី​អំឡុង​ឆ្នាំ​២០១៧​។​


អត្ថបទទាក់ទង


ក្នុង​ឃ្លី​ប​វីដេអូ​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក លឺ ឡាយស្រេង បាន​សំដែង​ការរីករាយ​ចំពោះ​ការយោគយល់​របស់​សម្តេច ហ៊ុន សែន ចំពោះ​លោក​ដែល​ធ្លាប់​បម្រើការ​ជា​មន្ត្រី​រដ្ឋាភិបាល​៣​អណ​ត្តិ​។​

​លោក លឺ ឡាយស្រេង ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ឧបនាយករដ្ឋមន្ត្រី​កូតា​ហ្វ៊ុនស៊ិនប៉ិច​នោះ បាន​អះអាង​លោក​លែង​ហ៊ាន​និយាយ​អ្វី​ជ្រុលជ្រួស​ទៀតហើយ ជាពិសេស​ទៅលើ​ព្រះករុណា​ព្រះមហាក្សត្រ​។ «​តា​ចាស់​នេះ គួរតែ​ធ្វើបុណ្យ​ធ្វើ​ទាន​ធ្វើ​មូលនិធិ ទទួល​ចាស់​ទៅ​នៅ​ជាមួយ​ល្អជា​ជាង​»​។ លោក​បានលើកឡើង​ដូច្នេះ​។​



លោក លឺ ឡាយស្រេង រង​ការចោទប្រកាន់​ថាបាន​​ប្រមាថ​ព្រះមហាក្សត្រ តាមរយៈ​ការសន្ទនា​តាម​ទូរ​សព្ទ ប៉ុន្តែ​លោក​ក៏​ចេញមុខ​សុំ​ព្រះរាជ​ទោស​ផងដែរ​នាពេលនោះ ដោយ​លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​មានប្រើ​ពាក្យ​លើសលួស​ខ្លះៗ​។ ដូច្នេះ​សូម​អភ័យទោស​ដល់​បងប្អូន​ទាំងអស់ ជាពិសេស​សម្តេចនាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​។ ខ្ញុំ​ដូចជា​ព្រួយបារម្ភ​ខ្លាំងពេក ចេះតែ​និយាយ​ផ្តេសផ្តាស​ទៅ​ក៏មាន​។ ប៉ុន្តែ ខ្ញុំ មិនដែល​មានចិត្ត​ប្រមាថកាតទាន​ទេ សូម្បី​នាយករដ្ឋមន្ត្រី​»​។ 

​បន្ថែម​ពីលើ​នេះ​ទៀត លោក លឺ ឡាយស្រេង ក៏​រង​ការ​ចោទ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ផងដែរ ដោយ​លោក​បាន និយាយ​កាលពីដើម​ខែតុលា ឆ្នាំ​២០១៧ ថា សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានផ្តល់​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​ថ្នូរ​នៃ​ការប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃទី​១ ខែមេសា ថា លោក លឺ ឡាយស្រេង មិនចាំបាច់​បារម្ភ​ពេល​វិល​មកកាន់​កម្ពុជា​វិញ​នោះឡើយ​។ សម្តេច​ប្រកាស​ជា​សាធារណៈ​ថា​នឹង​គ្មាន​ការចោទប្រកាន់​ទៅលើ​រូប លោក លឺ ឡាយស្រេង ទេ​៕


Tag:
 លឺ ឡាយស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com