COVID-19
អន្តរជាតិ
WHO ប្រាប់ចិននិងអាមេរិកឲ្យឈប់ធ្វើនយោបាយលើ COVID-19 ដែលសម្លាប់មនុស្សរាប់ម៉ឺននាក់ លោកអគ្គនាយក WHO (កណ្ដាល), ប្រធានាធិបតីចិន (ស្តាំ) និងប្រធានាធិបតីអាមេរិក
× អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៨ ខែមេសា បានទទូចឲ្យមានសាមគ្គីភាពសាកលដើម្បីប្រយុទ្ធប្រឆាំង COVID-19 ដែលសម្លាប់មនុស្សជិត៩ម៉ឺននាក់ហើយ។ ត្រង់ចំណុចនេះ ប្រមុខ WHO បានព្រមានសហរដ្ឋអាមេរិកនិងចិនឲ្យឈប់លេងល្បែងនយោបាយលើបញ្ហា COVID-19 ប្រសិនបើមិនចង់ឃើញគំនរសាកសពបន្ថែមទៀតទេនោះ។
ក្នុងសន្និសីទព័ត៌មានតាមអនឡាញ ក្នុងទីក្រុង ហ្សឺណែវ លោកអគ្គនាយក Tedros Adhanom Ghebreyesus អំពាវនាវឲ្យសហរដ្ឋអាមេរិកចូលដៃជាមួយចិនក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ល្អជាងការលេងល្បែងចង្អុលមុខដាក់គ្នា។
«សហរដ្ឋអាមេរិក និងចិន គួរតែរួបរួមគ្នាហើយប្រយុទ្ធតទល់នឹងសត្រូវដ៏គ្រោះថ្នាក់មួយនេះ»។ លោក Tedros និយាយបែបនេះ ដោយសំដៅលើជំងឺ COVID-19 ដែលឆ្លងមនុស្សទូទាំងពិភពលោកជាង១,៥លាននាក់។ លោកបន្តទៀតថា រដ្ឋាភិបាលទាំងអស់ គួរយកចិត្តទុកដាក់លើការជួយសង្គ្រោះប្រជាជនពួកគេ។ ម្ល៉ោះហើយ សូមកុំធ្វើនយោបាយលើបញ្ហា COVID-19។
ត្រង់ចំណុចនេះ លោកអគ្គនាយក WHO ព្រមានដូច្នេះថា៖«ប្រសិនបើអ្នកចង់បានគំនរសាកសពច្រើនបន្ថែមទៀត អ្នកធ្វើវាបន្តចុះ។ ប្រសិនបើអ្នកមិនចង់បានគំនរសាកសពច្រើនបន្ថែមទៀតទេនោះ អ្នកត្រូវឈឺធ្វើនយោបាយវា»។ ដោយស្រង់ករណីអ្នកស្លាប់សរុប និងតួលេខអ្នកឆ្លង លោក Tedros ស្រែកអង្វរសុំថា៖«តើប៉ុណ្ណឹងហើយពុំទាន់គ្រប់គ្រាន់ទេឬ?»។
ការលើកឡើងរបស់ប្រមុខ WHO រូបនេះ ធ្វើឡើងទំនងឆ្លើយតបនឹងការចោទប្រកាន់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាអង្គការលោកលំអៀងរកចិន។ កាលពីថ្ងៃ៧ មេសា លោក ត្រាំ បានព្រមានកាត់ផ្ដាច់ជំនួយរបស់អាមេរិកសម្រាប់អង្គការសុខភាពពិភពលោក ដោយអះអាងថា WHO គួរចេញបម្រាមធ្វើដំណើរឲ្យលឿន ទើបវីរុសមិនអាចរាលដាលដូចបច្ចុប្បន្ន។
ទាក់ទិនការរិះគន់លោកត្រាំលើ WHO ក្រសួងការបរទេសចិនក៏បានចេញមុខការពារដោយលើកឡើងថា អង្គការសុខភាពពិភពលោក ក្រោមការដឹកនាំរបស់លោក Tedros បាននិងកំពុងបំពេញការងារខ្លួនយ៉ាងល្អនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចប្រឹងប្រែងអន្តរជាតិនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសាកលនេះ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេស លោក Zhao Lijian សង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកសម្រេចកាត់ផ្ដាច់ជំនួយទៅWHOមែននោះ វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់អង្គការអន្តរជាតិនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំង COVID-19 ។ ត្រង់ចំណុចនេះ លោក Zhao សង្ឃឹមថា បណ្ដាប្រទេសទាំងអស់អាចធ្វើការរួមគ្នា, ជួយគ្នាទៅវិញទៅមកខណៈពេលដ៏លំបាកមួយនេះ ហើយចូលរួមចំណែកក្នុងការប្រយុទ្ធសាកលប្រឆាំងជំងឺ COVID-19 នេះ៕
Tag:
WHO
អង្គការសុខភាពពិភពលោក
COVID-19
Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com