ជាតិ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យបង្កើតទារកដ្ឋាន និងមេត្តយ្យសហគមន៍ នៅតំបន់រោងចក្រ
29, Aug 2023 , 8:59 pm        
រូបភាព
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ មន្ត្រីមូលដ្ឋាន សហការ​ជាមួយនិយោជក និងកម្មករ សិក្សា​ពីលទ្ធភាពនៃការបង្កើតទារកដ្ឋាន​និងមេត្តយ្យ​សហគមន៍ នៅតំបន់រោងចក្រ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងយកចិត្តទុក​ដាក់ លើសុខភាពមាតា និងទារក។

 
នាជំនួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨ ០០០នាក់ មកពីរោងចក្រ សហគ្រាស​ចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩សីហា លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពរៀបចំ ទារកដ្ឋាន កន្លែងបរិភោគអាហារ និងមធ្យោបាយដឹកជញ្ជូនកម្មករ ឱ្យមានភាពល្អប្រសើរជាងមុន។ លោកអះអាងថា កិច្ចការនេះ គឺត្រូវធ្វើឡើងឱ្យបាន ក្នុងរយៈពេល២ឆ្នាំ។ 
 
«ឥឡូវត្រូវបង្កើត មេត្តយ្យ និងទារកដ្ឋាន នៅកន្លែងការងារ! មកធ្វើការដាក់កូនទីនោះ តែ កុំធ្វើក្នុងបរិវេណរោងចក្រ ព្រោះវាពាក់ព័ន្ធសុខភាព កុំយកកន្លែងទារកដ្ឋាន ទៅដាក់ជាប់ រោងចក្រ វាផ្សែង!»។ លោក ហ៊ុន ម៉ាណែត ពន្យល់បន្ថែមបែបនេះ ហើយប្រាប់ឱ្យក្រសួង ពាក់ព័ន្ធសហការជាមួយមន្ត្រីមូលដ្ឋាន និយោជក ដើម្បីរកទីតាំងសមរម្យ សម្រាប់ការពារ សុខភាពទារក។ ចំណែក មេត្តយ្យសហគមន៍ នាយករដ្ឋមន្ត្រីឱ្យយកចិត្តទុកដាក់លើ អាហារូបត្ថម្ភ។ 
 
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត ដាក់គោលការណ៍ឱ្យជំរុញកែលម្អកន្លែងហូបបាយ ឬ អាហារដ្ឋាន ដែលកំពុងដំណើរការតាមរោងចក្រ ឱ្យមានសភាពសមរម្យ ហើយរោងចក្រ ដែលបង្កើតថ្មី ត្រូវតម្រូវឱ្យមានអាហារដ្ឋានសម្រាប់កម្មករ។ 
 
ដោយឡែក ការដឹកជញ្ជូនកម្មករ នាយករដ្ឋមន្ត្រី ក៏ឱ្យមន្ត្រីពាក់ព័ន្ធបន្តគាំទ្រ និងជំរុញឱ្យ មានការផ្លាស់ប្ដូរជាបណ្ដើរៗ ទៅរកមធ្យោបាយដឹកជញ្ជូនដែលសុវត្ថិភាព។ ការកែទម្រង់ នេះ លោកបានដាក់គោលដៅ ឱ្យមន្ត្រីថ្នាក់ក្រោមធ្វើឱ្យបានត្រឹមឆ្នាំ២០២៧៕ 
 
 

Tag:
 កម្មករ
  ទារកដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com