ជាតិ
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ និន្នាការច្បាប់សាកល និងកម្រិតយល់ដឹងពីយុត្តិធម៌សង្គម ជាបញ្ហាប្រឈម
06, Oct 2023 , 2:08 pm        
រូបភាព
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងនៅក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី៦ តុលា ២០២៣។
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងនៅក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី៦ តុលា ២០២៣។
៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ បានធ្វើវិសោធនកម្ម១០លើកមកហើយ ដើម្បីបង្កើតច្បាប់ធម្មនុញ្ញមួយចំនួន ឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងសង្គម។ បើតាមលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និន្នាការច្បាប់សាកល និងកម្រិតយល់ដឹងពីយុត្តិធម៌សង្គម ជាបញ្ហាប្រឈមរបស់កម្ពុជា។



ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកិច្ចការងារសំខាន់ៗ ក្នុងការធានាការពារ និងគោរពរដ្ឋធម្មនុញ្ញ រួមមាន ការថ្វាយមតិព្រះមហាក្សត្រ, ការបកស្រាយរដ្ឋធម្មនុញ្ញ, ការពិនិត្យធម្មនុញ្ញ នៃច្បាប់ និងការសម្រេចលើករណីវិវាទកម្ម ទាក់ទងនឹងការបោះឆ្នោត។ នេះជាការលើកឡើងរបស់លោក អ៊ឹម ឈុនលឹម នៅក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី៦ តុលានេះ។
 
ដ្បិតសម្រេចលទ្ធផលទាំងនេះក្តី តែលោក អ៊ឹម ឈុនលឹម នៅតែមើលឃើញពីបញ្ហាប្រឈមខ្លះៗរបស់កម្ពុជាដែរ។ មូលហេតុនៃបញ្ហា ដែលប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មើលឃើញគួរឱ្យកត់សម្គាល់នោះ មាន២ចំណុចសំខាន់ៗរួមមាន លក្ខណៈជឿនលឿននៃរដ្ឋធម្មនុញ្ញ និងនិន្នាការសាកលនៃច្បាប់ថ្មីៗរបស់កម្ពុជា ដែលរងឥទ្ធិពលនៃវប្បធម៌ចម្រុះ មានកម្រិតសកល និងលក្ខណៈបច្ចេកទេសខ្ពស់ ដែលទាមទារនូវពេលវេលាសម្រាប់បកស្រាយ ពន្យល់ជាបន្តបន្ទាប់ និងខ្ជាប់ខ្ជួន តាមរយៈការពង្រឹង និងពង្រីកយន្តការអប់រំបណ្ដុះបណ្ដាល (រួមទាំងការបញ្ចូលកម្មវិធីសិក្សា អំពីគោលការណ៍គ្រឹះទាំងឡាយនៃរដ្ឋធម្មនុញ្ញ) និងផ្សព្វផ្សាយដល់គ្រប់ស្ថាប័នពាក់ព័ន្ធ រហូតដល់មហាជន។


ពិធីប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី៦ តុលា ២០២៣។

បញ្ហាមួយទៀត ដែលលោក អ៊ឹម ឈុនលឹម មើលឃើញដែរនោះ គឺកម្រិតយល់ដឹងទូទៅអំពីយុត្តិធម៌ក្នុងក្របខណ្ឌច្បាប់ អាចនៅមានបញ្ហាប្រឈមក្នុងការអនុវត្ត ដោយសារតែបរិវត្តកម្មនយោបាយ សេដ្ឋកិច្ច និងច្បាប់ឈានឡើងលឿន ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អំពីសិទ្ធតាមផ្លូវច្បាប់ទាក់ទងនឹងការប្រើប្រាស់អំណាចរបស់ខ្លួន តាមរយៈសាលាជម្រះក្តី ដែលអាចមានគម្លាតយុត្តិធម៌សង្គម។
 
តាមរយៈសន្ទរកថា ជាង២ទំព័រ របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ បានវាយតម្លៃយ៉ាងដូច្នេះ៖«ជាសេចក្តីសន្និដ្ឋាន ការអនវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលសរសេរចារឹតក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញពេញបរិបូរ នៃក្រោមម្លប់ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។
 
កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ នៅឆ្នាំ១៩៩៣ និងជាលើកទី២ ក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន ។ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញ មកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាពក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ។ អង្គព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ ទទួលបានការគោរពលើកតម្កើងពីស្ថាប័នជាតិ និងប្រជាពលរដ្ឋ។
 
លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់នយោបាយទំនើបនៅកម្ពុជា។ រយៈពេល៣០ឆ្នាំមកនេះ របបប្រជាធិបតេយ្យសេរីពហុបក្ស សម្រេចបានជំហានវឌ្ឍនភាពថ្មីៗ  តាមរយៈនិយាមគោលការណ៍ធម្មនុញ្ញមួយចំនួន ដូចជា និយាមគោលការណ៍ទី១ ៖ ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិ ហើយអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ប្រើតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចទាំង៣ មានសមត្ថកិច្ចដាច់ពីគ្នា ដោយអំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានគោលការណ៍រក្សាតុល្យភាពគ្នាទៅវិញទៅមក គឺរដ្ឋសភាផ្ដល់សេចក្តីទុកចិត្តបង្កើតរដ្ឋាភិបាល ។ រដ្ឋសភា មិនអាចត្រូវបានរំលាយផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាល ត្រូវបានទម្លាក់២ដង ក្នុង១២ខែ។
 
ចំណែកនិយាមគោលការណ៍ទី២ កម្ពុជា ប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាពនយោបាយ និងធានារក្សាបាននូវការចូលរួមបោះឆ្នោត។
 
ដោយឡែកនិយាមគោលការណ៍ទី៣ វិញ នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស កំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងវិវត្តឈានឡើងជាជំហានៗ។ ក្នុងនោះ ជំហានវឌ្ឍនភាពទី១ គឺការផ្ទេរអំណាចពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៍ជាមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
 
ជំហានវឌ្ឍនភាពទី២ របបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភាពនយោបាយទូលាយ ជានីតិវិធីកំណត់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្ដល់សេចក្តីទុកចិត្តក្នុងការបង្កើតរដ្ឋាភិបាលនីតិកាលថ្មី ក្នុងគោលបំណងបង្កើតវប្បធម៌សន្ទនារវាងដៃគូនយោបាយ។ សម្ព័ន្ធភាពជាដៃគូល្អ និងវប្បធម៌សន្ទនាមិនជាប់លាប់ អាស្រ័យចរិតនយោបាយជ្រុលនិយម នាំឱ្យមានការជាប់គាំងដំណើរការរៀបចំរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយការបោះឆ្នោតនៃនីតិកាលនីមួយៗ។
 
ជំហានវឌ្ឍនភាពទី៣ គណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវបានកែទម្រង់ឱ្យទៅជាកម្រិតជាស្ថាប័នរដ្ឋធម្មនុញ្ញ។ ដើម្បីធានាជំនឿចិត្តនៃសមាសភាពចម្រុះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ឱ្យគណបក្សមានអាសនៈក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នៃសមាសភាព និងបោះឆ្នោតផ្ដល់សេចក្តីទុកចិត្ត។
 
ជំហានវឌ្ឍនភាពទី៤ ពង្រឹងសណ្ដាប់ធ្នាប់នយោបាយ តាមរយៈការកំណត់ដែនបន្ទាត់ក្រហម ទាក់ទងនឹងកាតព្វតម្រូវការចំពោះគណបក្សនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញ​និងច្បាប់។ ជំហានវឌ្ឍនភាពទី៥ ពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ តាមរយៈការកំណត់លក្ខណៈសម្បត្តិ ត្រូវមានសញ្ជាតិខ្មែរតែមួយពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹកនាំកំពូល នៃស្ថាប័នធម្មនុញ្ញជាតិ។ សម្រាប់ជំហានវឌ្ឍនភាពទី៦ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ មានដំណើរការដោយរលូន និងប្រកបដោយនិរន្តរភាព។
រដ្ឋធម្មនុញ្ញកម្ពុជាចុងក្រោយ ដែលកំពុងអនុវត្តសព្វថ្ងៃ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញចុងក្រោយនេះ ត្រូវបានបង្កើតឡើងបន្ទាប់កម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ បានធ្វើវិសោធនកម្ម១០លើកមកហើយ ដើម្បីបង្កើតច្បាប់ធម្មនុញ្ញមួយចំនួន ឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងសង្គម៕
 

Tag:
 អ៊ឹម ឈុនលឹម
  ច្បាប់
  រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com