កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការ​ប៉ា​រ៉ា​ហ្គា​យ​ឲ្យ Ronaldinho ចេញពី​ពន្ធនាគារ តែ​ត្រូវ​ឃុំ​នៅ​សណ្ឋាគារ​វិញ​
08, Apr 2020 , 11:15 am        
រូបភាព
​ចៅក្រម​នៃ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ នៅ​ថ្ងៃទី​៧ ខែមេសា បាន​បញ្ជា​ឲ្យ​ដោះលែង​អតីត​កីឡាករ​ប្រេ​ស៊ី​ល Ronaldinho និង​បងប្រុស​របស់គេ​ពី​ពន្ធនាគារ តែ​អ្នក​ទាំងពីរ​ត្រូវ​បញ្ជូនទៅ​ឃុំ​នៅ​សណ្ឋាគារ​មួយ​នៅ​កណ្តាល​ក្រុង Asuncion វិញ​។​


 
Ronaldinho និង​បងប្រុស​ឈ្មោះ Roberto បាន​ជាប់ពន្ធនាគា​ររ​យៈ​ពេល​ជាង​១​ខែ​មកហើយ​ដើម្បី​រង់ចាំ​ការជំនុំជម្រះ​លើ​បទ​ចោទ​ប្រើប្រាស់​លិខិតឆ្លងដែន​មិន​ពិត​ដើម្បី​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​។ មេធាវី​របស់​បងប្អូន​ប្រុស​សញ្ជាតិ​ប្រេ​ស​ស៊ី​ល​ទាំងពីរ បាន​បង់ប្រាក់​ធានា​ចំនួន ១,៦ លាន​ដុល្លារ​អាមេរិក​រួចហើយ​ជុំវិញ​ករណីនេះ​។​
 
​លោក​ចៅក្រម Gustavo Amarilla បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​បាន​បញ្ជា​ឲ្យ​បន្ត​ការចាប់ខ្លួន​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Barcelona នៅក្នុង​ផ្ទះ​លម្ហែ​មួយកន្លែង​ជាមួយ​បងប្រុស​របស់គេ បើ​ទោះ​បាន​ចាក​ចេញពី​មន្ទីរឃុំឃាំង​ក្តី​។​
 
​សេចក្តីសម្រេច​នេះ​មានន័យថា​បងប្អូន​ទាំងពីរ​អាច​ផ្លាស់​ទីតាំង​ឃុំឃាំង​ដែលមាន​ភាពលំបាក​ទៅកាន់​ផ្ទះ​ស្នាក់​បែប​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ដែលមាន​ទីតាំងនៅ​ចំ​កណ្តាល​ក្រុង Asuncion ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​។ បើ​ទោះ​ផ្លាស់​ទៅកាន់​សណ្ឋាគា​ក្តី ប៉ុន្តែ​លោក Amarilla បាន​អះអាង​ប្រាប់​អ្នកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​លោក​ធានា​ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​ថា​ពួកគេ​អាច​សង្កេតមើល Ronaldinho និង​បងប្រុស​របស់គេ​អំឡុង​ការឃុំខ្លួន​នេះ​។​
 
​តុលាការ​ប៉ា​រ៉ា​ហ្គា​យ​កាលពី​ខែ​មុន​បាន​ច្រានចោល​ការស្នើសុំ​ឲ្យ​ដោះលែង​អ្នក​ទាំងពីរ ដោយសារ​ប្រើប្រាស់​លិខិតឆ្លងដែន​មិន​ពិត​ដើម្បី​ចូល​ប្រទេស​នេះ​។ អំឡុងពេល​ជាប់ឃុំ​ម្ចាស់​ពាន Ballon d'Or ឆ្នាំ​២០០៥ បានធ្វើ​ពិធី​ខួបកំណើត អាយុ​៤០​ឆ្នាំ​របស់ខ្លួន​នៅឯ​ពន្ធនាគារ​នោះ​តែម្តង​៕

Tag:
 Ronaldinho
© រក្សាសិទ្ធិដោយ thmeythmey.com