COVID-19
ជាតិ
ស្ថាប័នជំនាញ ប្រាប់ពលរដ្ឋខ្មែរគ្រប់រូបមកពីបរទេស «ឲ្យនៅដាច់ដោយឡែកពីគេ១៤ថ្ងៃ»
22, Mar 2020 , 4:30 pm        
រូបភាព
សកម្មភាពនៅព្រលានយន្តហោះ (រូបពី CDC)
សកម្មភាពនៅព្រលានយន្តហោះ (រូបពី CDC)
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ទទូចឲ្យប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរមកពីបរទេស ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ហើយតាមដានមើលសុខភាពខ្លួនឯង។



តាមរយៈសារលើទំព័រហ្វេសប៊ុក ដែលបង្ហោះចេញនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានណែនាំឲ្យប្រជាពលរដ្ឋ ពិគ្រោះជំងឺជាមួយមន្រ្តី ដោយហៅទៅកាន់លេខ១១៥ បើមានចេញរោគសញ្ញា។

ភ្ជាប់ជាមួយនឹងសារនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ បានបង្ហោះឡើងវិញនូវសេចក្តីណែនាំស្តីពីនីតិវិធីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ នៅក្នុងផ្ទះ ដែលលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។  

ក្នុងសេចក្តីណែនាំនោះ លោក ម៉ម ប៊ុនហេង ប្រាប់ថា បន្ទប់ ដែលបុគ្គលណាម្នាក់ ត្រូវនៅម្នាក់ឯងនិងដាច់ដោយឡែកពីសមាជិកគ្រួសារ គឺត្រូវមានខ្យល់ចេញចូលល្អ ហើយបើផ្ទះ មានបន្ទប់តែមួយ គឺត្រូវរក្សាចម្ងាយឲ្យបានប្រមាណ២ម៉ែត្រពីសមាជិកគ្រួសារ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ណែនាំឲ្យកាត់បន្ថយការប្រើកន្លែងទំនេរ និង កន្លែងរស់នៅរួមគ្នា ដូចជា ផ្ទះបាយ  និង បន្ទប់ទឹក ជាដើម។ លោក បន្តថា ត្រូវសម្អាតបន្ទប់ស្នាក់នៅ និង បន្ទប់ទឹកជាប្រចាំ ហើយត្រូវបោកគក់សម្លៀកបំពាក់ ស្រោមពូក ខ្នើយ រួមទាំង គ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ។

លើសពីនេះ រដ្ឋមន្ត្រីសុខាភិបាល រម្លឹកឲ្យឧស្សាហ៍លាងដៃ ហើយត្រូវខ្ទប់ច្រមុះ និង មាត់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ នៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសអនាម័យនោះភ្លាមទៅក្នុងធុងសំរាម។

អត្ថបទទាក់ទង


សូមរម្លឹកថា គិតត្រឹមយប់ថ្ងៃទី២១ ខែមីនា កម្ពុជា រកឃើញមនុស្ស៥៣នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន២នាក់ បានជាសះស្បើយវិញ គឺបុរសជនជាតិចិននិងស្រ្តីជនជាតិអង់គ្លេស។ ទន្ទឹមនឹងនេះ មានមនុស្សមួយចំនួនទៀត ត្រូវបានរក្សាទុកក្នុងមន្ទីរពេទ្យរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ទោះជាពួកគេ ធ្វើតេស្ត ហើយលទ្ធផលបង្ហាញថា មិនមានវីរុសកូវីដ-១៩ក្តី។

យ៉ាងណា គេ អាចឃុំខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមិនចាំបាច់នៅមន្ទីរពេទ្យក៏បាន។ តែករណីនេះ គឺសម្រាប់តែអ្នកដែលដឹងខ្លួនថា មានហានិភ័យទាបក្នុងការឆ្លងវីរុសកូវីដ-១៩ប៉ុណ្ណោះ ចំណែកអ្នកដែលសង្ស័យថា ខ្លួនមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ-១៩ ដូចជា ធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ជាដើម គឺចាំបាច់ត្រូវស្ថិតក្នុងមន្ទីរពេទ្យ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com