ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតថ្នាំដ៏ធំមួយនៅចិន សំឡឹងឱកាសពង្រីកការចែកចាយផលិតផលខ្លួនក្នុង​ប្រ​ទេសកម្ពុជា
25, Jun 2023 , 8:29 pm        
រូបភាព
លោក Huang Jian Ping អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ
លោក Huang Jian Ping អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ
ខេត្តក្វាងស៊ី, ចិន៖ ក្រុមហ៊ុន ជីង សាងជឺ ដែលជាក្រុមហ៊ុនផលិតថ្នាំ អាហារបំប៉នសុខភាពធំមួយនៅក្នុងប្រទេសចិន កំពុងតែសំឡឹងរកឱកាសពង្រីកការចែកចាយផលិតផលឱសថ ស្ករបៀមសម្រួលបំពង់ក និងប្រភេទថ្នាំបំប៉នសុខភាពផ្សេងទៀតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា​។ នេះជាការលើកឡើងរបស់  លោក ហ៊ង ចៀន ភីង (Huang Jian Ping) អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ ​ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានកម្ពុជា ទៅកាន់ក្រុមហ៊ុន ដែលមានទីតាំងនៅក្រុងលីវចូវ ខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ​។

 
ក្នុងទស្សនកិច្ចនេះ លោក ហ៊ង ចៀន ភីង បានគូសបញ្ជាក់ឱ្យដឹងទៀតថា ក្រុមហ៊ុន ជីងសាងជឺ ​បង្កើតតាំងពីឆ្នាំ១៩៤៣ ជាក្រុមហ៊ុនផលិតស្ករគ្រាប់ ហើយបច្ចុប្បន្នបានវិវត្តខ្លួនជាក្រុមហ៊ុនផលិតថ្នាំ​ដែល​ឈរនៅលំដាប់លេខ ៥០ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ ផ្តោតលើ ការផលិតថ្នាំ ស្កបៀម និងអាហារបំប៉នសុខភាព ហើយបច្ចុប្បន្នក្រុមហ៊ុនមានផលិតឱសថ ស្ករបៀម និងអាហារបំប៉នសុខភាព ចំនួន ៣៦៨ប្រភេទ។ ផលិតផលរបស់ក្រុមហ៊ុន កំពុងត្រូវបានចែកចាយទាំងក្នុងប្រទេស និងទៅប្រទេសចំនួន ៥៣ទៀតនៅទូទាំងពិភពលោក ក្នុងនោះមាន សហរដ្ឋអាម៉េរិក តំបន់អឺរ៉ុប រុស្ស៊ី ជប៉ុន សិង្ហបុរី ថៃ និងក្នុងប្រទេសកម្ពុជាផងដែរ។ 
 

 
បើតាម លោក ហ៊ង ចៀន ភីង ​ទីផ្សារកម្ពុជាគឺជាទីផ្សារសំខាន់មួយក្នុងតំបន់អាស៊ាន។ ដូច្នេះ​​ក្រុមហ៊ុន បាន និងជំរុញឱ្យផលិតផលរបស់ក្រុមហ៊ុន ត្រូវបានចែកចាយលក់នៅ​ទូ​ទាំងប្រទេសកម្ពុជា។ លោក ហ៊ង ចៀន ភីង បន្ថែមទៀតថា៖ ​«​ដោយសារតែផលិតផល មាន​លក់នៅច្រើនប្រទេស ដូច្នេះក្រុមហ៊ុន នឹងប​ន្តកែច្នៃប្រភេទថ្នាំ និងអាហារសុខភាព តាមតម្រូវការរបស់ប្រជាជនតាមប្រទេសនីមួយៗ ដោយឈរលើស្មារតីយកចិត្តទុក​ដាក់​លើសុ​ខភាពប្រជាជនជាធំ»។ 
 
ក្រៅពីប្តេជ្ញាចិត្តជំរុញវត្តមានផលិតផលខ្លួនឱ្យមានកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា​ លោក​ អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ ក៏មានក្តីសង្ឃឹមក្នុងការបន្តមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងដំណើរឆ្ពោះទៅក្លាយជាក្រុមហ៊ុនផលិតឱសថដែលមានអាយុ១០០ឆ្នាំ តាមរយៈការបន្តកែច្នៃឱសថច្រើនជម្រើសបន្ថែមទៀត និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសុខភាពអ្នកប្រើប្រាស់។


 



«​ក្រុមហ៊ុន គឺអនុវត្តតឹងរឹងបំផុតនូវស្តង់ដារគ្រប់គ្រងរបស់ប្រទេសចិន។ ក្រុមហ៊ុនមានឆន្ទៈខ្ពស់ ក្នុងការអនុវត្ត ឱ្យក្រុមហ៊ុនមានកេរ្តិ៍១០០ឆ្នាំ ដោយសារក្រុមហ៊ុន គឺពាក់ព័ន្ធនឹងសុខភាពប្រជាជន ដូច្នេះនៅពេលដែលផលិតផលិតផលនីមួយៗ គឺចាត់ទុកដូចជាការថែរក្សាសុខភាពខ្លួនផ្ទាល់»។ នេះជាការបន្ថែមរបស់លោក លោក ហ៊ង ចៀន ភីង៕ 
 





 



Tag:
 ឱសថ
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com