ជាតិ
ចូលឆ្នាំ​៖ ពលរដ្ឋជាង ៤ម៉ឺននាក់ ​ជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើត និងមកភ្នំពេញវិញ
18, Apr 2023 , 12:09 pm        
រូបភាព
 រូបភាពពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈទៅស្រុកកំណើតក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ រូបភាព៖ ញឹក ស្រីល័ក្ខ
រូបភាពពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈទៅស្រុកកំណើតក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ រូបភាព៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ជាង ៤ម៉ឺន​៦ពាន់នាក់ បាន​​មក​ប្រើ​ប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀប​ចំ​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ លោក កែវ ចាន់ណារិទ្ធ អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង ប្រាប់សារព័ត៌មាន Thmey Thmey 25 ថា នេះជា​ចំនួន​មួយច្រើន បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ៗ ជាពិសេស​ជួយកាត់បន្ថយ​ចំណាយ​របស់ពលរដ្ឋបាន​ច្រើនផងដែរ​។



ចាប់ពី​ថ្ងៃទី​១៣-១៧ មេសា រដ្ឋបាល​រាជធានីភ្នំពេញ បាន​រៀបចំ​​រថយន្ត​ក្រុង​ចំនួន ៣៤៥គ្រឿង សម្រាប់​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ។ រថយន្តក្រុង​ទាំង ៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​បែង​ចែក ៧០គ្រឿងសម្រាប់​ដឹក​ជញ្ជូនពលរដ្ឋ​នៅ​រាជធានីភ្នំពេញ។ ចំណែក ២៧៥គ្រឿង​ទៀតសម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​​ពីរាជធានីភ្នំពេញ​ទៅ​កាន់​បណ្ដាខេត្ត​មួយចំនួន។


លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។ រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង​
 
ក្នុង​រយៈពេល​៥ថ្ងៃ នៃ​ការ​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃនេះ មាន​ពលរដ្ឋ​ជាង ៤ម៉ឺន៦ពាន់​នាក់ បាន​មក​ទទួល​សេវា​រថយន្តក្រុងសាធារណៈ។ បើតាម​លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ខេត្ត​សៀមរាបមាន​ពលរដ្ឋ​ធ្វើដំណើរ​ច្រើនរហូតដល់​ជាង​១ម៉ឺន​៧ពាន់នាក់។
 
ចំពោះ​ចំនួនពលរដ្ឋមក​ទទួល​សេវា​រថយន្តក្រុងជាង ៤ម៉ឺន៦ពាន់នាក់នេះ លោក កែវ ចាន់ណារិទ្ធ ចាត់ទុក​ថា​ជាចំនួនមួយ​ដែលច្រើន បើប្រៀបធៀបនឹងឆ្នាំមុនៗ។ «អ្វីដែលយើងចង់បាន គឺ​បម្រើ​សេវា​ឱ្យ​ល្អ​ជូន​​ប្រជាពលរដ្ឋ។ ប៉ុន្តែ​អ្វីដែលយើងទទួលបាន​ គឺ​ការ​កោតសរសើរពី​ប្រជាពលរដ្ឋ​។ ខ្ញុំ​ និង​ក្រុមការងារ​​សប្បាយចិត្ត​ ពេលជូន​ពលរដ្ឋ​ទៅ​ដល់ទីតាំងដោយសុវត្ថិភាព»។ នេះជា​ការ​លើក​ឡើង​របស់​លោក កែវ ចាន់ណារិទ្ធ ដោយ​បន្តថា ការ​ផ្ដល់​សុវត្ថិភាព​ ​ផាសុកភាព និង​អនាម័យ​ ជា​គោលការណ៍​របស់​រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។ 
 
រថយន្តក្រុង​ដែល​ដឹក​ពលរដ្ឋទៅស្រុកកំណើត សុទ្ធ​តែ​ទៅ​ដល់​គោលដៅទាំងអស់ និង​ទទួលបាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរខេត្ត​នីមួយ​ៗ។ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន​រូបនេះ អះអាងថា នៅតាម​ខ្សែផ្លូវដែលបាន​រៀបចំ គឺ​មាន​ត្រៀង​ជាងចល័តចាំជួយ​ក្នុងករណី​រថយន្ត​មាន​បញ្ហាផងដែរ៕
 
អត្ថបទទាក់ទង
 

Tag:
 រថយន្តក្រុង​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com