កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​៦ ដោយ​គិត​ត្រឹម​ថ្ងៃទី​១ ខែធ្នូ​
02, Dec 2019 , 6:29 am        
រូបភាព
ក្រុម​កីឡាករសីប៉ាកតាក្រកម្ពុជា ពេលទទួលមេដាយប្រាក់។ រូបថត Camsoc
ក្រុម​កីឡាករសីប៉ាកតាក្រកម្ពុជា ពេលទទួលមេដាយប្រាក់។ រូបថត Camsoc
ដោយ: ថ្មីៗ
មួយថ្ងៃ​ក្រោយ​ពិធី​បើកផ្លូវ​ការ កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​៦ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ មេដាយ​ដែល​កម្ពុជា​ទទួល​បានកា​លពី​ថ្ងៃទី​១ ខែធ្នូ នោះ មាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៦ ពី​ប្រភេទ​កីឡា​ដំបង​ខ្លី Arnis  និង​មេដាយប្រាក់​១​ពី​កីឡា​សី​ប៉ា​កតា​ក្រ​។​



អត្ត​ព​លិ​ក​ដែល​ប្រកួតប្រជែង​ក្នុង​កីឡា Arnis ប្រភេទ​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន​នោះ សុទ្ធតែជា​អត្ត​ព​លិ​ក​គុន​ល្បុក្កតោ​។ កីឡាករ យ៉ុង ម៉េង​លី រកបាន​មេដាយប្រាក់​១​លើ​វិញ្ញាសា LS LIGHTWEIGHT (+60 KG LESS 65 KG)  និង​មេដាយប្រាក់​១​ទៀត រកបាន​ដោយ​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា លើ​វិញ្ញាសា LS LIGHTWEIGHT (+55 KG LESS 60 KG)​។​

​មេដាយប្រាក់​១​ទៀត នោះ គឺ​សម្រេចបាន​ដោយ​ក្រុម​កីឡាករ​សី​ប៉ា​តា​ក្រ លើ​វិញ្ញាសា SEPAK TAKRAW - HOOP EVENT ដោយមាន​សមាសភាព​កីឡាករ​ដូចជា នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​។​

​រីឯ​មេដាយ​សំរឹទ្ធ​៦​ក្នុង​ថ្ងៃ​ដំបូង​នោះ សុទ្ធតែ​រកបាន​ដោយ​ក្រុម​អត្ត​ព​លិ​ក​ល្បុក្កតោ ដែល​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា ARNIS ដែល​ក្នុងនោះ​រួមមាន កីឡាការិនី បូ ច​ន្ធី វិញ្ញាសា LS WELTERWEIGHT (+60 KG AND ABOVE), កីឡាការិនី យស់ សញ្ច​នា វិញ្ញាសា LS FEATHERWEIGHT (+50 KG LESS 55 KG) កីឡាការិនី ខៀវ ចិន្តា​រ័ត្ន វិញ្ញាសា LS BANTAMWEIGHT (50 KG AND LESS) កីឡាករ មឿ​ន ប៊ុនលី វិញ្ញាសា LS WELTERWEIGHT (+65 KG AND ABOVE) កីឡាករ ឌឹ​ម ង៉ែត វិញ្ញាសា LS BANTAMWEIGHT (55 KG AND LESS) និង​កីឡាករ សុខ ឈុន វិញ្ញាសា LS FEATHERWEIGHT (+55 KG LESS 60 KG)​។​

​គិត​ត្រឹម​ថ្ងៃទី​១ ខែធ្នូ ម្សិលមិញ​ផងដែរ ម្ចាស់ផ្ទះ​ហ្វីលីពីន ឈ្នះ​មេដាយមាស​ដល់​ទៅ​២២ ប្រាក់​១២ និង​សំរឹទ្ធ​៩​។ វៀតណាម​ឈរ​លំដាប់​លេខ​២ ដោយ​នាំមុខ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី​។ កម្ពុជា មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ ដែល​ក្នុង​តារាង​ក្រុម​ដែល​រកបាន​មេដាយប្រាក់ ខណៈ​ឡាវ រកបាន​មេដាយ​សំរឹទ្ធ​២ រីឯ​ទី​ម័​រ​ខាងកើត មិនទាន់មាន​មេដាយ​ឡើយ​។​

​កាលពី​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា រកបាន​មេដាយ​សរុប​១៧ ក្នុងនោះ​មាន​មាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com