ជាតិ
លោក វ៉ី សំណាង៖ ផ្ទាំងគ្រឿងស្រវឹង៨០ភាគរយបានរុះរើចេញ ហើយចុងខែនេះនឹងអាចរើចេញអស់
07, Jun 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង បានរុះរើចេញប្រមាណ៨០ភាគរយហើយ។ ផ្ទាំងគ្រឿងស្រវឹងដែលនៅសល់ លោកទុកពេលត្រឹមពាក់កណ្ដាលខែនេះ បើគ្មានការរុះរើ ក្រុមការងារអាជ្ញាធរខេត្តនឹងចុះរុះរើ ហើយក្រុមហ៊ុនគ្រឿងស្រវឹង ជាអ្នកទទួលខុសត្រូវលើថ្លៃចំណាយ។


ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក វ៉ី សំណាង ក៏បានសាទរដែលឃើញពលរដ្ឋចូលរួមយ៉ាងច្រើនលើសលប់ ក្នុងការរុះរើដោយស្ម័គ្រចិត្ត ដើម្បីជួយលើកកម្ពស់សោភ័ណភាពខេត្ត។ ប៉ុន្តែចំនួនផ្ទាំងគ្រឿងស្រវឹងដែលនៅសេសសល់ភាគច្រើន គឺនៅតាមដងផ្លូវសាធារណៈ ដែលមិនមែននៅចំពីមុខផ្ទះរបស់ពលរដ្ឋ។ 
 
អភិបាលខេត្តរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានជិះឡានតាមមើលឃើញ ភាគច្រើនពលរដ្ឋគាត់រើបានច្រើនប្រមាណ៨០ភាគរយហើយ។ នៅសល់តែកន្លែងរបស់ក្រុមហ៊ុនតាមកន្លែងសាធារណ ដែលមិននៅចំមុខផ្ទះពលរដ្ឋ ព្រោះក្រុមការងារគាត់នៅមានកម្រិត។ អ៊ីចឹងអាច ពាក់កណ្ដាលខែនឹងហើយអស់ហើយ។ បើក្រុមហ៊ុនរុះរើមិនទាន់ យើងនឹងឲ្យក្រុមការងារចុះជួយរុះរើ ហើយថ្លៃរុះរើនិងថ្លៃខូចខាតក្រុមហ៊ុនផ្ទាំងគ្រឿងស្រវឹងហ្នឹងអ្នកចេញ។ យ៉ាងយូរចុងខែនេះ អាចរើសចេញអស់ហើយ»។ 
 
ទន្ទឹមនឹងនេះ លោក វ៉ី សំណាង ក៏បានកោសសសើរពលរដ្ឋក្នុងខេត្តរបស់ខ្លួន និងអំពាវនាវឲ្យពលរដ្ឋ បន្តមានស្មារតីចូលជាមួយគ្នាជានិច្ច ដើម្បីអភិវឌ្ឍខេត្ត។ 
ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងខេត្តកំពង់ស្ពឺ ដោយពេលចិត្តព្រោះយល់ថា ចំណាត់ការរបស់អភិបាលខេត្ត គឺជារឿងដ៏ល្អ ដែលលែងមានផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមបណ្ដោយផ្លូវ ពិសេសកុំឲ្យក្មេងៗជំនាន់ក្រោយយល់ដឹងតែគ្រឿងស្រវឹង។ 
 
កន្លងមកលោកស្រី សុ ផានណា រស់នៅក្រុងច្បារមន ដែលបានរុះរើផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹង បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្នុងនាមជាពលរដ្ឋ អ្នកស្រីពេញចិត្តរុះរើផ្ទាំងផ្សាយគ្រឿងស្រវឹង ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំខេត្ត ដែលបានចេញមុខធ្វើជាគំរូល្អមុនគេនេះ។ លោកស្រី ផានណា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«រុះរើ (ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង) អ៊ីចឹងជារឿងល្អ បើដាក់តាមមុខផ្ទះចឹង ក្មេងៗជំនាន់ក្រោយ យល់តែពីការលក់គ្រឿងស្រវឹង»៕ 
 
អត្ថបទទាក់ទង
៖ 
 

Tag:
 វ៉ី សំណាង
  កំពង់ស្ពឺ
  ផ្ទាំងពាណិជ្ជកម្ម
  គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com