កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន UEFA៖ កីឡាករចូលលេងពាន ESL ត្រូវហាមចូលរួម World Cup និង Euro
20, Apr 2021 , 1:03 pm        
រូបភាព
លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) និយាយថាកីឡាករណាគាំទ្រ និងចូលរួមបង្កើតផែនការបង្កើតពានរង្វាន់ European Super League (ESL) នឹងត្រូវបានហាមមិនឱ្យចូលប្រកួតបាល់ទាត់ពិភពលោក FIFA World Cup និង Euro ឡើយ។ លោក Ceferin ចាត់ទុកអ្នកគាំទ្រគម្រោង ESL ថា ជាការធ្វើឱ្យអាប់ឱនកិត្ដិយសខ្លួនឯង និងជាការមើលងាយអ្នកស្រឡាញ់បាល់ទាត់។


ក្លិបយក្សនៅអឺរ៉ុចំនួន១២ បានប្រកាសចូលរួមក្នុងការប្រកួត Super League ដែលរួមមាន Liverpool, Manchester United, Arsenal, Chelsea, Manchester City, Tottenham Hotspure, Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan និង AC Milan។
 
បើតាមការចុះផ្សាយរបស់កាសែត BBC ស្របពេលត្រួតពិនិត្យលើកិច្ចព្រមព្រៀងលើការបង្កើនក្រុមពី៣២ ទៅ៣៦ ក្នុងក្របខណ្ឌ Champions League លោក Ceferin ដែលឡើងជាប្រធាន UEFA តាំងពីឆ្នាំ ២០១៦ បានបង្ហាញយ៉ាងច្បាស់ថាលោកមិនគាំទ្រ និងស្អប់ខ្ពើមចំពោះគម្រោង ESL នេះ។ ការចូលរួមរបស់ក្លិបទាំង១២ សម្រាប់ការបង្កើតពានថ្មីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួត Champions League និង Europa League មិនខាន។
 
«យើងទាំងអស់គ្នារួបរួមគ្នាប្រឆាំងនឹងគម្រោងមិនសមហេតុផលមួយនេះ។ រូបរួបរួមគ្នាប្រឆាំងនឹងសំណើរដែលគួរអោយស្អប់ខ្ពើម និងមានលក្ខណៈបម្រើខ្លួនឯងបែបនេះ។ អ្នកគាំទ្រគម្រោងនេះ គឺបានបង្ហាញពីភាពលោភលន់លើសអ្វីៗទាំងអស់»។ ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបអះអាងដូច្នេះ មុនបន្ថែមថា កីឡាកររូបណាចូលរួមព្រឹត្តិការណ៍ ESL នឹងត្រូវហាមឃាត់ពីការប្រកួត World Cup និងពានអឺរ៉ុប Euro។
 
លោក Ceferin សញ្ជាតិស្លូវេនី បានហៅគំនិតនៃការបង្កើពានរង្វាន់ថ្មី ESL នេះ ជាការប្រឆាំងនឹងអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់លើពិភពលោក ហើយលោកប្តេជ្ញាមិនអនុញ្ញាតឱ្យគម្រោងមួយនេះកើតឡើងឡើយ។
 
ដោយឡែក សម្រាប់ក្លិបដែលចូលរួមគម្រោងនេះ ក៏ទំនងត្រូវហាមមិនឱ្យចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅរដូវកាលនេះផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្នុងចំណោម៤ក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន៣ក្រុមបានគាំទ្រ ESL ដែលរួមមាន Manchester City, Chelsea និង Real Madrid។ ក្លិបយក្សបារាំង Paris Saint-Germain ដែលបដិសេធមិនចូលរួម អាចនឹងទទួលបានពានរង្វាន់ Champions League ដោយស្វ័យប្រវត្តិតែម្តង៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com