ជាតិ
ក្រសួងការងារ នឹងជួបតំណាងបុគ្គលិកណាហ្គាវើលដ៍ ដើម្បីដោះស្រាយវិវាទ នៅសប្ដាហ៍ក្រោយ
11, Jun 2021 , 11:49 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ NAGA
រូបពីទំព័រហ្វេសប៊ុករបស់ NAGA
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ការកាត់បន្ថយបុគ្គលិក គឺកើតមានពាសពេញពិភពលោកក្នុងដំណាក់កាលកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាល នៅតែដោះស្រាយបញ្ហានេះ តាមនីតិវិធីច្បាប់។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយសង្គមស៊ីវិលជាង៧០ បានចាត់ទុកការបន្ថយបុគ្គលិក១៣២៩នាក់ នៅណាហ្គាវើលដ៍(Naga World) ជាចេតនាបំបាត់សំឡេងសហជីព ពិសេសនៅអំឡុងពេលវិបត្តិកូវីដ-១៩ ។


លោក ហេង សួរ បានបញ្ជាក់ថា មន្រី្តជំនាញ នឹងដោះស្រាយវិវាទការងាររវាង បុគ្គលិកនិងភាគីនិយោជកក្រុមហ៊ុនណាហ្គាវើលដ៍។ ដូច្នេះ លោកស្នើសុំទុកពេលឲ្យមន្រី្តជំនាញជាអ្នកដោះស្រាយ តាមនីតិវិធីនៃច្បាប់។ អ្នកនាំពាក្យរូបនេះ សរសេរបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមនៅថ្ងៃនេះ យ៉ាងដូច្នេះ៖ «ច្បាប់មាន នីតិវិធីមាន ការកាត់បន្ថយបុគ្គលិកគឺមាននៅពេញពិភពលោកក្នុងដំណាក់កាលកូវីដ-១៩នេះ។ ដូច្នេះសូមទុកពេលឲ្យមន្ត្រីមានសមត្ថកិច្ចអនុវត្តនីតិវិធីរបស់ខ្លួន»។ 
 
សង្គមស៊ីវិលចំនួន៧៣បានចេញសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី១០មិថុនា ដោយចាត់ទុកថា ការកាត់បន្ថយបុគ្គកលិក១៣២៩នាក់របស់ណាហ្គាវើលដ៍ ជាប្រព័ន្ធដោយមិនសមហេតុផល និងមិនអាចទទួលយកបាននៅអំឡុងពេលវិបត្តិកូវីដ-១៩។ ជាពិសេសវាបង្ហាញចេតនារំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព។
 
សង្គមស៊ីវិលទាំង៧៣ បានសង្ក់តធ្ងន់ថា៖ «ក្រុមហ៊ុននេះ(ណាហ្គាវើលដ៍) មានចេតនាមិនចង់ឲ្យមានវត្តមានសហជីពនៅក្នុងក្រុមហ៊ុន ដើម្បីជាឱកាសរបស់ខ្លួនបន្តកេងប្រវ័ញ្ចអន្ថប្រយោជន៍របស់បុគ្គលិក ហើយនិងបង្កើតលក្ខខណ្ឌការងារមិនល្អនៅកន្លែងការងារដែលផ្ទុយនឹងច្បាប់ជាតិនិងអន្តរជាតិ»។ 
 
សង្គមស៊ីវិល សហព័ន្ធសហជីព និងសមាគម ទាំងអស់នេះ អះអាងថា ពួកគេនឹងបន្តតាមដានករណីវិវាទនេះ។ ទន្ទឹមនឹងនេះ ពួកគេបានស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងតាមដានករណីនេះ ដោយយកចិត្តទុកដាក់។ ពួកគេក៏ទទូចស្នើឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុន ចរចាជាមួយតំណាងសហជីព ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ ដោយសេចក្តីស្មោះត្រង់។ 
 
ជុំវិញដំណើរការពាក្យបណ្ដឹងនៃវិវាទនេះ លោកស្រី ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ថា ក្រសួងនឹងអញ្ជើញតំណាងកម្មករនិយោជិតទៅជួបពិភាក្សា ដើម្បីបំភ្លឺព័ត៌មានបន្ថែមលើពាក្យបណ្ដឹង នៅថ្ងៃទី១៤ មិថុនា ។ លោកស្រី ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបន្ថែមទៀតថា៖ «យើងសង្ឃឹមថា ក្រសួងនឹងជួយដោះស្រាយ ហើយអ្វីដែលពួកខ្ញុំចង់ក្រៅពី៥ចំណុចក្នុងពាក្យបណ្ដឹង គឺចង់ឃើញក្រសួងការងារនដំណោះស្រាយឲ្យសមហេតុផល យុត្តិធម៌ មិនឲ្យក្រុមហ៊ុនកេងប្រវ័ញ្ចប្រយោជន៍និងរំលោភសិទ្ធិពួកខ្ញុំ»។ 
 
បណ្ដឹងរបស់មេសហជីព និងបុគ្គលិកហ្គាវើលដ៍ជាង២០០០នាក់ ដែលបានដាក់ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៨ មិថុនានេះ បានទាមទារឲ្យនិយោជកក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាប់នូវគម្រោងកាត់បន្ថយបុគ្គលិក។ ភាគីក្រុមហ៊ុនត្រូវបញ្ឈប់ការបំភិតបំភ័យបុគ្គលិក តាមរយៈការហៅអ្នកដែលទទួលបានសារកាត់ឈ្មោះចេញទៅជួបដោះស្រាយ ជាពិសេសត្រូវឲ្យអ្នកលាឈប់ពីការងារទាំងបង្ខិតបង្ខំនោះ ចូលធ្វើការវិញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបន្តបើកប្រាក់រំលឹកអតីតភាពការងារឡើងវិញ ព្រមទាំងរៀបចំកន្លែងការងារ ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ លើសពីនេះ ត្រូវផ្ដល់ប្រាក់នៃការផ្ដាច់កិច្ចសន្យាការងារ ឲ្យស្របតាមច្បាប់ទៅឲ្យបុគ្គលិក ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់នៅចុងឆ្នាំ២០២០។ នេះបើតាមពាក្យបណ្ដឹងរបស់មេសជីពនិងបុគ្គលិកណាហ្គាវើលដ៍៕ 
 
 

Tag:
 សិទ្ធិការងារ
  Naga World
© រក្សាសិទ្ធិដោយ thmeythmey.com