កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ចាកចេញពីសង្វៀនប្រដាល់ជាផ្លូវការ ដើម្បីឡើងសង្វៀននយោបាយនៅហ្វីលីពីន
29, Sep 2021 , 5:29 pm        
រូបភាព
Manny Pacquiao នៅថ្ងៃទី២៩ ខែកញ្ញាប្រកាសចូលនិវត្តន៍ពីអាជីពកីឡាប្រដាល់ផ្លូវការ ដើម្បីឡើងទៅកាន់សង្វៀននយោបាយពេញលេញ។ សមាជិកព្រឹទ្ធសភា ដែលទើបទទួលបានការតែងតាំងពីសមាជិកបក្ស PDP-Laban ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វីលីពីនឆ្នាំ២០២២ សន្យាថានឹងបញ្ចប់ភាពក្រីក្រនៅហ្វីលីពីន។


 
ស្តេចប្រដាល់ហ្វីលីពីនវ័យ៤២ឆ្នាំ ធ្លាប់បានបង្ហាញបំណងចាកចេញពីសង្វៀន​ប្រដាល់រួចមកហើយកាលពីសប្តាហ៍មុន ដោយប្រាប់ទៅកាន់តារាសម្ដែងស្រីសញ្ជាតិហ្វីលីពីន Toni Gonzaga នៅក្នុងកម្មវិធីជជែកពិភាក្សា តាមយូធូបរបស់នាង កាលពីថ្ងៃទី១៩ កញ្ញា។
 
ការលើកឡើងរបស់ Pacquiao បែបនេះធ្វើឡើងបន្ទាប់ពីរូបគេប្រកួតចាញ់កីឡាករគុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆ័ន្ទ នៅសង្វៀន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។


 
មួយសប្តាហ៍ក្រោយ ពោលគឺនៅថ្ងៃទី២៩ ខែកញ្ញា Pacquiao បានប្រកាសតាមរយៈវិដេអូដែលបានបង្ហោះលើផេកហ្វេសប៊ុករបស់ខ្លួន ដោយរៀបរាប់ពីការចូលនិវត្តន៍ពីអាជីពប្រដាល់នេះ។ 
«ពិបាកទទួលយកណាស់សម្រាប់ខ្ញុំ នៅពេលវេលារបស់ខ្ញុំក្នុងនាមជាអ្នកប្រដាល់ត្រូវដល់ទីបញ្ចប់។ ថ្ងៃនេះខ្ញុំសូមប្រកាសចូលនិវត្តន៍ពីកីឡាករប្រដាល់»។ សមាជិកព្រឹទ្ធសភាហ្វីលីពីននិយាយក្នុងវីដេអូរបស់ខ្លួនដូច្នេះ មុនបញ្ជាក់បន្ថែមថា ការចូលនិវត្តន៍នេះ ដើម្បីស្វែងរកតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២២ខាងមុខ។


 
Pacquiao ដែលធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោក៨ស្ថាប័នផ្សេងគ្នា ក្នុងប្រវត្តិប្រកួត៦២លើក ចាញ់៨ ស្មើ២ និងផ្តួលដៃគូមិនឱ្យតដៃរួច៣៩លើកក្នុងអាជីពអាជីពរយៈពេល២៦ឆ្នាំ បានអះអាងថា ខ្លួនឈរឈ្មោះបោះឆ្នោតប្រជែងតំណែងប្រធានាធិបតី ដើម្បីប្រយុទ្ធនឹងភាពក្រីក្រនៅប្រទេសហ្វីលីពីន។


 
ស្តេចប្រដាល់អាស៊ី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនហ្វីលីពីន និងពិភពលោកទទួលស្គាល់ និងបង្ហាញការដឹងគុណចំពោះកីឡាប្រដាល់ ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្លួនឱ្យរុងរឿង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនាសព្វថ្ងៃនេះ៕

Tag:
 Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com