ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ៖ ខ្ញុំ​មិន​គាំទ្រ​អ្នកណា ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ខ្មែរ និង​ជាតិ​ឡើយ​
02, Dec 2020 , 10:31 am        
រូបភាព
​ភ្នំពេញ​៖ ស្រប​ពេលដែល​ខ្លួន​ជាប់​បម្រាម​ហាម​ធ្វើ​សកម្មភាព​នយោបាយ និង​បញ្ហា​ក្តីក្តាំ​នោះ លោក កឹម សុខា គ្មាន​ពាក្យ​អ្វី​ក្រៅពី​ទទូច​ឲ្យ​អ្នកនយោបាយ​ចេះ​រួបរួមគ្នា និង​ចេះ​ស្រលាញ់​ជាតិ​សាសន៍​ខ្លួនឯង​នោះទេ​។ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ អះអាងថា ខ្លួន​មិន​ចង់ឃើញ និង​មិន​គាំទ្រ​អ្នកណា ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ខ្មែរ និង​មាតុភូមិ​កម្ពុជា​ឡើយ​។​



«​ការបង្រួបបង្រួម​ខ្មែរ  គឺជា​កាតព្វកិច្ច និង​ជា​កិត្តិយស​របស់​ខ្មែរ ជាពិសេស​របស់​អ្នកដឹកនាំ​គ្រប់រូប​»​។ នេះ​សារ​របស់លោក កឹម សុខា ដែល​មិនចង់ឃើញ​មេដឹកនាំ​នយោបាយ នៅតែ​លេង​នយោបាយ​កម្ចាត់​គ្នា​ទៅវិញទៅមក​ឡើយ​។ សម្រាប់​លោក កឹម សុខា ការលេង​នយោបាយ​កម្ចាត់​គ្នា​នេះ វា​នឹង​នាំ​ឲ្យ​បាត់បង់​ពេលវេលា និង​ធនធាន ដែល​បម្រើ​ការពារ និង​កសាង​មាតុភូមិ​កម្ពុជា ដើម្បី​ខ្មែរ​ទាំងអស់គ្នា​។​
 
​លោក កឹម សុខា ដែល​កំពុង​ជាប់​ក្តីក្តាំ​ពីបទ «​គប់គិត​ជាមួយ​បរទេស​» នោះ ដឹងខ្លួន​ច្បាស់​ថា គ្មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុងការ​និយាយ​ស្តីពី​រឿង​នយោបាយ​នេះឡើយ​។ ប៉ុន្តែ​លោក​ព្យាយាម​និយាយ​ដោយ​សម្តី​ប្រុងប្រយ័ត្ន ដើម្បី​មិន​រំលោភច្បាប់ និង​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ​នៅក្នុង​នយោបាយ​នេះ​។ តាមរយៈ​សំណេ​នៅលើ​ហ្វេ​ស​ប៊ុ​ក លោក កឹម សុខា បាន​លើកយក​វប្បធម៌​នយោបាយ​អហិង្សា​របស់ខ្លួន មក​ពន្យល់ថា លោក​តែងតែ​បញ្ចៀស​ការបង្ក​ជម្លោះ​ជាមួយ​ខ្មែរ​គ្នាឯង និង​គ្រោះ​ថ្នាក់ជាតិ ទោះបី​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ជាពិសេស​លោក មិន​គាំទ្រ​អ្នកណា ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ខ្មែរ និង​មាតុភូមិ​កម្ពុជា​ឡើយ​។​
 
«​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន អ្វីដែល​មិនអាច​ធ្វើបាន ទោះបី​មាន​អ្នកខ្លះ​ប្រឹង​រុញច្រាន​ឲ្យ​ខ្ញុំ​ចូលក្នុង​អន្ទាក់​គេ​ក៏ដោយ ខ្ញុំ​នូវតែ​រក្សា​ជំហរ អហិង្សា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ មិន​បង្កជម្លោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ និង​ប្រទេសជាតិ​ខ្លួន​ឡើយ​។ ខ្ញុំ​បានកំណត់​ហើយ​ថា ប្រជាពលរដ្ឋ​ខ្មែរ ជា​ជនរួមជាតិ ជា​ជន​រួម​ឈាម ជា​បងប្អូន​របស់ខ្ញុំ ហើយ​ប្រទេស​កម្ពុជា ជា​មាតុភូមិ ជា​ទឹកដី​កំណើត ជា​កន្លែង​ដែល​ខ្ញុំ កើត រស់ និង​ស្លាប់ ដែល​ខ្ញុំ​មិនអាច​បោះបង់ និង​មិន​គាំទ្រ​អ្នកណា​ដែល​បង្ករ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាតុភូមិ​កម្ពុជា​ឡើយ ទោះបី​ខ្ញុំ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​ចុះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​ដ្បិត​មិនអាច​ធ្វើ​សកម្ម​នយោបាយ​បាន ប៉ុន្តែ​លោក កឹម សុខា នៅតែ​អាច​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ ដោយ​ចែក​អំណោយ និង​ដោះ​ទុក​លំបាក​ពួកគេ ជាពិសេស​នៅក្នុង​អំឡុងពេល​ទឹកជំនន់​តែម្ដង​។ រយៈពេល​៣​ខែ ដែល​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​នោះ លោក បាន​សិក្សា​ឃើញថា ពលរដ្ឋ​ខ្មែរ គឺ​គួរ​ឲ្យ​អាណិត ដោយសារតែ​ពួកគេ​ប្រឈមមុខ​រងគ្រោះ​ព្រោះ​រឿង​នយោបាយ​។ ក្នុងន័យនេះ លោក កឹម សុខា ស្នើ​ឲ្យ​អ្នកនយោបាយ​ទាំងអស់ បញ្ឈប់​សកម្មភាព​អុចអាល​ឲ្យ​ពលរដ្ឋ​ស្អប់​គ្នា ដោយសារ​និន្នាការ​នយោបាយ​ទៀត​។​
 
«​ទឹកដី​យើង មាន​ភូមិសាស្ត្រ និង​ធនធានធម្មជាតិ​អំណោយផល​ល្អ​ណាស់ ឲ្យ​តែ​យើង​គ្រប់គ្រង​បាន​ត្រឹមត្រូវ មិន​បំផ្លិចបំផ្លាញ​។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជាទូទៅ​មានទឹក​ចិត្តល្អ​គួរ​ឲ្យ​គោរព​ស្រឡាញ់​ណាស់ បើ​យើង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មានការ​រើសអើង សងសឹក​គ្នា​នោះទេ ខ្មែរ​អាច​រស់នៅ​ដោយ ឯករាជ្យភាព ដោយ​សុខដុមរមនា និង​ដោយ​វឌ្ឍនភាព​សម្រាប់​ខ្មែរ​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា​។​
 
​មិនមែនជា​លើក​ទី​១​ទេ ដែល​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ ស្នើ​ឲ្យ​អ្នកនយោបាយ​បង្រួបបង្រួម​គ្នា ហើយ​ឈប់​លេង​នយោបាយ​កម្ចាត់​គ្នា​នេះ​។​
 
​រយៈពេល​៣​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទ​ពីបទ «​គប់គិត​ជាមួយ​បរទេស​»​។ ប​តុលាការ​បានចាប់ផ្ដើម​ដំណើរការ​ក្តី​លោក កឹម សុខា នៅ​ដើមឆ្នាំ​២០២០​នេះ ប៉ុន្តែ​ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន​សិន​វិញ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក៏ដូចជា​ពិភពលោក​៕
 

Tag:
 កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com