ជាតិ
ស្នងការខេត្តព្រៃវែង បដិសេធថា គ្មានករណីពុលនំបញ្ចុកនោះទេ
× ភ្នំពេញ៖ គ្មានករណីពុលនំបញ្ចុក កើតឡើងនៅក្នុងខេត្តព្រៃវែងឡើយ! នេះជាការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលច្រានចោលព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ពីករណីពុលនំបញ្ចុក នៅក្នុងខេត្តនៃភាគខាងកើតមួយនេះ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអះអាងនៅលើបណ្ដាញសង្គមផ្លូវការខ្លួនថា ករណីពុលនំបញ្ចុកដែលត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ចែករំលែកតៗគ្នានោះ គឺបានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៧ម្ល៉េះ។ «ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមបដិសេដចោល នូវពត៌មានដែលជនអនាមិកនេះ បានបង្ហោះ គឺមិនពិតទេ (ព្រោះ)វាបានកើតឡើងតាំងពី២០១៧ ម្ល៉េះ។ ចំណែកការហូបនំបញ្ចុក នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ នេះមិនមានករណីពុលនំបញ្ចុកនៅខេត្ត ព្រៃវែងទេ» ។
កាលពីថ្ងៃទី៩ មិថុនា ពលរដ្ឋកម្ពុជាមួយចំនួន បានរៀបចំកម្មវិធីបរិភោគនំបញ្ចុកជាលក្ខណៈគ្រួសារ និងក្រុមកាងារជាដើម នៅតាមមូលដ្ឋាន ភូមិស្រុកនានា ស្របតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការរៀបចំកម្មវិធីជួបជុំបរិភោគនំបញ្ចុកនេះ ត្រូវបានប្រមុខរដ្ឋាភិបាល អះអាងថា ជាការបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិ។ ក្រៅសមាជិកគណបក្សកាន់អំណាច ក៏មានខាងអតីតគណបក្សសង្គ្រោះជាតិ បានរៀបចំកម្មវិធីបរិភោគនំបញ្ចុកនេះ ទាំងក្នុង និងក្រៅប្រទេសដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com