កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Newcastle ថ្មី៖ យើងនឹងរុះរើក្លិប ដើម្បីកែប្រែទៅជាក្រុមខ្លាំងលើលោក
12, Oct 2021 , 8:29 am        
រូបភាព
អ្នកស្រី Amanda Staveley ម្ចាស់ក្លិប Newcastle United តំណាងឱ្យរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman បង្ហាញផែនការរុះរើក្លិបថ្មីដែលខ្លួនទើបក្តោបក្តាប់បាន។ Staveley អះអាងថា និងទិញយកកីឡាករមានទេពកោសល្យទៅរួមក្រុមសារិកាព្រៃ ដើម្បីប្រែក្លាយក្រុមនៅអង់គ្លេសមួយនេះល្បីល្បាញលើលោក។


រជ្ជកាលលោក Mike Ashley បានបញ្ចប់ហើយ ក្រោយលក់ក្លិប Newcastle ក្នុងក្របខណ្ឌ Premier League ដែលខ្លួនគ្រប់គ្រងអស់១៤ឆ្នាំ ទៅឱ្យមូលនិធិរដ្ឋអារ៉ាប៊ីសាអូឌីត (PIF) ក្នុងតម្លៃ ៤១៥ លានដុល្លារអាមេរិក។
 
កាន់តំណែងជាម្ចាស់ក្លិបថ្មី អ្នកស្រី Staveley សន្យាថានឹងជួយក្រុមរហ្សនាមសារិកាព្រៃក្លាយជាក្រុមដ៏អស្ចារ្យមួយ ដើម្បីចូលរួមប្រជែងពានក្នុងស្រុក និងក្របខណ្ឌអឺរ៉ុប។ អ្នកជំនួញល្បីឈ្មោះសញ្ជាតិអង់គ្លេសរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា គម្រោងដើម្បីធ្វើឱ្យក្រុមអាចឈានដល់ការដណ្តើមពានបាន គឺត្រូវរុះរើក្លិបឡើងវិញ។
 
អ្នកស្រី Staveley សន្យាថានឹងវិនិយោគលើក្លិប Newcastle ក្នុងចំនួនទឹកប្រាក់ដ៏ច្រើន ដើម្បីនាំយកតារាឆ្នើមៗលំដាប់ពិភពលោកទៅជួយក្រុម។
«យើងកំពុងស្ថិតនៅលើទីផ្សារ ដើម្បីប្រកួតប្រជែងយកកីឡាករលំដាប់ពិភពលោក។ យើងមានមហិច្ឆតាធំ ហើយខ្ញុំសង្ឃឹមថាការផ្លាស់ប្តូរការប្រកួតសម្រាប់ក្រុម Newcastle United នឹងឈានមកដល់ឆាប់ៗ។ អ្នកស្រី Staveley អះអាងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយកាសែត The Sun។
 
ស្របពេលគ្នានេះ អ្នកស្រី Staveley ដែលជាបុគ្គលសំខាន់ម្នាក់ ក្នុងការជួយសម្របសម្រួលឱ្យមានការទិញយកក្លិប Manchester City របស់ព្រះចៅស៊ុលតង់ Sheik Mansour នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីឆ្នាំ២០០៨នោះ បន្ថែមថា ដើម្បីចរចាយកកីឡាករល្អៗទៅរួមក្រុម ក្លិបត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្លិបជាមុនសិន ដូចជាកីឡដ្ឋាន St James’ Park និងធ្វើឱ្យទីតាំងហ្វឹកហាត់មានភាពប្រសើជាងសព្វថ្ងៃ៕
 

Tag:
 Newcastle United
  Mohammed Bin Salman
  Amanda Staveley
© រក្សាសិទ្ធិដោយ thmeythmey.com