ជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា លើកយកគោលនយោបាយបញ្ចកោណ ទាក់ទាញការវិនិយោគ នៅកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន
05, Sep 2023 , 10:30 am        
រូបភាព
គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៤ កញ្ញា។



សម្ដេច ហ៊ុន​ ម៉ាណែត ដែលបានថ្លែងសុន្ទរកថាជាភាសាអង់គ្លេសដោយផ្ទាល់នោះ បានលើកឡើងអំពីបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើបណ្តាប្រទេសទាំងអស់ ទាំងផ្ទាល់ និងប្រយោល។ ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច ដែលធ្វើឱ្យមានការប្រែប្រួលចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងតំបន់ និងសាកលលោក។ 
 
ចំណែកបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ជាផ្នែកមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចសកល។ នាយករដ្ឋមន្ត្រីកម្ពុជា យល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ដូច្នេះមានតែការសម្របសម្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនាក្រោមស្មារតីនៃនយោបាយឈ្នះ ឈ្នះ ប៉ុណ្ណោះ ទើបអាចរកបានសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដ។
 
លើកឡើងពីបញ្ហានេះហើយ ប្រមុខរដ្ឋាភិបាលកម្ពុជា បានឆ្លៀតលើកពីគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងអាណត្តិទី៧ ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន ប្រាប់ទៅថ្នាក់ដឹកនាំ និងប្រតិភូពីបណ្ដាប្រទេសសមាជិកអាស៊ាន ។ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងខ្លឹមសារត្រួសៗពីការអភិវឌ្ឍន៍ធនធានមនុស្ស, ការកែលម្អនូវការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ , លើកកម្ពស់ភាពធន់ ការទ្រទ្រង់ និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចឌីជីថលជាដើម។
 
«ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំចង់បញ្ជាក់ពីសារៈសំខាន់របស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតសំខាន់លើសារៈប្រយោជន៍ចាំបាច់របស់វិស័យឯកជន ដែលបានរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា គួរឱ្យកត់សម្គាល់នៅពេលនេះ។ ការធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសសេដ្ឋកិច្ច និងការវិនិយោគគឺជាចំណុចអាទិភាពមួយ របស់រដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងរដ្ឋាភិបាល បានជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគ និងធុរកិច្ច​ តាមរយៈការការពារ និងផ្ដល់ឱកាស ជាមួយនឹងទស្សនៈវិស័យវែងឆ្ងាយ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា កម្ពុជា បានអនុម័តច្បាប់វិនិយោគ និងច្បាប់ដៃគូសហការរវាងរដ្ឋ និងឯកជន ក៏ដូចជាកិច្ចព្រមព្រៀងទីផ្សារសេរី និងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគីជាដើម។
 
ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសជំហរបន្តគាំទ្រនិន្នាការពហុភាគីនិយម និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងគោលការណ៍មិនជ្រៀតជ្រែក ដើម្បីការពារ និងរក្សាសន្តិភាពពិភពលោក ក៏ដូចជាបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន។
 
តាមរយៈខ្លឹមសារសន្ទរកថា ៤ទំព័រ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមថា៖«យើងធ្វើការជិតស្និទជាមួយរដ្ឋសមាជិកអាស៊ាន ព្រមទាំងវិស័យឯកជន ដើម្បីភាពប្រសើរឡើងទាំងអស់គ្នា ក៏ដូចជាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយោគិនទាំងអស់ មកកម្ពុជា ដែលផ្ដល់ឱកាសវិនិយោគយ៉ាងសម្បូរបែប»។

កម្ពុជាមានគោលដៅអភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com