COVID-19
ជាតិ
វិជ្ជមានកូវីដ-១៩ បួននាក់ទៀតក្នុងនោះមានបុគ្គលិកហាង Pedro និងអតិថិជន Zando
09, Dec 2020 , 7:12 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី៩ ខែធ្នូ នេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ បួននាក់ទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួនសរុបឡើងដល់៣៨នាក់។ ករណីថ្មីទាំង៤មាន បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ​២នាក់ អតិថិជន Pedro ១នាក់ និងអតិថិជន Zando បឹងកេងកង ១នាក់។



អត្ថបទទាក់ទង


តាមរបាយការណ៍ក្រសួង អ្នកជំងឺមានទីមួយ បុរស​អាយុ​៣៥​ឆ្នាំ អាសយដ្ឋាននៅបឹងកេងកង៣ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ ទីពីរ បុរសអាយុ​២០​ឆ្នាំ អាសយដ្ឋាន​សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទីបី ស្ត្រីអាយុ៣៣​ឆ្នាំ នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ដូចគ្នា។ ទី៤ បុរសអាយុ​២៧​ឆ្នាំ អាសយដ្ឋាននៅបឹងទំពុន បានចូលហាង Zando ហើយប៉ះពាល់ជាមួយអ្នកជំងឺម្នាក់ដែលត្រូវបានតេស្តវិជ្ជមាន​កាលពីថ្ងៃទី៣ ខែធ្នូ។

ករណីថ្មីទាំង​៤នេះ នាំឲ្យអ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ឡើងដល់​៣៨នាក់។ កាលពីថ្ងៃម្សិលមិញ សំណាក​៣៤៦៧ ត្រូវបាន​វិភាគដោយវិទ្យាស្ថានជាតិប៉ាស្ទ័រ ក្នុងនោះវិជ្ជមាន​៤ រីឯសំណាក​៤៩៩៤ទៀត ត្រូវបន្ត​វិភាគនៅថ្ងៃនេះ។

សរុបនៅ​កម្ពុជា អ្នកកើតកូវីដ-១៩ ឡើង​ដល់​៣៥៤ករណី ក្នុងនោះ​៣០៧ករណីសះស្បើយ។ អ្នកជំងឺដែលកំពុងសម្រាកព្យាបាល មាន​៣៤នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង​១៣នាក់នៅមណ្ឌល​សុខភាព​ចាក់អង្រែ៕

© រក្សាសិទ្ធិដោយ thmeythmey.com