ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុទ្ធនាការឃោសនាបោះឆ្នោត និងហែក្បួនរបស់បណ្ដាគណបក្សនយោបាយ
20, May 2022 , 10:29 pm        
រូបភាព
ភ្នំពេញ៖ គណបក្សនយោបាយនីមួយៗបានត្រៀមខ្លួនរួចហើយ ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ឧសភា ដល់ថ្ងៃទី៣មិថុនាខាងមុខនេះ ដោយត្រៀមហែរក្បួននៅតាមទីតាំងដែលពួកគេបានកំណត់។ បណ្ដាគណបក្សនយោបាយទាំងនោះ ក៏នឹងផ្សព្វផ្សាយគោលនយោបាយ និងសារនយោបាយសំខាន់ដល់ប្រជានជន នាអំឡុងពេលឃោសនាផងដែរ។

 
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយថា ក្នុងដំណើរការឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ គណបក្សប្រជាជននឹងរៀបចំឡើងតាមគោលការណ៍របស់ គ.ជ.ប។ សម្រាប់ការឃោសនានេះ គណបក្សប្រជាជនកម្ពុជា នឹងធ្វើឡើងក្នុងក្របខណ្ឌឃុំ-សង្កាត់។ 
 

 
ចំពោះថវិកានៃការចំណាយរបស់គណបក្សប្រជាជន ក្នុងដំណើរការឃោសនាបោះឆ្នោតវិញ លោក សុខ ឥសាន ពុំទាន់ដឹងឡើយ ព្រោះការចំណាយមានច្រើនយ៉ាងទាំងខិតិប័ណ្ឌ ផលិតវីដេអូ សារសំឡេង និងសម្ភារៈផ្សេងទៀត រួមទាំងទីតាំងច្រើនកន្លែង ពោលគឺនៅតាមឃុំសង្កាត់ទាំង១៦៥២។ 
 
សូមស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ​ជាមួយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា



 
 
ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានជ្រើសរើសសង្កាត់កោះដាច់ ជាគោលដៅសំខាន់ សម្រាប់បើកយុទ្ធនាឃោសនាបោះឆ្នោតដំបូងគេ ក្នុងថ្ងៃទី២១ឧសភា។ លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឲ្យដឹងថា សង្កាត់កោះដាច់ គឺជាសង្កាត់យុទ្ធសាស្រ្ត ដោយមានជំនឿថាសង្កាត់នេះ នឹងទទួលអាសនៈ។
 

 
សារនយោបាយសំខាន់ក្នុងការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ គណបក្សប្រជាធិបតេយ្យ គឺផ្ដោតលើមេឃុំល្អឬចៅសង្កាត់ល្អ។ អ្នកនាំពាក្យរូបបានឲ្យដឹងថា ដំណើរឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ គណបក្សប្រជាធិបតេយ្យបានត្រៀមថវិកាប្រមាណ៤ម៉ឺនដុល្លារ នៅទូទាំងប្រទេស។ 
 
សូមស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ​ជាមួយលោក លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន




 
គណបក្សភ្លើងទៀនវិញ បានចេញលិខិតអំពាវនាវ ឲ្យពលរដ្ឋចូលរួមធ្វើការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃទី២១ឧសភា ក្នុងរាជធានីភ្នំពេញ។ 
គណបក្សនេះ នឹងធ្វើការជួបជុំគ្នានៅទីតាំងចំនួនពីរ ដើម្បីហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយចាប់ផ្ដើមពីម៉ោងព្រឹក៧ ដល់ម៉ោង៦ល្ងាច។ 
 
 

 
គោលនយោបាយចំនួន៧ចំណុច ដែលគណបក្សភ្លើងទៀន បានត្រៀមរៀបចំធ្វើការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងសម្រាប់ប្រកួតប្រជែងនេះ គឺផ្ដោតលើ សេវាសាធារណ ការគោលរពសិទ្ធិអំណាចពលរដ្ឋ និងប្រឆាំងរាល់ការអភិវឌ្ឍណា ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នេះបើតាមការលើកឡើងរបស់លោក លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៤ឧសភា។
 
សូមកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ​ជាមួយ លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន




 
 
គណបក្សហ៊្វុនស៊ិនប៉ិច នឹងចាប់ផ្ដើមរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមបណ្ដាខេត្ត-រាជធានី ជាលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃទី២នៃយុទ្ធនាការឃោសនា ពោលគឺត្រូវថ្ងៃទី២២ឧសភា ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ 
 

 
គណបក្សហ៊្វុនស៊ិនប៉ិច មានគោលនយោបាយ៩ចំណុច សម្រាប់ត្រៀមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅអំឡុងពេលឃោសនា។ ចំណុចសំខាន់ៗទាំង៩រួមមាន ធានាចំពោះការផ្ដល់សេវាសាធារណដោយមិនលម្អៀង, ផ្ដល់សេវាសុខាភិបាលដោយឥតគិតប្រាក់, បង្កើតក្រុមផ្ដល់ទុនវិនិយោគ និងធានាតម្លៃទីផ្សាកសិផលរបស់កសិករ, ដោះស្រាយបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងក្មេងទំនើង, ដោះស្រាយបញ្ហាព្រំដែន និងលុបបំបាត់អំពើរពុករលួយ។ 
 
សូមស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ​ជាមួយលោក លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច៖ 




