អន្តរជាតិ
បក្សភឿថៃ បញ្ចូលបក្សPalang Pracharath របស់លោក ប្រាវីត ក្នុងសម្ព័ន្ធភាពរបស់ខ្លួន
21, Aug 2023 , 3:29 pm        
រូបភាព
សម្ព័ន្ធបក្សនយោបាយ ដឹកនាំដោយបក្សភឿថៃ។ រូបភាព Thai PBS World
សម្ព័ន្ធបក្សនយោបាយ ដឹកនាំដោយបក្សភឿថៃ។ រូបភាព Thai PBS World
បក្សភឿថៃ នៅរសៀលថ្ងៃទី២១ ខែសីហា បានប្រកាសរួមបញ្ចូលបក្ស Palang Pracharath របស់លោក Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តីថៃ ដែលនេះ ជាការវិវដ្តដ៏សំខាន់នៅក្នុងនយោបាយថៃ ក្រោយជាប់គាំងគ្មានច្រកចេញ។



មុនការបោះឆ្នោតសភាមួយថ្ងៃ បក្សភឿថៃ បានប្រកាសរួមបញ្ចូលបក្ស Palang Pracharath ក្នុងសម្ព័ន្ធបក្សនយោបាយខ្លួនដែលមានបក្សចូលរួមចំនួន ១០រួចមកហើយ។ 
 
ការចូលរួមរបស់បក្ស Palang Pracharath របស់លោកឧបនាយករដ្ឋមន្រ្តី Prawit Wongsuwan កាន់តែធ្វើឱ្យលោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ មានឱកាសកាន់តែខ្ពស់ក្នុងការកាន់តំណែងជាប្រមុខរដ្ឋាភិបាលថៃថ្មី។ 
 
មុនការចូលរួមរបស់បក្ស Palang Pracharath បក្សជាតិថៃរួបរួម ក៏បានចូលរួមនៅក្នុងសម្ព័ន្ធបក្សនយោបាយមួយនេះដែរ។ 
 
ពេលនេះ សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ មានបក្សនយោបាយចូលរួមចំនួន ១១ និងមានកៅអីនៅក្នុងរដ្ឋសភាចំនួន ៣១៤អាសនៈ។ នេះចំនួនចំនួនដ៏ច្រើនមួយ ដែលរដ្ឋាភិបាលថៃថ្មី នឹងមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer សម្ព័ន្ធបក្សនយោបាយមួយនេះ បានឯកភាព ក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តីមកពីបក្សភឿថៃ សម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី២២ ខែសីហា។ 
 
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីដោយព្រឹទ្ធសភា និងរដ្ឋសភាថ្ងៃទី២២ ខែសីហា បេក្ខជននាយករដ្ឋមន្រ្តី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រលើសពី៣៧៥អាសនៈ ពោលគឺលើសពីពាក់កណ្តាលនៃអាសនៈ ៧៥០៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com