ភ្នំពេញ៖ គណបក្សនយោបាយថ្មី ចំនួន៣ ហើយ ដែលកើតចេញពីមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ។ ពួកគេ បានសម្រេចសុំសិទ្ធិធ្វើនយោបាយ និងបង្កើតបក្សថ្មី ក្រោយពីលែងសង្ឃឹមថា គណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ជាង១០នាក់ហើយ ដែលទទួលបានសម្បទានយោបាយឡើងវិញ ពីព្រះមហាក្សត្រ តាមរយៈការស្នើសុំទៅរដ្ឋាភិបាល។ ក្នុងចំណោមពួកគេទាំងនោះ មានមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង សម្រេចបង្កើតគណបក្សថ្មី ដើម្បីបន្តអាជីពនយោបាយខ្លួន។
លោក រៀល ខេមរិន្ទ បានសម្រេចបង្កើត«គណបក្សខ្មែរអភិរក្សនិយម» ក្រោយពីមានសិទ្ធិធ្វើនយោបាយវិញ។ គណបក្សរបស់លោក រៀល ខេមរិន្ទ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចទទួលចុះឈ្មោះបក្សក្នុងបញ្ជី កាលពីថ្ងៃ១៨ កញ្ញា ២០២០។ បើតាមមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ ការបង្កើតគណបក្សថ្មីនេះ ដោយសារលោកចង់ចូលរួមដោះស្រាយបញ្ហាសង្គម តាមរយៈគោលនយោបាយបែបសន្តិភាពរបស់ខ្លួន។
សម្រាប់លោក រៀល ខេមរិន្ទ្រ ការបង្កើតបក្សថ្មីនេះ មិនមែនដើម្បីដើរតួរជំនួសអតីតគណបក្សសង្គ្រោះជាតិនោះទេ ពោលគឺលោកចង់ប្រើប្រាស់នយោបាយបែបទន់ភ្លន់ ដើម្បីចូលរួមដោះស្រាយបញ្ហាជាតិ ដែលលោកយល់ឃើញថា វាប្រសើរជាងការរិះគន់វាយប្រហារនយោបាយគ្នាទៅវិញទៅមក។
ទង្វើរបស់លោក រៀល ខេមរិន្ទ នេះ បានក្លាយទៅជាលំអានមួយ សម្រាប់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិដទៃទៀត។ លោក ជីវ កត្តា លោក កង គឹមហាក់ និងលោក ស៊ឹម សុវណ្ណនី ដែលទទួលបានសម្បទានយោបាយវិញនោះ ក៏សម្រេចទៅបង្កើតឈ្មោះ «គណបក្សខ្មែរស្រលាញ់ជាតិ»។
លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រលាញ់ជាតិ ឈរកាន់មេក្រូឃោសនាពីនយោបាយបក្ស នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២០
លោក កង គឹមហាក់ ធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងដែលបង្កើតបក្សខ្មែរស្រលាញ់ជាតិនេះ ក្នុងគោលដៅស្មារតីសង្គ្រោះជាតិ បង្កើតវប្បធម៌នយោបាយថ្មី បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ផ្សះផ្សារជាតិ និងតស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ គណបក្សខ្មែរស្រលាញ់ជាតិ នេះ ត្រូវបានចុះក្នុងបញ្ជីក្រសួងមហាផ្ទៃ កាលពីខែមីនា ២០២០។
ដោយឡែកលោក អ៊ូ ច័ន្ទរ័ត្ន ក៏បានស្នើសុំក្រសួងមហាផ្ទៃ បង្កើតថ្មីមួយឈ្មោះ«គណបក្សកែទម្រង់កម្ពុជា» ជាផ្លូវការហើយ កាលពីថ្ងៃទី១ មីនានេះ។ ការបង្កើតគណបក្សថ្មីនេះ ធ្វើឡើងក្រោយពីលោក អ៊ូ ច័ន្ទរ័ត្ន លែងសង្ឃឹមថា អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ រស់ឡើងវិញ។ ដ្បិតបង្កើតគណបក្សថ្មីមែន តែលោក អ៊ូ ច័ន្ទរ័ត្ន នៅតែគាំទ្រ និងគោរពវីរៈភាពលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាមេដឹកនាំគំរូនៅក្នុងនយោបាយ។ មិនតែប៉ុណ្ណោះលោក នឹងយកចំណុចខ្លាំងលោក សម រង្ស៊ី និងលោក កឹម សុខា មកអនុវត្តនៅក្នុងគណបក្សកែទម្រង់កម្ពុជា ដើម្បីទទួលបានប្រជាប្រិយភាព ប្រជែងជាមួយគណបក្សកាន់អំណាច។
ចំណែកមន្ត្រីបក្សប្រឆាំងផ្សេងទៀត រួមមាន លោក ច័ន្ទ សិលា ,លោកស្រី ទេព សុទ្ធី, លោក យឹម សុវណ្ណ, លោក សុន ឆ័យ , លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈុន ដែលទទួលបានសិទ្ធិធ្វើនយោបាយវិញដែរនោះ កំពុងតែនៅស្ងាត់ស្ងៀម។ រីឯលោក គង់ គាំ សម្រេចទៅចូលរួមសកម្មភាពនយោបាយជាកូនប្រុសពៅខ្លួនម្នាក់ទៀត គឺលោក គង់ មូនីកា ដែលប្រធានគណបក្សឆន្ទៈខ្មែរ ខណៈលោក គង់ បូរ៉ា ដែលជាកូនប្រុសលោក គង់ គាំ និងលោកស្រី លី ស្រីវីណា បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