ជាតិ
COVID-19៖ អ្នកជាប់ឃុំម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅព្យាបាល ខណៈពន្ធនាគារ៨ទីតាំងឆ្លងជំងឺ
11, Jun 2021 , 2:01 pm        
រូបភាព
រូបពីក្រសួងយុត្តិធម៌
រូបពីក្រសួងយុត្តិធម៌
ភ្នំពេញ៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា អ្នកជាប់ឃុំខ្មែរសញ្ជាតិជាតិអាមេរិកអាយុ៧២ឆ្នាំម្នាក់បានស្លាប់ ខណៈពេលបញ្ជូនទៅព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីល្ងាចថ្ងៃទី១០មិថុនានេះ។ លោកបញ្ជាក់ថា ពន្ធនាគារនៅតាមបណ្ដារាជធានី-ខេត្តចំនួន៨ហើយ ដែលមានកូវីដ-១៩ ឆ្លងចូលដល់មន្ត្រីពន្ធនាគារនិងអ្នកជាប់ឃុំ។


 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក នុត សវនា បានឲ្យដឹងថា អ្នកជាប់ម្នាក់ដែលសញ្ជាតិអាមេរិក បានឆ្លងកូវីដ-១៩ រួមទាំងមានជំងឺប្រចាំកាយផង ទើបបណ្ដាលឲ្យស្លាប់។ លោកថ្លែងថា៖ «គាត់(បុរស៧២ឆ្នាំដែលស្លាប់) ឆ្លងកូវីដ-១៩ ហើយចាស់ រួមមានជំងឺប្រចាំកាយផង។ យើងសង្គ្រោះគាត់ ដោយយកទៅពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ ប៉ុន្តែយកទៅអត់ទាន់ គាត់ក៏ស្លាប់កាលពីម៉ោង៦ល្ងាចកាលពីម្សិលមិញ។ ខ្ញុំមិនមែនពេទ្យមិនអាចសន្និដ្ឋានថា ស្លាប់ដោយសារកូវីដបានឡើយ»។ 
 
ជុំវិញករណីស្លាប់នេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ហុក គីមចេង ជាអ្នកទទួលបន្ទុករៀបចំរបាយការណ៍អ្នកពាក់ព័ន្ធកូវីដ-១៩ជំនួយលោកស្រី ឱ វណ្ណឌីន បានឡើយ ដោយអ្នកទាំងពីរមិនលើកទូរស័ព្ទ។ 
 
បច្ចុប្បន្នភាព កូវីដ-១៩ បានឆ្លងលើមន្រី្តពន្ធនាគារនិងអ្នកជាប់ឃុំ នៅពន្ធនាគារក្នុងខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក នុត សវនា ដោយបន្ថែមថាពន្ធនាគារនៅខេត្តស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន គឺឆ្លងកូវីដ-១៩ចូលលើអ្នកជាប់ឃុំថ្មី។ 
 
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះថា អង្គភាពរបស់ខ្លួនអាចគ្រប់គ្រងស្ថានកាលរណ៍នៃឆ្លងកូវីដ-១៩ចូលក្នុងពន្ធនាគារបាន។ 
 
ចំពោះអ្នកជាប់ឃុំដែលចូលថ្មីហើយរកឃើញឆ្លងកូវីដ-១៩ ក្រុមជំនាញបានដាក់ឲ្យសម្រាកព្យាបាលដោយឡែក មិនឲ្យជាប់ពាក់ព័ន្ធជាមួយអ្នកជាប់ឃុំចាស់ៗឡើយ។ រីឯ មន្រី្តពន្ធនាគារទាំងអស់ ដែលនៅតាមបណ្ដារាជធានី-ខេត្ត គឺបន្ថែមការប្រុងប្រយ័ត្ន និងអនុវត្តវិធានការខ្ពស់ជាមុន។ នេះបើតាមលោក នុត សវនា ដោយសុំមិនបញ្ជាក់តួលេខអ្នកឆ្លងក្នុងពន្ធនាគារ រួមទាំងចំនួនអ្នកស្លាប់ផងដែរ។ 
 
ទន្ទឹមនឹងនេះ លោក នុត សវនា បានដាក់ការសង្ស័យ លើឧបករណ៍ធ្វើតេស្តរហ័ស(កូវីដ-១៩)ថា អាចមានបញ្ហា។ លោកសម្គាល់ឃើញថា៖ «អ្នកជាប់ឃុំខ្លះមានជំងឺផ្ដាសាយធំ ក៏តេស្តឃើញមានវិជ្ជមានវីដ-១៩ដែរ។ បញ្ហាហ្នឹងមិនច្បាស់លាស់, អ៊ីចឹងយើងក៏ពិបាកកំណត់ចំនួនអ្នកឆ្លងដែរ។ ម្យ៉ាងរដ្ឋបាលរាជធានី-ខេត្ត មានតួលេខផ្លូវការហើយ ប្រសិនបើខាងគេ(រដ្ឋបាលរាជធានី-ខេត្ត) មិនដាក់ចូលតាមការជូនព័ត៌មានអ្នកឆ្លងប្រចាំថ្ងៃ ខ្ញុំក៏មិនហ៊ានលើកឡើងដែរ ខ្លាចផ្ទុយព័ត៌មានរបស់រដ្ឋបាលរាជធានីខេត្ត»។ 
 
ដើម្បីគ្រប់គ្រងស្ថានការនេះ សម្ដេច ស ខេង កាលពីថ្ងៃទី៩មិថុនា បានឲ្យអភិបារាជធានី-ខេត្តនីមួយៗ ជួយដឹកនាំសម្របសម្រួលជាមួយមមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ ក្នុងការចាត់ចែងព្យាបាលអ្នកជំងឺកូវីដ-១៩លើអ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩បន្ថែមទៀត៕ 
 

Tag:
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com