ជាតិ
វិវាទដីព្រលានយន្តថ្មី៖ NGO ស្នើឲ្យស្ថាប័នពាក់ព័ន្ធផ្ដល់សំណងសមរម្យ តែអភិបាលខេត្ត ថា NGO គ្មានភារកិច្ច
22, Sep 2021 , 3:03 pm        
រូបភាព
ជម្លោះដីធ្លី រវាងពលរដ្ឋនិងកងកម្លាំងនៅខេត្តកណ្ដាល។ រូបពី ADHOC
ជម្លោះដីធ្លី រវាងពលរដ្ឋនិងកងកម្លាំងនៅខេត្តកណ្ដាល។ រូបពី ADHOC
សង្គមស៊ីវិល៣១ ស្នើឲ្យស្ថាប័ន្ថពាក់ព័ន្ធផ្ដល់សំណងដល់ម្ចាស់ដីនៃគម្រោងព្រលានយន្តហោះថ្មី ឲ្យបានសមរម្យតាមតម្លៃទីផ្សារ ដើម្បីជៀសវាងនូវការដោះស្រាយដោយបង្ខិតបង្ខំ។ ប៉ុន្តែ អភិបាលខេត្តកណ្ដាល សង្កត់ធ្ងន់ថា សង្គមស៊ីវិលគ្មានអ្វីពាក់ព័ន្ធនឹងករណីនេះឡើយ ។

 
អង្គការនិងសមាគម ចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅរសៀលថ្ងៃទី២១ កញ្ញា ដោយជំរុញឱ្យមានការដោះស្រាយសមរម្យលើករណីទំនាស់ដីធ្លី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី រវាងក្រុមហ៊ុន OCIC និង ប្រជាពលរដ្ឋម្ចាស់ដី ។ ការសម្រេចចេញសេចក្ដីថ្លែងការរួមនេះ ដោយសារក្រុមសង្គមស៊ីវិលសង្កេតឃើញជម្លោះកាន់តែធ្ងន់ទៅៗ ដោយប្រើហិង្សា និងឃាត់ខ្លួនម្ចាស់ដីជាដើម។ 
 
ក្រុមសង្គមស៊ីវិលថា បញ្ហាកាន់តែធ្ងន់ទៅនេះ ដោយសារភាគីក្រុមហ៊ុន អមជាមួយអាជ្ញាធរ បានដាក់កម្លាំងឈូសឆាយដីរបស់ប្រជាពលរដ្ឋ ដែលមិនទាន់បានសំណងសមរម្យនេះ។ ពាក់ព័ន្ធនឹងតម្លៃដីវិញ សង្គមស៊ីវិលទាំង៣១នេះ បានមើលឃើញថា ក្រុមហ៊ុនបានកំណត់តម្លៃដោយឯកតោភាគី ដោយមិនស្របទីផ្សារបច្ចុប្បន្ន។ 
 
«យើងខ្ញុំជាអង្គការសង្គមស៊ីវិលទទួលស្គាល់ ពីភាពចំបាច់ក្នុងការសាងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ដោយសារសេចក្ដីត្រូវការអភិវឌ្ឍនៃប្រទេសរបស់យើង ក៏ប៉ុន្តែយើងខ្ញុំសុំស្នើឲ្យស្ថាប័នពាក់ព័ន្ធ មេត្តាផ្ដល់សំណងដល់ម្ចាស់កម្មសិទ្ធិឲ្យបានសមរម្យស្របតាមតម្លៃទីផ្សារ ចៀសវាងនូវកិច្ចព្រមព្រៀងដែលមានការបង្ខិតបង្ខំ…»។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល ដោយទទូចឲ្យមានការដោះស្រាយដោយសន្តិវិធី ពោលគឺភាគីទំនាស់ត្រូវចរចាគ្នាបញ្ចប់ករណីនេះ។ 
 
ឆ្លើយតបនឹងសេចក្ដីថ្លែងការរបស់ក្រុមអង្គការសង្គមស៊ីវិល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្រុមសង្គមស៊ីវិលគ្មានតួនាទីអ្វី ដែលត្រូវចេញសេចក្ដីថ្លែងការបែបនេះឡើយ។ 
លោកប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖ «អង្គការសង្គមស៊ីវិលគាត់ធ្វើអ៊ីចឹង (ចេញសេចក្ដីថ្លែងការណ៍រួម) មិនដឹងគាត់មានតួនាទីភារកិច្ចអីផង! អ៊ីចឹងយើងអត់ដឹងទេ»។
 
នៅពេលសួរថា តើនឹងមានគម្រោងរៀបចំចរចាគ្នាជាថ្មីពីសំណងតម្លៃដីឬទេ? លោក គង់ សោភ័ណ្ឌ បានឆ្លើយយ៉ាងខ្លីថា៖ «ជារួមពលរដ្ឋព្រមទទួល ប៉ុន្តែមួយចំណែក គាត់មិនទាន់ព្រមទទួលយក»។ 
 
កន្លងមក គ្រួសារដែលមានវិវាទដីធ្លីនៅទីនោះ តែងតែអះអាងថា ពួកគេមិនជំទាស់ការអភិវឌ្ឍន៍នេះឡើយ ហើយចង់បញ្ចប់វិវាទនេះ ដោយរង់ចាំការចរចាគ្នាឲ្យមានតម្លៃសំណងសមរម្យតាមទីផ្សារ។ 
 
ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុនOCIC និង​ពលរដ្ឋ​ ប្រមាណ៣៣០គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល បាន​អូស​បន្លាយ​ប្រមាណ៣ឆ្នាំ​មក​ហើយ​ ដោយសារមិនត្រូវរ៉ូវគ្នាលើតម្លៃដី៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែពលរដ្ឋអះអាងថា ដីនៅតំបន់នោះ មានតម្លៃពី៦០ ទៅ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
 
ក្រុមហ៊ុន OCIC បានបោះទុនវិនិយោគ លើគម្រោងព្រលាន​យន្តហោះ​ថ្មី​នេះ ក្នុង​ទឹកប្រាក់១,៥០០លាន​ដុល្លារ លើ​ផ្ទៃដី២,៦០០ហិកតា ដោយគ្រោង​នឹង​បញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣៕ 
 
អត្ថបទទាក់ទង
 
 

Tag:
 ដីធ្លី
  កណ្ដាល
  OCIC
© រក្សាសិទ្ធិដោយ thmeythmey.com