អន្តរជាតិ
កូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា ខណៈមានការគំរាមពីកូរ៉េខាងជើង
22, Feb 2023 , 9:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ បានធ្វើសមយុទ្ធការពារមីស៊ីលត្រីភាគី នៅដែនសមុទ្រអន្តរជាតិនៅសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ សមយុទ្ធនេះ ធ្វើឡើងស្របពេលមានការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងតាមរយៈការបាញ់មីស៊ីល។



តាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) សមយុទ្ធត្រីភាគីរវាងកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានធ្វើឡើងនៅក្នុងដែនទឹកភាគខាងកើតដែនកោះ Ulleung របស់កូរ៉េខាងត្បូង ដោយមានការចូលរួមពីនាវាពិឃាដ Sejong the Great, នាវា USS Barry និងនាវា JS Atago។ 
 
សមយុទ្ធដែលធ្វើឡើងប្រមាណ៥ម៉ោងនេះ បានអនុវត្តនីវិវិធីក្នុងការចាប់សញ្ញា និងបង្អាក់គោលដៅដោយផ្អែកលើប្រព័ន្ធកុំព្យូទ័រ និងចែករំលែកព័ត៌មានទៅវិញទៅមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
«តាមរយៈសមយុទ្ធការពារមីស៊ីលនៅលើដែនទឹក ក្នុងពេលនេះ កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងអភិវឌ្ឍប្រព័ន្ធសម្រាប់ឆ្លើយតប»។ នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២២ ខែកុម្ភៈ។ 
 
សមយុទ្ធយោធានេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីទៅសមុទ្រខាងកើត។ នៅថ្ងៃទី១៨ ខែកុម្ភៈ កូរ៉េខាងជើង ក៏បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបដែរ។ 
 
កន្លងមក កូរ៉េខាងជើង បានព្រមានថា កូរ៉េខាងត្បូង និងអាម៉េរិក នឹងប្រឈមការប្រឆាំងតបដ៏ខ្លាំងក្លា ប្រសិនបើប្រទេសទាំងពីរ បន្តអនុវត្តផែនការធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើង ក៏បានចោទសមយុទ្ធនោះផងដែរថា ធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់។
 
គួររំឮកថា សមយុទ្ធការពារមីស៊ីលត្រីភាគីរវាងកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន​ បានធ្វើឡើងចុងក្រោយនៅក្នុងខែតុលា ឆ្នាំ២០២២៕ 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com