ជាតិ
បេក្ខជនជាប់ឆ្នោតទាំង១២៥រូប ចូលស្បថកាន់តំណែងរដ្ឋសភា
21, Aug 2023 , 3:07 pm        
រូបភាព
បេក្ខជនជាប់ឆ្នោតទាំង១២៥រូប ចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២១ សីហា ដើម្បីចូលកាន់តំណែងក្នុងរដ្ឋសភា ជាផ្លូវការ។

 
ក្រោយស្បថចូលកាន់តំណែងហើយ សភានឹងបើកកិច្ចប្រជុំលើកទី១ អាណត្តិទី៧ នៅថ្ងៃទី២២ សីហា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ក្នុងរដ្ឋសភា និងផ្ដល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។
 
លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាអាណត្តិមុន នឹងជាប្រធានរដ្ឋសភា អាណត្តិទី៧នេះ ។ ចំណែកលោក ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្ត្រី ជំនួសសម្ដេច ហ៊ុន សែន ដែលកាន់តំណែងនេះ ជាង៣៨ឆ្នាំ។ ចំណែកសម្ដេច ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏ដូចជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ ដែលសុំសម្រាកពីកិច្ចការងារ។ នេះបើតាមការប្រកាសរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ កន្លងមក។
 



ក្នុងបញ្ជីបេក្ខជនជាប់ឆ្នោតទាំង១២៥រូប រួមមាន១២០រូបពីគណបក្សប្រជាជនកម្ពុជា និង៥រូបពីគណបក្សហ៊្វុនស៊ិនប៉ិច។ សម្តេច ហេង សំរិន អាយុ៨៩ឆ្នាំ ជាសមាជិកដែលមានអាយុចាស់ជាងគេ បន្ទាប់ពីគឺ សម្តេច គង់ សំអុល (៨៦ឆ្នាំ), លោក ម៉ុម ស៊ីបុន (៧៩ឆ្នាំ), លោក ពេជ្រ ប៊ុនធិន (៧៨ឆ្នាំ), សម្តេច ទៀ បាញ់ (៧៧ឆ្នាំ)។ រីឯសមាជិកដែលមានអាយុតិចជាងគេ មាន លោក ញឿន រ៉ាដែន (៣៧ឆ្នាំ), លោក នាង ចាន់ណាក់ (៣៩ឆ្នាំ), លោក ហ៊ុន ម៉ានី (៤០ឆ្នាំ), លោក នង វាសនា (៤១ឆ្នាំ), លោក ស សុខា, លោក ឃុត ចាន់ដារ៉ា, លោក ម៉ាត់ សេត, លោក ទៀ សីហា (៤២ឆ្នាំ)។
 

 

 


 



Tag:
 នយោបាយ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com