តើ​គេ​ប្រើពាក្យ​«​ប្រព្រឹត្ត​»​និង​«​ប្រព្រឹត្តិ​» នៅពេលណា​ដែរ​?
ពីនេះ ពីនោះ / មិនយល់...!
តើ​គេ​ប្រើពាក្យ​«​ប្រព្រឹត្ត​»​និង​«​ប្រព្រឹត្តិ​» នៅពេលណា​ដែរ​?
21, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​គេ​ប្រើពាក្យ​«​ប្រព្រឹត្ត​»​ដោយ​គ្មាន​ស្រះ​«​ិ​»​នៅលើ​ព្យញ្ជនៈ​«​ត​»​នោះ​គឺ​មានន័យថា​ពាក្យ​នោះ​ជា​កិរិយាសព្ទ ឬ​គុណសព្ទ ប៉ុន្តែ​កាលណា​គេ​ប្រើពាក្យ​«​ប្រព្រឹត្តិ​»​នោះ​គឺ​សម្គាល់ថា​ពាក្យ​នេះ​ជា​នាមសព្ទ​។​


 
​គួរតែ​ចំណាំ​ថា ពាក្យ «​ប្រព្រឹត្ត​» គឺ​សម្គាល់ថា​ពាក្យ​នេះ​ជា​កិរិយាសព្ទ ដោយ​មានន័យថា ធ្វើតាម ប្រតិបត្តិ​តាម កាន់​វត្តប្រតិបត្តិ​។ បើ​គេ​ប្រើ​ឃ្លា​ដែលមាន​ពាក្យ​«​ប្រព្រឹត្ត​» គឺ​ត្រូវ​ប្រើ​ជា​ឃ្លា​ថា កុំ​ប្រព្រឹត្ត​ទុច្ចរិត​(​កុំ​ធ្វើអំពើ​អាក្រក់​)​។ 
 
​តាមបែប​វេយ្យាករណ៍​បើ​គេ​ចង់​បង្វែរ​កិរិយាសព្ទ មកជា​នាមសព្ទ​វិញ គេ​អាច​ប្រើ​ដោយ​យកពាក្យ ការ ក្តី សេចក្តី​ឬ​ដំណើរ មក​ប្រើ​ជាមួយ​កិរិយាសព្ទ «​ប្រព្រឹត្ត​» ដោយ​គោរព​តាម​វេយ្យាករណ៍​ខ្មែរ ការ ក្តី សេចក្តី ឬ​ដំណើរ ជា​នាមសព្ទ គឺ​ប្រើ​ជាមួយ​កិរិយាសព្ទ គឺ​ការប្រព្រឹត្ត​,​សេចក្តី​ប្រព្រឹត្ត ដំណើរ​ប្រព្រឹត្ត​។ បើ​ករណី​គេ​មិន​ប្រើពាក្យ ការ​,​សេចក្តី ឬ​ដំណើរ នៅ​ពីមុខ​នឹង​ពាក្យ​«​ប្រព្រឹត្ត​» ទេនោះ គេ​អាច​ជំនួស​ដោយ​ប្រើ​ជា​«​ប្រព្រឹត្តិ​»​ក៏បាន ព្រោះ​វា​ជា​នាមសព្ទ​ស្រាប់​។ បើ​មិន​ចង់​ឲ្យ​មានការ​ភ័ន្តច្រឡំ គ្រាន់តែ​ចងចាំ​ថា បើ​ប្រើ​កិរិយាសព្ទ​គឺ​នឹកឃើញ​ដល់​ពាក្យ «​ប្រព្រឹត្ត​» បើ​ប្រើ​ជា​នាមសព្ទ ឬ​គុណនាម គឺ​នឹកឃើញ​ដល់​ពាក្យ «​ប្រព្រឹត្តិ​»​។​
 
​មាន​ពាក្យ​ជាច្រើន​ទៀត​ដែល​ពលរដ្ឋ​នៅ​ប្រើ​បូកឡូក​គ្នា​នៅឡើយ​ថា​ពាក្យ​ណា​ប្រើ​ជា​កិរិយាសព្ទ ហើយ​ពាក្យ​ណា​ប្រើ​ជា​នាមសព្ទ ដូចជា​ពាក្យ អនុវត្ត និង​អនុវត្តន៍​, ទេសចរ និង​ទេសចរណ៍​,​អភិ​វ​ឌ្ឃ និង​អភិវឌ្ឍន៍​។​ល​។ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com