សង្គមអន្តរជាតិ
អន្តរជាតិ
ការី ឡាំ៖ ហុងកុង មិនអាចទាមទារសិទ្ធិការពារពលរដ្ឋ១២នាក់ដែលឃុំខ្លួននៅចិនបានទេ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ Reuters
× ហុងកុង មិនមានមូលដ្ឋានច្បាប់ឡើយក្នុងការទាមទារសិទ្ធិសម្រាប់ប្រជាជនហុងកុងចំនួន ១២នាក់ ដែលបានឃុំខ្លួននៅចិន ដោយសារតែការឆ្លងដែនខុសច្បាប់ទៅតៃវ៉ាន់។ ប្រមុខទីក្រុងហុងកុង ការី ឡាំ បានបញ្ជាក់បែបនេះនៅថ្ងៃទី២២ ខែកញ្ញា ដោយបន្ថែមថា អ្នកទាំង១២រូប ត្រូវតែប្រឈមមុខច្បាប់នៅចិនដីគោក។
អាជ្ញាធរចិន បានចាប់ខ្លួនប្រជាជនហុងកុងចំនួន១២រូបកាលពីខែសីហាកន្លងទៅ ពេលពួកគេជិះទូកក្នុងចេតនាភៀសខ្លួនចេញពីហុងកុងទៅតៃវ៉ាន់។ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិហុងកុងធ្លាប់បានបញ្ជាក់ថា អ្នកទាំងនោះ នឹងត្រូវកាត់ទោសដោយតុលាការចិន មិនមែននៅហុងកុងឡើយ។
ក្នុងសន្និសីទប្រចាំសប្ដាហ៍នៅថ្ងៃទី២២ ខែកញ្ញា លោកស្រី ឡាំ ត្រូវបានអ្នកសារព័ត៌មានសួរម្ដងទៀតទាក់ទិនការចាប់ខ្លួននេះ។ សំណួរ គឺតើលោកស្រីអាចធានាបានទេថា ប្រជាជនហុងកុងទាំងនោះនឹងទទួលបានការពារផ្នែកសិទ្ធិមនុស្ស ការសន្មត់ថាគ្មានទោស ការកាត់ក្តីដោយយុត្តិធម៌ និងទទួលបានអ្នកតំណាងផ្នែកច្បាប់។
«យើងមិនមានមូលដ្ឋានច្បាប់ ដើម្បីធ្វើតាមអ្វីដែលអ្នកចង់ឲ្យយើងធ្វើឡើយ។» ប្រមុខហុងកុងបញ្ជាក់យ៉ាងដូច្នេះ។ បើតាមលោកស្រីការី ឡាំ អ្នកទាំងនោះត្រូវតែដោះស្រាយជាមួយច្បាប់របស់ចិនដីគោក មុននឹងមកដោះស្រាយបញ្ហាច្បាប់នៅហុងកុង។
ចំណែកអាជ្ញាធរចិនវិញ បានអះអាងថា សិទ្ធិស្របច្បាប់នៃប្រជាជនហុងកុងចំនួន ១២នាក់នេះ នឹងត្រូវបានការពារដោយផ្អែកទៅតាមច្បាប់របស់ចិន។ មកទល់ពេលនេះ ប្រជាជនហុងកុងចំនួន ១២រូប ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងស៊ិនជិន ដែលនៅក្បែរហុងកុងស្រាប់។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ពលរដ្ឋហុងកុងទាំង១២នាក់នេះ ត្រូវសង្ស័យថា បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលហុងកុង នៅក្នុងឆ្នាំ២០១៩។ មនុស្សចំនួន១០នាក់ ក្នុងចំណោមនោះ ត្រូវបានគេចោទប្រកាន់ពីបទល្មើសមួយចំនួន ប៉ុន្តែត្រូវដោះលែងឲ្យនៅក្រៅឃុំវិញ។ ការគេចចេញពីទីក្រុងហុងកុងរបស់អ្នកទាំង១២នាក់នេះ ទំនងបណ្តាលមកពីការចូលជាធរមានរបស់ច្បាប់សន្តិសុខជាតិហុងកុង ស្របពេលអាជ្ញាធរហុងកុងតាមដានសកម្មភាពរបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com