 
រីឯ គណបក្សឆន្ទៈខ្មែរ មិនមានការរៀបចំការឃោសនាទ្រង់ទ្រាយធំឡើយ គឺគ្រាន់តែរៀបចំតាមក្បួនតូចៗតាមឃុំសង្កាត់ ដែលមានបេក្ខជនឈរឈ្មោះតែប៉ុណ្ណោះ។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ យល់ថា ការឃោសនាទ្រង់ទ្រាយធំនៅអំឡុងពេលបោះឆ្នោតឃុំសង្កាត់ ពុំសូវមានប្រសិទ្ធិភាពឡើយ។ លោកពន្យល់ថា ការរៀបក្បួរឃោសនាតូចៗ និងចុះជួបពលរដ្ឋទើបមានប្រសិទ្ធិភាព។ 
 

 
គណបក្សឆន្ទៈខ្មែរ បានដាក់ចេញគោលនយោបាយ៧ចំណុច ដើម្បីប្រកួតប្រជែងនិងឃោសនា នាពេលខាងមុខនេះ។ គោលនយោបាយទាំង៧ គឺផ្ដោតលើវប្បធម៌ដឹកនាំថ្មីដោយលុបបំបាត់អំពើរពុករលួយ រួមទាំងការដោះស្រាយបញ្ហា ដីធ្លី កសិកម្ម ការអប់រំ និងសង្គមកិច្ចជាដើម។ 
 
សូមស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ​ជាមួយលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ




 
 
ដោយឡែក គណបក្សកម្ពុជានិយម ក៏បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ដំណើរការឃោនាបោះឆ្នោត ប៉ុន្តែមិនផ្ដោតលើការហែក្បួនឬឃោសនាក្នុងទ្រង់ទ្រាយធំឡើយ។ លោក យ៉ែម បុញ្ញឫទ្ទិ ប្រធានគណបក្សកម្ពុជានិយម បានឲ្យដឹងថា ដំណើរការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ គណបក្សកម្ពុជានិយមផ្ដោតសំខាន់លើការចែកខិតិប័ណ្ណនិងការចាក់សំឡេងសារនយោបាយ។ 
 
យ៉ាងណាក្ដី ប្រធានគណបក្សរូបនេះយល់ថា ការហែរក្បួន គណបក្សកម្ពុជានិយម អាចនឹងរៀបចំក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយផ្ដើមហែពីចេញព្រំដែនវៀតណាម។ 
 

 
ដោយឡែកការឃោសនានៅរាជធានីភ្នំពេញនិងខេត្តកណ្ដាល នឹងមានការហែក្បួនទ្រង់ទ្រាយធំ នៅថ្ងៃទី២២ និង២៩ឧសភា នៅក្រុងតាខ្មៅ និងសង្កាត់បឹងទំពន់ទី២ ដោយទីតាំងទាំងពីនេះ មានបេក្ខជនរបស់គណបក្សកម្ពុជានិយមឈរឈ្មោះបោះឆ្នោត។ 
 
គណបក្សកម្ពុជានិយម មានសារនយោបាយសំខាន់៦ចំណុច ដែលបក្សកម្ពុជានិយមដាក់ចេញសម្រាប់ប្រួតប្រែង គឺផ្ដោតលើ 
ការផ្ដល់សេវាសាធារណ សេវាសន្តិសុខសង្គម សេវាអប់រំ កសិកម្ម និងសិប្បកម្មជាដើម។ 
 
សូមស្ដាប់សំឡេងលោក យ៉ែម បុញ្ញឫទ្ទិ ប្រធានគណបក្សកម្ពុជានិយម 


 
 
ចំណែក គណបក្សយុវជន​កម្ពុជាក៏ដូចបក្សដទៃទៀតដែរ បានត្រៀមខ្លួនរួចហើយ ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត តាមឃុំសង្កាត់ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោត។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថាឲ្យដឹងថា បក្សលោកបានត្រៀមឃោសនាជាទ្រង់ទ្រាយធំ នៅថ្ងៃទី២២និងថ្ងៃទី២៩ឧសភា ក្នុងរាជធានីភ្នំពេញ។ 
 

 
លោក ពេជ្រ ស្រស់ ក៏ត្រៀមចុះទៅធ្វើការឃោសនាបោះឆ្នោតតាមបណ្ដាខេត្តមួយចំនួនផងដែរ។ 
ប្រធានគណបក្សយុវជនកម្ពុជាអះអាងថា បក្សខ្លួនមានគោលនយោបាយ៧ចំណុច ដើម្បីទាញសំឡេងអ្នកគាំទ្រនិងជួយអភិវឌ្ឍន៍ក្នុងឃុំសង្កាត់។ ចំណុចទាំង៧នេះ មានរៀបចំវេទិកាសាធារណក្នុងខែម្ដង ដោះស្រាយបញ្ហាគ្រឿងញៀន ទិញរថយន្តពេទ្យនិងព្យាបាលឲ្យពលរដ្ឋក្រីក្រ ផ្ដល់ប្រាក់ឧមត្ថម្ភដល់ជនចាស់ជរា ពង្រឹងវិស័យកសិកម្ម ពិនិត្យការប្រើប្រាស់ថវិកាថ្នាក់ក្រោមជាតិ និងលុបបំបាត់អំពើរពុករលួយជាដើម។ 
 
សូមកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ​ជាមួយលោក ពេជ្រ ស្រស់ ប្រធាន​គណបក្សយុវជន​កម្ពុជា



 
 

Tag:
 នយោបាយ
  ឃោសនាបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com